- 2020-03-24 02:21:42
- ព័ត៌មាន
សេដ្ឋីបច្ចេកវិទ្យាស្រុះដៃគ្នាបរិច្ចាគម៉ាស់រាប់លាន ជួយប្រយុទ្ធនឹងកូវីដ១៩
- 2020-03-24 02:21:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេដ្ឋីបច្ចេកវិទ្យាស្រុះដៃគ្នាបរិច្ចាគម៉ាស់រាប់លាន ជួយប្រយុទ្ធនឹងកូវីដ១៩
ចន្លោះមិនឃើញ
សេដ្ឋីបច្ចេកវិទ្យាជាច្រើននាក់ បានចូលរួមបរិច្ចាគម៉ាស់ការពារសម្រាប់ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដែលក្នុងនោះរួមមានលោក Tim Cook នាយកប្រតិបត្តិ Apple, លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook និងលោក Jack Ma ស្ថាបនិក Alibaba ជាដើម។
Jack Ma ៖ ១០,២ លានម៉ាស់
លោក Jack Ma បានចាប់ផ្ដើមប្រើប្រាស់ Twitter ជាលើកដំបូងកាលពីដើមខែមីនា ហើយលោកបានប្រកាសថានឹងបរិច្ចាគម៉ាស់ការពារចំនួន ១ លាន (រួមជាមួយឧបករណ៍តេស្តរកកូវីដ១៩ ចំនួន ៥០ ម៉ឺន) ដល់សហរដ្ឋអាមេរិក។
ក្រោយមកលោកបានប្រកាសថានឹងដឹកជញ្ជូនម៉ាស់ ១០ ម៉ឺន សម្រាប់ប្រទេសនីមួយៗនៅទ្វីបអាហ្វ្រិក ដែលសរុបទៅគឺមាន ៥,៤ លានម៉ាស់។ កាលពីថ្ងៃសៅរ៍កន្លងទៅអ្នកបង្កើត Alibaba រូបនេះ ក៏បានប្រកាសថានឹងបរិច្ចាគម៉ាស់ ១,៨ លាន សម្រាប់ចែកទៅដល់ប្រទេសអាហ្វហ្គានីស្ថាន, បង់ក្លាដេស, កម្ពុជា, ឡាវ, ម៉ាល់ឌីវ, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, នេប៉ាល់, ប៉ាគីស្ថាន និងស្រីលង្កា។ មិនចប់ត្រឹមនេះ គឺលោក Jack Ma បន្តផ្ដល់ម៉ាស់ ២ លានបន្ថែម សម្រាប់ប្រទេសនៅអាមេរិកឡាទីនចំនួន ២៤ ប្រទេសផងដែរ។
Apple ៖ តិចបំផុត ២ លានម៉ាស់
លោក Tim Cook បានប្រកាសនាថ្ងៃសៅរ៍ថា Apple នឹងបរិច្ចាគម៉ាស់រាប់លានដល់បុគ្គលិកសុខាភិបាលនៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប។ បើតាមការបញ្ជាក់បន្ថែមពីសំណាក់អនុប្រធានាធិបតីអាមេរិកលោក Mike Pence ចំនួនម៉ាស់ដែល Apple បរិច្ចាគដល់សហរដ្ឋអាមេរិកគឺមាន ២ លានម៉ាស់។
Facebook ៖ ៧២ ម៉ឺនម៉ាស់ និងមានជាបន្តបន្ទាប់ទៀត
ក្នុងការបង្ហោះលើ Facebook កាលពីថ្ងៃអាទិត្យ លោក Mark Zuckerberg និយាយថា Facebook នឹងបរិច្ចាគម៉ាស់ដែលបានរក្សាទុកប្រើសម្រាប់ពេលអាសន្នចំនួន ៧២ ម៉ឺនម៉ាស់ និងស្វែងរកម៉ាស់រាប់លានទៀតដើម្បីបរិច្ចាគបន្ថែម។
Tesla និង SpaceX ៖ ២៥ ម៉ឺនម៉ាស់ និងឧបករណ៍ជំនួយផ្លូវដង្ហើម ១ ពាន់
ក្នុងអ៊ីមែលដែលផ្ញើទៅ CleanTechnica កាលពីថ្ងៃសៅរ៍ លោក Elon Musk និយាយថា Tesla និង SpaceX មានម៉ាស់ N95 ចំនួន ២៥ ម៉ឺន ត្រៀមសម្រាប់ដឹកចេញទៅ ដោយនឹងចែកចាយដល់មន្ទីរពេទ្យ។ នៅសប្ដាហ៍បន្ទាប់ក្រុមហ៊ុនក៏នឹងផ្ដល់ជូនឧបករណ៍ជំនួយផ្លូវដង្ហើមជាង ១ ពាន់ផងដែរ។