• 2020-03-17 02:23:40
  • ព័ត៌មាន

YouTuber ត្រូវប្រយ័ត្នព្រោះអាចមានវីដេអូលុបចេញពី YouTube ច្រើនខុសពីធម្មតា

  • 2020-03-17 02:23:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ YouTube បាន​ផ្ដល់​ដំណឹង​ដល់​អ្នក​ផលិត​មាតិកា​វីដេអូ​ថា​ ​ការ​លុប​ចេញ​វីដេអូ​​ពី YouTube​ អាច​នឹង​មាន​ច្រើន​លើស​ពី​ធម្មតា ព្រោះ​ថា​​ដំណើរ​ការ​ត្រួត​ពិនិត្យ​លើ​វីដេអូ​នឹង​ត្រូវ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ AI ជា​បណ្ដោះ​អាសន្ន ជំនួស​ឲ្យ​ការ​ត្រួត​ពិនិត្យ​ដោយ​មនុស្ស​ផ្ទាល់។

គួរ​ដឹង​ថា​ Google ដែល​ក្រុមហ៊ុន​មេ​របស់​ YouTube បាន​ធ្វើ​ការ​ណែនាំ​ឲ្យ​បុគ្គលិក​ជិត​ ១២ ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​ ធ្វើ​ការ​ពី​ផ្ទះ​ដើម្បី​​ជា​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​​​ឆ្លង​វីរុស​កូរ៉ូណា។ គួរ​ដឹង​ថា​​មាន​ការ​រាយការណ៍​ពី​ករណី​ឆ្លង​​វីរុស​កូរ៉ូណា​ជាង​ ១៨ ម៉ឺន​ករណី​ ក្នុង​នោះ​នៅ​​សហរដ្ឋអាមេរិក​មាន​​ជាង ៤ ពាន់​ករណី។

“នេះ​មាន​ន័យ​ថា​ប្រព័ន្ធ AI នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​លុប​ចេញ​វីដេអូ​មួយ​ចំនួន​​ដោយ​មិន​​មាន​មនុស្ស​ត្រួត​ពិនិត្យ​ឡើយ ដូច​នេះ​យើង​នៅ​អាច​បន្ត​លុប​ចេញ​វីដេអូ​ដែល​បាន​ល្មើស​នឹង​​​លក្ខខណ្ឌ​របស់​យើង​ និង​បន្ត​ការពារ​ប្រព័ន្ធ​របស់​យើង​បាន​រហ័ស។ ខណៈ​ដែល​យើង​ធ្វើ​ដូច​នេះ អ្នក​ប្រើ​ប្រាស់ និង​អ្នក​ផលិត​វីដេអូ​ប្រហែល​ជា​ឃើញ​ការ​កើន​ឡើង​នៃ​ការ​ដក​ចេញ​វីដេអូ រួម​មាន​វីដេអូ​ដែល​ប្រហែល​​ជា​មិន​មាន​ល្មើស​លក្ខខណ្ឌ​ផង​ដែរ។​” នេះ​ជា​ការ​លើក​ឡើង​របស់​ YouTube ក្នុង​វិបសាយ​របស់​ខ្លួន។

ការ​ត្រួត​ពិនិត្យ​មាតិកា​នៅ​ YouTube គឺ​ជា​ការងារ​របស់​ប្រព័ន្ធ AI និង​មនុស្ស​ធ្វើ​រួម​គ្នា។ ដូច​នេះ​វីដេអូ​ដែល​ AI ចាត់​ទុក​ថា​បាន​ល្មើស​លក្ខខណ្ឌ​ គឺ​ត្រូវ​ត្រួត​ពិនិត្យ​ដោយ​មនុស្ស​ជា​មុន​សិន​ មុន​​លុប​ចោល។ យ៉ាងណាក្ដី ខណៈ​ពេល​ដែល​មិន​មាន​បុគ្គលិក​បម្រើ​ការ​នៅ​ការិយាល័យ​ YouTube នឹង​រំលង​ដំណាក់​កាល​ទី​ពីរ ​ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ AI៕​​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់