• 2020-03-20 09:41:05
  • ព័ត៌មាន

ប្រសិនមិនបិទទ្វាទេ ទាំងនេះហើយជាស្មាតហ្វូនជំនាន់បន្ទាប់របស់បិតា Android

  • 2020-03-20 09:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Essential Products របស់​​ស្ថាបនិក​ Android លោក Andy Rubin បាន​បិទ​ទ្វា​កាល​ពី​ថ្មីៗ​នេះ ក្រោយ​ពី​បញ្ចេញ​ស្មាតហ្វូន​បាន​ត្រឹម​មួយ​គ្រឿង​គឺ Essential Phone។ កន្លង​មក​គេ​បាន​ត្រឹម​ស្រមើស្រមៃ​អំពី Essential Phone 2 ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​គេ​អាច​ឃើញ​ច្បាស់​នូវ​​ស្មាតហ្វូន​ដែល​ស្នង​តំណែង Essential Phone ដែល​ឌីហ្សាញ​ដោយ​ Kevin Hoffman។

លើ​វិបសាយ​របស់​ខ្លួន​ Hoffman បាន​បង្ហាញ​នូវ​ផលិត​គំរូ​នៃ Essential Phone 2 ហើយ​ថែម​ទាំង​បង្ហាញ​អំពី​ការ​ឌីហ្សាញ​មួយ​ចំនួន​របស់ Essential Phone 3 ទៀត​ផង។​ការ​បង្ហោះ​នេះ​ត្រូវ​បាន​សាមី​ខ្លួន​ធ្វើ​ការ​ចាក់​សោ​ក្រោយ​ពី​មាន​ចំនួន​អ្នក​ចូល​មើល​ច្រើន​ ប៉ុន្តែ​សំណាង​ល្អ​ដែល​ក្រុម​ការងារ​ 9to5Google អាច​រក្សា​ទុក​រូបភាព​ទាំង​នោះ​បាន។

តាម​រយៈ​​រូបភាព​ជា​ច្រើន​សន្លឹក ​គេ​អាច​ឃើញ​ថា​ Essential Phone 2 អាច​នឹង​មាន​រូបរាង​ស្រដៀង​នឹង​ Essential Phone ជំនាន់​ដំបូង​ខ្លាំង​ ដោយ​មាន​​ការ​រចនា​រាង​កោង​ជាង​មុន​នៅ​ជ្រុង​នីមួយៗ មាន​បន្ថែម​កាមេរ៉ា​ច្រើន​ជាង​មុន និង​ហាក់​មាន​គែម​អេក្រង់​ផ្នែក​ខាង​ក្រោម​ស្ដើង​ជាង​មុន​ផង​ដែរ។ ទស្សនា​រូបភាព​ខាង​ក្រោម ៖

Hoffman និយាយ​ថា​ Essential Phone 2 គឺ​​ហាក់​ដូច​ជា​ត្រូវ​បាន​សម្លាប់​ចោល​ដោយ​លោក Andy Rubin តែ​ម្ដង ដោយ​សារ​បិតា​ Android រូប​នេះ​ផ្ដោត​តែ​លើ​ការ​ផលិត​​ឧបករណ៍​ឆ្លាត​វៃ​ប្រើ​ក្នុង​ផ្ទះ ជា​ជាង​ផ្ដោត​លើ​ការ​ផលិត​អ្នក​ស្នង​តំណែង Essential Phone។

យ៉ាងណាក្ដី​លោក Andy Rubin មិន​បាន​បោះ​បង់​លើ​ស្មាតហ្វូន​ទាំង​ស្រុង​នោះ​ទេ ដោយ​សារ​ក្រុមហ៊ុន​នៅ​បន្ត​ធ្វើ​ការ​ទៅ​លើ Essential Phone 3។ ខុស​ពី Essential Phone 2 ស្មាតហ្វូន​ជំនាន់​បន្ទាប់​នេះ ហាក់​ផលិត​ឡើង​ដោយ​ប្រើ​គំនិត​ស្មាតហ្វូន​កម្រិត​ធូរ ដែល​មាន​រក្សា​មុខងារ Premium មួយ​ចំនួន​នៃ PH-1 ប៉ុន្តែ​កាត់​បន្ថយ​ផ្នែក​ខ្លះ ដើម្បី​បន្ថយ​ចំណាយ​ដូច​ជា Google Pixel 3a អ៊ីចឹង​ដែរ។ ទស្សនា​រូបភាព​ខាង​ក្រោម ៖

​​​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់