• 2020-03-23 01:42:49
  • ព័ត៌មាន

ទាំង YouTube និង Netflix ទម្លាក់​កម្រិតគុណភាពវីដេអូ ព្រោះកូវីដ១៩

  • 2020-03-23 01:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទស្សនា​វីដេអូ​លើ​អនឡាញ​ជា​ច្រើន​ដូច​ជា​ Netflix YouTube Apple និង Amazon បាន​ទម្លាក់​កម្រិត​គុណភាព​នៃ​វីដេអូ ដើម្បី​ជៀសវាង​នូវ​ការ​កក​ស្ទះ​ល្បឿន​អ៊ីនធឺណិត​ ខណៈ​ពេល​ដែល​មនុស្ស​កាន់​តែ​ច្រើន​ចាប់​ផ្ដើម​ធ្វើ​ការ​ពី​ផ្ទះ។

Netflix ជា​ក្រុមហ៊ុន​​ដំបូង​គេ​ដែល​បាន​ប្រកាស​ពី​ការ​ទម្លាក់​គុណភាព​វីដេអូ​នៅ​អឺរ៉ុប​រយៈពេល ៣០ ថ្ងៃ។ ការ​​ទម្លាក់​គុណភាព​វីដេអូ​អាច​ជួយ​សន្សំសំចៃ​អ៊ីនធឺណិត​បាន​ ២៥% ហើយ​វា​អាច​ជួយ​ឲ្យ​អ៊ីនធឺណិត​នៅ​ផ្ទះ​​​ដំណើរ​ការ​កាន់​តែ​រលូន អំឡុង​ពេល​ដែល​កូវីដ​១៩​ផ្ទុះ​នៅ​អឺរ៉ុប។

បន្ទាប់​ពី Netflix បណ្ដាញ​ YouTube ក៏​បាន​ប្រកាស​ពី​ការ​ទម្លាក់​គុណភាព​វីដេអូ​ដែរ​។ ​ការ​សម្រេច​ចិត្ត​​នេះ​គឺ​បន្ទាប់​ពី​លោក​ Thierry Breton ថ្នាក់​ដឹក​នាំ​នៃ​ឧស្សាហកម្ម​អឺរ៉ុប​ បាន​ជួប​និយាយ​នាយក​ប្រតិបត្តិ​ ​​​Google និង Alphabet លោក​ Sundar Pichai និង​ Susan Wojcicki នាយក​ប្រតិបត្តិ​ YouTube រួច​មក។

ចំណែក Apple វិញ​បាន​ប្រាប់​ The Verge ថា​ខ្លួន​ក៏​បាន​ទម្លាក់​គុណភាព​វីដេអូ​សម្រាប់​សេវាកម្ម​ Apple TV+ របស់​ខ្លួន​ដែរ។ សេវាកម្ម Apple ត្រូវ​បាន​គេ​ដាក់​ពិន្ទុ​ឲ្យ​ថា​មាន​ល្បឿន​លឿន រូបភាព​ដិត​ច្បាស់ ប៉ុន្តែ​ថ្មីៗ​នេះ​គុណភាព​វីដេអូ​លើ​សេវាកម្ម​នេះ​មិន​ដូច​មុន​ឡើយ។

Amazon ឯណោះ​វិញ​ក៏​បាន​និយាយ​ថា​បាន​កាត់​បន្ថយ​ល្បឿន​នៃ​ការ​បញ្ជូន​ទិន្នន័យ​វីដេអូ​នៅ​អឺរ៉ុប ហើយ​នឹង​បន្ត​ត្រួត​ពិនិត្យ​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត។ Amazon សន្យា​ថា​នឹង​សម្រប​ខ្លួន​តាម​ប្រសិន​បើ​មាន​ការ​ស្នើ​សុំ។ សេវាកម្ម Amazon Prime បច្ចុប្បន្ន​នេះ​មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​ជាង ១៥០ លាន​នាក់​នៅ​ទូទាំង​ពិភពលោក ហើយ​សេវាកម្ម Prime Video មាន​នៅ​ប្រទេស​ជាង ២០០៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់