• 2020-03-27 06:13:52
  • ព័ត៌មាន

អ្នក​ជក់​បារី​អេឡិចត្រូនិក​ប្រឈម​ហានិភ័យ​ពី COVID-19 ខ្ពស់​ជាង​មនុស្ស​ធម្មតា

  • 2020-03-27 06:13:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​សារធាតុ​ញៀន​ អ្នក​ស្រី​ Nora Volkow បាន​ព្រមាន​ថា​អ្នក​ទម្លាប់​ជក់​បារី​អេឡិចត្រូនិក​ជា​ប្រចាំ​អាច​រង​ហានិភ័យ​ពី​ជំងឺ COVID-19 ខ្ពស់​ជាង​ប្រភេទ​មនុស្ស​ធម្មតា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ SlashGear។

តាម​ការ​ពន្យល់អ្នក​ស្រី​បាន​សង្កត់​ធ្ងន់​ថា​ ដោយ​ការ​ជក់​បារី​អេឡិចត្រូនិក (e-cigarette) ឬ​ការ​ប្រើប្រាស់ Vape ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ផ្នែក​សួត​របស់​អ្នក​ដោយ​ផ្ទាល់​រួច​ទៅ​ហើយ បែប​នេះ​ការ​ជ្រៀត​ចូល​នៃ​វីរុស​ក៏​ងាយ​នឹង​កើត​មាន ហើយ​ងាយ​នឹង​វិវត្ត​ខ្លួន​ឆាប់​រហ័ស​ បង្កឲ្យអ្នកជំងឺមានអត្រាស្លាប់ខ្ពស់បំផុត។

នេះ​ក៏​ស្រដៀង​នឹង​ករណី​នៃ​អត្រា​អ្នក​បាត់បង់​ជីវិត​ភាគ​ច្រើន​ដោយ​សារ COVID-19 ​នា​ពេល​កន្លង​មក ភាគ​ច្រើន​សុទ្ធ​សឹង​ជា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ ក៏​ដូច​ជា​ភាព​ខ្សោយ​នៃ​សួត​របស់​ពួក​គេ។​​

ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការ​ប្រើប្រាស់​បារី​អេឡិចត្រូនិក ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៩ ម្តងរួចមកហើយ ​ក្រោយ​មាន​ការ​សិក្សា​ទ្រង់ទ្រាយ​ធំ​មួយ​បញ្ជាក់​ថា​ការ​ប្រើប្រាស់​បារី​អេឡិចត្រូនិក អាច​ធ្វើ​ឲ្យ​សួត​របស់​អ្នក​ចុះ​ខ្សោយ និង​ភាព​សុាំ​ក្នុង​ខ្លួន​ផ្តើម​ចុះ​ថមថយ ដែល​វា​បណ្តាល​មក​ពី​សារធាតុ​នីកូទីន​ដែល​មាន​ផ្ទុក​ក្នុង​ឧបករណ៍​នោះ។

រំឭក​ថា​ការ​រាតត្បាត​វីរុស COVID-19 បើ​គិត​ទល់​រសៀល​ថ្ងៃ​ទី ២៧ មិនា ឆ្នាំ ២០២០ នេះ គឺ​មាន​ករណី​ឆ្លង​ច្រើន​ជាង​កន្លះ​លាន​នាក់​ហើយ និង​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ច្រើន​ជាង ២៤ ០០០ នាក់​ទូទាំង​សកលលោក៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់