• 2020-03-25 01:21:27
  • ព័ត៌មាន

មកស្គាល់បច្ចេកវិទ្យាដែលក្រុមគ្រូពេទ្យចិននៅកម្ពុជា ប្រើទាក់ទងអ្នកជំនាញនៅចិន

  • 2020-03-25 01:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ព្រឹកថ្ងៃទី២៣ ​ខែ​មីនា​ ក្រុម​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ជនជាតិចិន​ប្រឆាំង​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​​ជំងឺ​កូវីដ១៩ ចំនួន ៧នាក់ បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ហើយ ដោយ​នាំ​មក​ជា​មួយ​នូវ​ជំនួយ​ចំនួន ៨,១តោន រួម​មាន​ជា ម៉ាស​វេជ្ជសាស្រ្ត, ម៉ាស N95, សម្លៀក​បំពាក់​ការពារ​វីរុស, ទែម៉ូម៉ែត្រ និងសម្ភារៈផ្សេងៗទៀតយ៉ាងច្រើនជូនដល់ភាគីកម្ពុជា។

នា​ព្រឹក​នោះ​ផង​ដែរ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា និង​ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំកម្ពុជា បាន​អញ្ជើញ​មក​ទទួល​ដំណើរ​អ្នក​ជំនាញ​វេជ្ជសាស្រ្ត ដែល​អញ្ជើញ​មក​ពី​ប្រទេសចិន ។ លោក​រដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍ថា ៖ “នេះ​គឺ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ចំណង​មិត្តភាព​រវាងកម្ពុជា និងចិន ដោយសាមគ្គីភាព និង​ភាតរភាព​។ ប្រទេស​ចិន​មាន​បទ​ពិសោធន៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ​រលាក​សួត​ថ្មី​នេះ ដូចនេះ​បុគ្គលិក​ពេទ្យ​របស់​យើង​នឹង​រៀនសូត្រ​ពី​អ្នក​ជំនាញ​ចិន។ ក្នុង​នាម​ជា​រាជរដ្ឋាភិបាលកម្ពុជា ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ចិន ដែល​បាន​អញ្ជើញមកកម្ពុជា។”

តាមឱ្យដឹងថា នេះគឺជាក្រុមគ្រូពេទ្យប្រឆាំងនឹងការឆ្លងរាលដាលដំបូងគេដែលចិនបានបញ្ជូនមកកាន់ប្រទេសអាស៊ាន។ ក្រុមអ្នកជំនាញទាំងអស់នេះ ត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការជាតិ និងសុខភាពចិន នឹងត្រូវបានជ្រើសរើសដោយគណៈកម្មាធិការសុខាភិបាល និងសុខភាព នៃតំបន់ស្វយ័តក្វាងស៊ី ដែលគ្របដណ្តប់លើជំនាញរួមមាន ៖ ការការពារនឹងការរាតត្បាត ការធ្វើរោគវិនិច្ឆ័យ និងការធ្វើតេស្ត ក្នុងមន្ទីរពិសោធន៍ជាដើម។ លោក Ai Xiang ប្រធានក្រុមជំនាញបានប្រាប់អ្នកសារព័ត៌មានថាភារកិច្ចចម្បងរបស់ក្រុមគ្រូពេទ្យយើង គឺដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការណែនាំដល់ការការពារ និងការត្រួតពិនិត្យការរាតត្បាត ការព្យាបាលអ្នកជម្ងឺកម្រិតស្រាល និងមធ្យម និងការងារមន្ទីរពិសោធន៍ផងដែរ ព្រមទាំងផ្តល់ជាការណែនាំ និងជំនួយផ្នែកវេជ្ជសាស្រ្តផ្សេងៗទៀត ដល់ស្ថានទូតចិន សហគ្រាស និស្សិត និងជនជាតិចិនទាំងអស់ប្រចាំនៅកម្ពុជា។

លើសពីនេះទៅទៀត លោក Ai Xiang ប្រធានក្រុមជំនួយវេជ្ជសាស្រ្តចិននៅកម្ពុជាបានមានប្រសាសន៍ថា ៖ “តាមរយៈការប្រើ​ប្រាស់​ប្រព័ន្ធ Huawei Cloud Welink ពិត​ជា​បាន​ជួយ​ដល់​ក្រុម​គ្រូពេទ្យ​ចិន​នៅ​កម្ពុជា ដោយ​ការ​ភ្ជាប់​ទំនាក់ទំនង​គ្នា​តាម​រយៈ​សន្និសីទ​វីដេអូ​ជាមួយ​នឹង​គណៈកម្មាការ​សុខាភិបាល និង​អ្នក​ជំនាញ​នៃ​មន្ទីរពេទ្យ​ក្នុង​ប្រទេសចិន ក្នុង​ការ​ចែករំលែក​ព័ត៌មាន ការ​បែងចែក​ការងារ​ ជាពិសេសចំណេញពេលវេលា ក្នុងការងារបង្ការការរីករាលដាលនេះ ដើម្បីជួយសម្រួលដល់ដំណើរការ ការងារប្រយុទ្ធប្រឆាំងឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។”

លោក Wang Wentian បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីងហួថា ៖ “ប្រទេសចិន និងកម្ពុជា គឺជាសហគមន៍ដែលរួមជោគវាសនាតែមួយនៅក្នុងគ្រាលំបាកបំផុត នៃការតស៊ូប្រយុទ្ធប្រឆាំង នឹងការរីករាលដាលរបស់ប្រទេសចិន ប្រទេសកម្ពុជាក៏បានប្រកាន់ជំហរដ៏រឹងមាំជាមួយយើង និងជំនះរាល់ការលំបាកជាមួយគ្នា ដូចនេះស្ថានទូតចិនប្រចាំកម្ពុជា នឹងតាមដានយ៉ាងដិតដល់ និងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលកម្ពុជាដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតនៅកម្ពុជា។ យោងតាមតំរូវការនៃការការពារ ការរាតត្បាតនៅកម្ពុជា ប្រទេសចិននឹងបន្តផ្តល់ជំនួយជាសម្ភារៈចាំបាច់និងការគាំទ្រខាងវេជ្ជសាស្ត្រនាពេលអនាគត ហើយវិធានការទាំងអស់នេះនឹងជួយលើកកម្ពស់សមត្ថភាពរបស់ប្រទេសកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងការរាតត្បាតនៃជម្ងឺនេះ៕"

មតិយោបល់