- 2020-02-17 03:06:53
- ព័ត៌មាន
ហេតុផលដែលអ្នកប្រើ Galaxy S9 គួរឡើងស៊េរីទៅ Galaxy S20
- 2020-02-17 03:06:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលដែលអ្នកប្រើ Galaxy S9 គួរឡើងស៊េរីទៅ Galaxy S20
ចន្លោះមិនឃើញ
ម្ចាស់ Galaxy S9 ដែលបានរំលងស្មាតហ្វូន Galaxy S10 កាលពីឆ្នាំមុន ពេលនេះគួរតែពិចារណាប្ដូរស៊េរីទៅកាន់ Galaxy S20 ជាជំនាន់ចុងក្រោយបំផុត។ ត្បិតថា Galaxy S9 នៅតែមានសមត្ថភាពខ្លាំងលើផ្នែកមួយចំនួន ប៉ុន្តែឈ្មោះជាស្មាតហ្វូនកំពូលរបស់វាបានរំលងបំផុត ហើយ Galaxy S20 មានលក្ខណៈសម្បត្តិជាច្រើនល្អលើសវា។
១. អេក្រង់ធំ តួខ្លួនកាន់តែតូច
Samsung បានបន្តកាត់បន្ថយស៊ុមអេក្រង់ស្មាតហ្វូនរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់តាំងពី Galaxy S9 មក។ វិមាត្រតួខ្លួនធៀបនឹងអេក្រង់កាន់តែប្រសើរៗឡើង រហូតមកដល់ Galaxy S20 មានអេក្រង់ ៦,២ អ៊ីញ ប៉ុន្តែមានរូបរាងតូចជាង Galaxy S9+ ដែលមានអេក្រង់ ៦,២ អ៊ីញ ស្រដៀងគ្នា។ ២. Refresh Rate នៃអេក្រង់
Galaxy S20 ជាស្មាតហ្វូន Samsung ដំបូង ដែលមាន Refresh Rate ខ្ពស់ជាង ៦០Hz។ S20, S20+ និង S20 Ultra សុទ្ធតែមានអេក្រង់ដែលមាន Refresh Rate ១២០Hz ដែលផ្ដល់ផលប្រយោជន៍មួយចំនួនធៀបនឹងអេក្រង់ចាស់។
៣. កាមេរ៉ាដែលល្អប្រសើរជាងឆ្ងាយ
វាគឺជាផ្នែកមួយដែលមានការផ្លាស់ប្ដូរខ្លាំងបំផុតក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ។ Galaxy S9 បានប្រកាសចេញពេលដែល Samsung វិវត្តន៍ពីការប្រើកាមេរ៉ាមួយគ្រាប់ មកប្រើកាមេរ៉ាច្រើនគ្រាប់នៅផ្នែកខាងក្រោយ។ ពេលនោះ Galaxy S9 មានកាមេរ៉ា ១គ្រាប់ ចំណែក Galaxy S9+ មានកាមេរ៉ាភ្លោះ។
ដោយឡែកមកដល់ Galaxy S20 វិញគឺសម្រាប់ប្រភេទ Galaxy S20 និង S20+ គឺមានកាមេរ៉ាមេទំហំ ១២MP, កាមេរ៉ា Ultra Wide ទំហំ ១២MP, កាមេរ៉ា Telephoto ទំហំ ៦៤MP អាច Zoom Optical បាន ៣ដង និង Zoom Digital បាន ៣០ដង។ នៅលើ Galaxy S20+ មានបន្ថែម Sensor វាស់ជម្រៅ ToF មួយគ្រាប់ទៀតផងដែរ។
ចំណែក Galaxy S20 Ultra ខុសពីពីរប្រភេទទៀត ដែលកាមេរ៉ាមេមានកម្រិត ១០៨MP, កាមេរ៉ា Telephoto មានកម្រិត ៤៨MP អាច Optical Zoom បាន ១០ដង និង Digital Zoom បាន ១០០ដង, កាមេរ៉ា Ultra Wide ទំហំ ១២MP និងមាន Sensor វាស់ជម្រៅ ToF ផងដែរ។
៤. ថ្មទំហំកាន់តែធំ និងសាកថ្មកាន់តែលឿន
ខណៈដែល S9 និង S9+ មានថ្មទំហំ ៣០០០ mAh និង ៣៥០០mAh នោះ នៅលើ Galaxy S20, S20+ និង S20 Ultra មានថ្មទំហំដល់ ៤០០០ mAh, ៤៥០០ mAh និង ៥០០០ mAh ឯណោះ។
Galaxy S20 ទាំងបីមានថាមពលថ្មធំ ហើយក៏មានសមត្ថភាពសាកថ្មលឿនដែរ។ Galaxy S9 ទាំងពីរអាចសាកថ្មល្បឿន ១៥ វ៉ាត់ដោយប្រើខ្សែ ដែលវាស្មើនឹងការសាកថ្មឥតប្រើខ្សែរបស់ Galaxy S20 ទាំងបី។ ចំពោះការសាកដោយប្រើខ្សែវិញ Galaxy S20 និង S20+ សាកបាន ២៥ វ៉ាត់ ចំណែក S20 Ultra បានដល់ទៅ ៤៥ វ៉ាត់។
៥. មាន RAM ធំ ដំណើរការកម្មវិធីក្នុងពេលតែមួយបានកាន់តែច្រើន
RAM នៅលើ S9 និង S9+ មានទំហំត្រឹម ៤GB និង ៦GB ដែលទំហំនេះគឺអស្ចារ្យហើយសម្រាប់ប៉ុន្មានឆ្នាំមុន។ ចូលដល់ម៉ូដែលឆ្នាំ ២០២០ ត្រកូល Galaxy S មាន RAM ចាប់ពី ៨GB ដល់ ១៦GB ឯណោះ។
៦. ការទ្រាំទ្រនឹង Android OS
ចុងក្រោយជាហេតុផលសំខាន់ដែរ គឺ Galaxy S9 និង S9+ នឹងអាចប្រើប្រាស់បានត្រឹមប្រតិបត្តិការ Android 10 ប៉ុណ្ណោះ ក្រោមគោលការណ៍របស់ Samsung ដែលផ្ដល់ជូនការអាប់ដេត OS ធំៗពីរដងសម្រាប់ទូរសព្ទកំពូលរបស់ខ្លួន។
ដូចនេះការអាប់ដេតដែល Galaxy S9 ទទួលបាននាពេលនេះគឺត្រឹមការអាប់ដេតជួសជុលចន្លោះប្រហោងផ្នែកសុវត្ថិភាព ចំណែក Galaxy S20 ធានាថាយ៉ាងហោចណាស់នឹងអាចអាប់ដេតឡើងដល់ Android 12 ក្នុងប៉ុន្មានឆ្នាំខាងមុខទៀត៕