• 2020-03-23 07:00:13
  • ព័ត៌មាន

៥ ឆ្នាំមុន មហាសេដ្ឋី ២ រូបនេះ សុទ្ធតែបានព្រមានអំពីជំងឺរាតត្បាត

  • 2020-03-23 07:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រាតត្បាត​នៃ​កូវីដ​១៩​​ពាស​ពេញ​ពិភពលោក ធ្វើ​ឲ្យ​គេ​នឹក​ដល់​កាល​ពី​ពេល ៥ ឆ្នាំ​មុន ពេល​ដែល​មហាសេដ្ឋី​បច្ចេកវិទ្យា​ ២ រូប​ បាន​ព្រមាន​អំពី​ជំងឺ​រាតត្បាត។

លោក Bill Gates

មហាសេដ្ឋីបច្ចេវិទ្យា ជាសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ​ធ្លាប់​បាន​ព្រមាន​អំពី​ឥទ្ធិពល​នៃ​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​ជា​យូរ​មក​ហើយ។ អំឡុង​សន្និសីទ TEDxVancouver កាល​ពី​ខែ​មីនា​ឆ្នាំ ២០១៥ ដែល​ប្រព្រឹត្ត​ឡើង​អំឡុង​ពេល​ដែល​ជំងឺ​អេបូឡា​​នៅ​អាហ្រ្វិក​ខាង​លិច​ លោក​បាន​លើក​ឡើង​ថា ៖

“ប្រសិន​បើ​មាន​អ្វី​អាច​សម្លាប់​មនុស្ស​ជាង ១០ លាន​នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ខាង​មុខ​ទៀត វា​ទំនង​ជា​​បណ្ដាល​មក​​ពី​វីរុស​ឆ្លង​ ជា​ជាង​​​សង្គ្រាម...មិន​មែន​គ្រាប់​មីស៊ីល​នោះ​ទេ ប៉ុន្តែ​ជា​ពួក​មីក្រុប។ ហេតុផល​នោះ​គឺ​ យើង​បាន​​ចំណាយ​លុយ​ច្រើន​លើ​ការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ​ ប៉ុន្តែ​ពួក​យើង​ចំណាយ​តិច​តួច​មែន​ទែន​លើ​ប្រព័ន្ធ​ដើម្បី​បញ្ឈប់​ជំងឺ​រាតត្បាត។ យើង​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ជំងឺ​រាតត្បាត​បន្ទាប់​នោះ​ទេ”។

ទន្ទឹម​នឹង​នោះ​លោក Bill Gates បាន​លើក​ឡើង​ថា​​យើង​អាច​ត្រៀម​ខ្លួន​សម្រាប់​ជំងឺ​រាតត្បាត​នា​ពេល​ខាង​មុខ​ដោយ​អនុវត្តន៍​តាម​វិធីសាស្ត្រ​ខាង​ក្រោម ៖

“យើង​អាច​បង្កើត​ប្រព័ន្ធ​ឆ្លើយ​តប​ដ៏​ល្អ​មួយ​បាន​ ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ដូច​ជា​ទូរសព្ទ​ដើម្បី​ផ្ដល់​ព័ត៌មាន​ដល់​មនុស្ស​បាន​លឿន និង​ផែនទី​ផ្កាយ​រណប​បង្ហាញ​អំពី​​ការ​ផ្លាស់​ទី រួម​មាន​បច្ចេកវិទ្យា​បែប​ជីវ​​ទំនើប​ដែល​អាច​ជួយ​បង្កើត​វ៉ាក់សាំង និង​​​ព្យាបាល​រោគ​បាន​​រហ័ស។​”

ជា​ការ​បិទ​បញ្ចប់​លោក Bill Gates បាន​ថ្លែង​ថា ៖ "ប្រសិន​បើ​មាន​រឿង​​ល្អ​មួយ​ដែល​អាច​កើត​ចេញ​ពី​ការ​​រាតត្បាត​នៃ​ជំងឺ​អេបូឡា​ នោះ​គឺ​វា​អាច​ជា​​ការ​ព្រមាន​មួយ​ ជា​ការ​ដាស់តឿន​ឲ្យ​គ្រប់​គ្នា​ត្រៀម​ខ្លួន។”​

​លោក Jack Ma

ពេល​និយាយ​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​រៀប​ចំ​ដោយ​អង្គារ​​ Economic Club of New York កាល​ពី​ខែ​មិថុនា​ឆ្នាំ ២០១៥ លោក Jack Ma អ្នក​បង្កើត​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Alibaba បាន​​លើក​ឡើង​​ថា​​សង្គ្រាម​លោក​លើក​ទី​៣ ដែល​មនុស្ស​គ្រប់​គ្នា​ខ្លាច​រអា​នោះ​​នឹង​​កើត​មាន​ ​ប៉ុន្តែ​សង្គ្រាម​នេះ​មិនមែន​រវាង​មនុស្ស​និង​មនុស្ស​ទេ។

"សង្គ្រាម​លោក​លើក​ទី​បី​គឺ​នឹង​កើត​មាន ហើយ​សង្គ្រាម​នេះ​មិន​មែន​រវាង​ប្រទេស​មួយ​និង​ប្រទេស​មួយ​នោះ​ទេ​។ ​​ក្នុង​សង្គ្រាម​នេះ យើង​នឹង​ចាប់​ដៃ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំងឺ ភាព​ក្រីក្រ និង​បម្រែបម្រួល​ធាតុ​អាកាស ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​នេះ​គឺ​ជា​អនាគត​របស់​ពួក​យើង។" នេះ​ជា​ការ​​បញ្ជាក់​​របស់​លោក Jack Ma នា​ពេល​នោះ៕

ប្រភព៖ CNBC | weforum ប្រែ​សម្រួល៖ សុខហេង

មតិយោបល់