• 2020-04-07 04:19:28
  • ព័ត៌មាន

អ្នកវិទ្យាសាស្ត្រចិនបង្កើតម៉ាស់ថ្មីមានប្រសិទ្ធភាពខ្ពស់ជាងម៉ាស់ N95

  • 2020-04-07 04:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលាវិស្វកម្មមេកានិកនិងអគ្គិសនីនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រអេឡិចត្រូនិកស៊ីអាន ប្រទេស​ចិន បានបង្កើត “ម៉ាស់ប្រឆាំងវីរុសអេឡិចត្រូស្តាទិក” ដែលមាន “ឧបករណ៍បន្សុទ្ធខ្យល់”។ ជំនួយការសាស្រ្តាចារ្យ លោក តុង ស៊ូហ្វេង បានចែករំលែកព័ត៌មានអំពីគុណសម្បត្តិនៃម៉ាស់ថ្មីនេះធៀបនឹងម៉ាស់ស្តង់ដារ N95។

ម៉ាស់ថ្មីរបស់ក្រុមលោកស៊ូហ្វេងមានឧបករណ៍បន្សុទ្ធខ្យល់

លោកបាននិយាយថា មេរោគកូវីដ១៩មិនអាចរស់រាននៅក្នុងខ្យល់តែមួយមុខបានទេ : វារីករាលដាលជាចម្បងដោយភ្ជាប់ខ្លួនវាទៅនឹងភាគល្អិតតូចៗ។ ហេតុដូច្នេះ មេរោគដំបូងបំផុតត្រូវតែតោងអ្វីមួយសិន។ អង្កត់ផ្ចិតនៃភាគល្អិតបែបនោះជាធម្មតាមានទំហំតិចជាង PM 2.5 ឬប្រហែល ១ មីក្រុង។

លោកនិយាយថា “គុណប្រយោជន៍នៃម៉ាស់ថ្មីគឺភាគច្រើនវាអាចច្រោះយកភាគល្អិតដែលមានអង្កត់ផ្ចិតតិចជាង ១ មីក្រុង។ ក្រោយស្រូបយកភាគល្អិតទាំងនោះ ម៉ាស់នេះនឹងប្រើកាំរស្មីនិងតុងស្យុងខ្ពស់ដើម្បីសម្លាប់មេរោគ។ ប្រសិនបើអ្នកប្រើម៉ាស់ធម្មតាដែលត្រងភាគល្អិតទំហំ PM 2.5 ពួកវានឹងមិនច្រោះភាគល្អិតតូចជាង ២,៥ មីក្រុងទេ”។

មុនពេលផ្ទុះកូវីដ១៩ នៅពេលសាលារៀនបិទទ្វារនៅស៊ីអានដោយសារមានផ្សែងអ័ព្ទខ្លាំង ក្រុមស្រាវជ្រាវរបស់លោកតុង ស៊ូហ្វេង បានផលិតម៉ាស់នេះឡើងដើម្បីការពារប្រឆាំងនឹងភាគល្អិតតូចៗនិងធូលី។ ហើយតាំងពីពេលនោះមកម៉ាស់នេះត្រូវបានទទួលស្គាល់នៅក្នុងទីផ្សារ។

ម៉ាស់ថ្មីនេះរំពឹងដាក់លក់លើទីផ្សារក្នុងរយៈពេលប្រហែលពីរខែទៀត។ លោកតុង ស៊ូហ្វេងនិយាយថា ក្រុមគាត់បានដាក់ពាក្យទៅមន្ទីរពាក់ព័ន្ធរួចហើយដើម្បីបញ្ជាក់អំពីការអនុញ្ញាតលើម៉ាស់ថ្មីប្រឆាំងនឹងមេរោគនេះ ហើយបច្ចុប្បន្នកំពុងរង់ចាំការផ្ទៀងផ្ទាត់និងការយល់ព្រម។ ទន្ទឹមនឹងនេះការផលិតម៉ាស់ទ្រង់ទ្រាយធំកំពុងត្រៀមរួចរាល់ហើយដែរ៕

ប្រភព ៖ rasmeinews.com

មតិយោបល់