• 2020-03-03 03:26:16
  • ព័ត៌មាន

មកស្គាល់កម្មវិធីទូរសព្ទ ២ របស់កូរ៉េ អាចឲ្យគេជៀសផុតពីតំបន់ផ្ទុះវីរុសកូរ៉ូណា

  • 2020-03-03 03:26:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​រាយការណ៍​អំពី​ករណី​ថ្មី ៨១៣ ករណី ជា​កំណត់​ត្រា​ខ្ពស់​បំផុត​មួយ​សម្រាប់​ប្រទេស​នេះ។ ឆ្លើយ​តប​នឹង​វីរុស​នេះ​ដែរ អ្នក​បង្កើត​កម្មវិធី​មួយ​ចំនួន​បាន​បង្កើត​កម្មវិធី ដែល​អាច​ឲ្យ​គេ​ដឹង​​ព័ត៌មាន​អំពី​​វីរុស​កូរ៉ូណា និង​ទីតាំង​ដែល​កើត​មាន​វីរុស​នេះ។

កម្មវិធី Corona 100m បាន​ដាក់​ដំណើរ​ការ​នៅ​​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ហើយ​មក​ទល់​ពេល​នេះ​មាន​ចំនួន​ទាញ​យក​ដល់​ជាង ១ លាន​ដង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ CNN Business។

កម្មវិធី​នេះ​ប្រមូល​ទិន្នន័យ​ពី​រដ្ឋបាល​សាធារណៈ​ រួម​មាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជម្ងឺ​ឆ្លង​របស់​កូរ៉េ ដើម្បី​បង្ហាញ​អំពី​កាល​បរិច្ឆេទ​ដែល​អ្នក​ជំងឺ​ម្នាក់​ឆ្លង​វីរុស​កូរ៉ូណា រួម​ជា​មួយ​សញ្ជាតិ អាយុ ភេទ និង​ទី​កន្លែង​ដែល​គេ​បាន​ទៅ​ដល់​ផង​ដែរ។

ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​កម្មវិធី​នេះ​ស្ថិត​នៅ​ចម្ងាយ​ ១០០ ម៉ែត្រ​ ពី​ទី​កន្លែង​ដែល​មាន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា​បាន​ទៅ​ដល់​នោះ គេ​នឹង​ទទួល​បាន​ការ​ឲ្យ​ដំណឹង​ (Notification) ព្រមាន​តែ​ម្ដង ដែល​ដូច​ជា​ឈ្មោះ​របស់​កម្មវិធី​នេះ​អ៊ីចឹង។

អ្នក​បង្កើត​កម្មវិធី​នេះ​ដែល​មាន​ឈ្មោះ Bae Won-Seok និយាយ​ថា​កម្មវិធី​នេះ​បន្ត​រីក​ធំ ដោយ​រៀង​រាល់​មួយ​ម៉ោង​មាន​ការ​ទាញ​យក ២ ម៉ឺន​ដង ហើយ​ពេល​ខ្លះ​គាំង​ដោយ​សារ​មាន​ចំនួន​ទាញ​យក​ច្រើន​ពេក។

មាន​មួយ​ទៀត​គឺ​កម្មវិធី Corona Map ដែល​វា​ក៏​ចាប់​ទីតាំង​របស់​អ្នក​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ផង​ដែរ ហើយ​បាន​ក្លាយ​ជា​កម្មវិធី​ដែល​មាន​គេ​ទាញ​យក​ច្រើន​ជាង​គេ​នៅ​កូរ៉េ​ខាង​ត្បូង កាល​​ពី​ថ្ងៃ​ពុធ។

Corona Map នេះ​​ដំណើរ​ការ​ដូច​ Corona 100m ដែរ គឺ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជៀស​វាង​ពី​តំបន់​ដែល​​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ធ្លាប់​បាន​ទៅ​ដល់។

Lee Jun-young អ្នក​បង្កើត​កម្មវិធី​នេះ​បាន​ប្រាប់ CNN ថា លោក​បង្កើត​កម្មវិធី​នេះ​ឡើង​ព្រោះ​តែ​ទិន្នន័យ​របស់​មន្ត្រី​រដ្ឋាភិបាល​ ពិបាក​នឹង​មើល​យល់​ពេក៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់