• 2020-02-13 02:16:45
  • ព័ត៌មាន

ក្រុមហ៊ុនរបស់បិតា Android ប្រកាសបិទទ្វារ ព្រោះមិនអាចសម្រេច Project Gem

  • 2020-02-13 02:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Essential បាន​សម្រេច​ចិត្ត​​បិទ​ទ្វារ​ បន្ទាប់​ពី​បើក​ដំណើរ​ការ​បាន​ទើប​ជិត ៥ ឆ្នាំ និង​បន្ទាប់​ពី​ប្រកាស​ចេញ​ស្មាតហ្វូន​ដំបូង​បាន​មិន​ដល់ ៣ ឆ្នាំ​ផង​ដែរ។

ផលិតផល​ពេញ​លេញ​តែ​មួយ​គត់​របស់​ក្រុមហ៊ុន​គឺ Essential Phone ដែល​មាន​ចំនួន​លក់​តិច​តួច និង​ទទួល​បាន​មតិ​ចម្រុះ ទាំង​វិជ្ជមាន និង​អវិជ្ជមាន។ ស្មាតហ្វូន​ដែល​ត្រូវ​ស្នង​តំណែង​ Essential Phone ត្រូវ​បាន​រំសាយ​ចោល ហើយ​ក្រុមហ៊ុន​បាន​សន្យា​ប្រកាស​ចេញ​ផលិតផល​ដទៃ​ទៀត​ដូច​ជា​ជំនួយ​ការ​វៃ​ឆ្លាត​នៅ​ផ្ទះ និង​ប្រព័ន្ធ​ប្រតិបត្តិការ ប៉ុន្តែ​មិន​បាន​លេច​ចេញ​រូបរាង​នោះ​ឡើយ។

Project Gem

Essential បង្កើត​ឡើង​ដោយ​អ្នក​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​ Android លោក Andy Rubin ដែល​ចាប់​ផ្ដើម​ដំណើរ​ការ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៥។ មុន​ការ​សម្រេច​ចិត្ត​បិទ​មុខ​ជំនួញ​ប៉ុន្មាន​ខែ ពោល​នៅ​ខែ​តុលា​ឆ្នាំ ២០១៩ ក្រុមហ៊ុន​គឺ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​​ទូរសព្ទ​មួយ​ទៀត ដែល​គេ​ឲ្យ​ឈ្មោះ​ថា "Project Gem” ដែល​វា​មាន​ការ​ឌីហ្សាញ​ខុស​ប្លែក។

ក្រុមហ៊ុន​បាន​សម្រេច​ចិត្ត​​បញ្ឈប់​ប្រតិបត្តិការ ដោយ​សារ​តែ​មិន​អាច​​សម្រេច​បាន​នូវ​ "Project Gem" នេះ​តែ​ម្ដង។ ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន​មាន​និយាយ​ថា ៖ "យើង​បាន​អភិវឌ្ឍន៍​ Gem បាន​កាន់​តែ​ឆ្ងាយ​តាម​អាច​ទៅ​រួច​ហើយ​ ហើយ​យើង​សោក​ស្ដាយ​ដែល​មិន​អាច​រក​ផ្លូវ​ច្បាស់​លាស់​ដើម្បី​ផលិត​វា​សម្រាប់​អតិថិជន។ ដោយ​សារ​​រឿង​នេះ យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​លំបាក ក្នុង​ការ​បញ្ឈប់​ប្រតិបត្តិការ និង​បិទ Essential តែ​ម្ដង។"

ក្រុមហ៊ុនក៏បាន​ប្រកាស​ថា​ការ​អាប់ដេត​ដែល​បាន​បញ្ចេញ​កាល​ពី​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ គឺ​ជា​កំណែទម្រង់​ចុង​ក្រោយ​សម្រាប់ Essential Phone ចេញ​ពី​ក្រុម Software របស់ Essential៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់