- 2019-12-19 03:13:33
- ព័ត៌មាន
Digital Cambodia ត្រឡប់មកវិញជាមួយប្រធានបទថ្មី Digital Talents
- 2019-12-19 03:13:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Digital Cambodia ត្រឡប់មកវិញជាមួយប្រធានបទថ្មី Digital Talents
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ Digital Cambodia 2020 បានត្រឡប់មកវិញជាមួយប្រធានបទទាក់ទង់និងវិស័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន នឹងត្រូវបានរៀបចំចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅសាលពិព័រណ៍កោះពេជ្រ ដែលមានវិទ្យាស្ថានជាតិ NIPTICT ជាម្ចាស់ព្រឹត្តិការណ៍។
Digital Cambodia ឆ្នាំនេះក៏មានការគាំទ្រដោយក្រសួងចំនួន ០៦ រួមមាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបានការសហការឧបត្ថម្ភដោយមូលនិធិ ស.អ. ដែលក្នុងនោះចំណែកវិភាគទានធំពី ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន Viettel (Cambodia) និង ICT Division។
ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំដោយក្រុមហ៊ុន Sabay Digital និងក្រុមហ៊ុន COMPASS Advertising។ Digital Cambodia 2020 ជាព្រឹត្តិការណ៍ឈានមុខប្រចាំឆ្នាំលើកទី២ របស់ព្រះរាជាណាចក្រកម្ពុជាលើវិស័ បច្ចេកវិទ្យា ឌីជីថល ដែលមានគោលបំណងបង្កើត Platform ថ្នាក់ជាតិដើម្បីបង្ហាញអំពី៖
១. បង្ហាញអំពីបរិយាកាស និង Ecosystem ប្រកបដោយអំណោយផល និងភាពទាក់ទាញសម្រាប់ការវិនិយោគវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា។
២. បង្ហាញអំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយនិងគតិយុត្ត និងផលិតផលនិងសេវាពាក់ព័ន្ធនឹងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
៣. បញ្ជ្រាបអំពីសារៈសំខាន់និងភាពមិនអាចខ្វះបាននៃវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជននិងស្ត្រី ក្នុងន័យធ្វើឱ្យប្រសើរឡើងនៃការអប់រំសម្រាប់សិស្ស-និស្សិត និងជំនាញបច្ចេកទេស បង្កើនប្រសិទ្ធភាពការងារនិងផលិតភាព និងពង្រឹងភាពប្រកួតប្រជែងសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យមរបស់កម្ពុជាលើឆាកតំបន់និងអន្តរ ជាតិ។
៤. កៀរគរគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រួមមាន ស្ថាប័នរាជរដ្ឋាភិបាល អ្នកវិនិយោគជាតិនិងអន្តរជាតិ អាជីវកម្មបង្កើតថ្មី (Tech Startup) អ្នកវិជ្ជាជីវៈ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ព្រមទាំងសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរបទពិសោធន៍និងឧត្តមានុវត្តន៍ និងពិភាក្សាយោបល់អំពីនិន្នាការថ្មីៗ ក៏ដូចជាអំពីបញ្ហាប្រឈមនានាលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាត។
៥. ជំរុញលើសហគ្រិនភាព និងនវានុវត្តន៍ថ្មីៗ។
៦. អភិវឌ្ឍបណ្តាញអាជីវកម្មរវាងអាជីវកម្មបង្កើតថ្មី (Startup) ជាមួយសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម។
គួរបញ្ជាក់ផងដែរថា កម្មវិធីធំៗក្នុងព្រឹត្តិការណ៍ Digital Cambodia 2020 មានដូចជា៖
១. វេទិកាថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍និងព័ត៌មានវិទ្យាអាស៊ាន និងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អាស៊ាន ជាមួយនឹងវិស័យឯកជនមកពីថ្នាក់តំបន់ និងពិភពលោក
២. វេទិកាសម្រាប់ Tech Startup
៣. វេទិកាសម្រាប់អ្នកអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល
៤. សន្និសីទ និងសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំនិងអ្នកជំនាញដើម្បីចែករំលែកអំពីបច្ចុប្បន្នភាព និងអនាគតនៃ បច្ចេកវិទ្យាឌីជីថល
៥. ពិព័រណ៍ឌីជីថលទាំងថ្នាក់ជាតិនិងថ្នាក់តំបន់
៦. ការប្រគល់ពានរង្វាន់ Cambodia ICT Awards, Women in Tech Awards, USO and CBRD Funds Awards, and Young Entrepreneur Awards
៧. សម្រាប់ផលិតផលបច្ចេកវិទ្យាដែលមានលក្ខណៈច្នៃប្រឌិត និងនវានុវត្តន៍។
ឯកឧត្ដមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានមានប្រសាសន៍ថា “ព្រឹត្តិការណ៍ Digital Cambodia 2020 នេះ គឺជាលើកទី២ហើយដែលវិទ្យាស្ថានជាតិ NIPTICT ធ្វើជាម្ចាស់ព្រឹត្តិការណ៍។
Digital Cambodia 2020 ត្រូវបានរៀបចំឡើងក្រោមប្រធានបទ Digital Talents។ ក្នុងនាមជាប្រធានវិទ្យាស្ថានជាតិ NIPTICT ដែលជាគ្រឹះស្ថានអប់រំ និងស្រាវជ្រាវលើវិស័យបច្ចេកវិទ្យាឌីជីថលនិងជំនាញដល់យុវជន លោក ជឿជាក់ថា ព្រឹត្តិការណ៍ Digital Cambodia 2020 នឹងក្លាយជាវេទិកាមួយដែលប្រមូលផ្តុំយុវជនឱ្យមកចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាឌីជីថល ដែលជាវិស័យអាទិភាពនិងជាឆ្អឹងខ្នងសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ឯកឧត្ដមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិ ស.អ. បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ Digital Cambodia 2020 ជាផ្នែកមួយការចូលរួមចំណែកឱ្យសម្រេចបាននូវផែនការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០១៩ និង២០២០ ដែលបានដាក់ចេញដោយក្រុមប្រឹក្សាមូលនិធិ ស.អ. ពោលគឺដើម្បី ១. ជំរុញការអភិវឌ្ឍធនធានមនុស្សខាងផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ២. ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ នវានុវត្តន៍ ខាងផ្នែក ប.គ.ព. និង៣. ជំរុញការអភិវឌ្ឍ Tech Startup Ecosystem ។
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្តល់ចំណាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍ Digital Cambodia 2020 ថា “Digital Cambodia 2020 គឺជាសរសរស្តម្ភមួយដើម្បីសម្រេចបានគោលនយោបាយដែលរាជរដ្ឋាភិបាលកំពុងរៀបចំ ពោលគឺគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល។ ឯកឧត្តមជឿជាក់ថា ការអភិវឌ្ឍយុវជនប្រកបដោយទេពកោសល្យ នឹងចូលរួមចំណែកសម្រេចបាននូវយុទ្ធសាស្ត្រ-ចតុកោណតំណាក់កាលទី៤ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦ ជាពិសេសដើម្បីត្រៀមខ្លួនចាប់យកសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។
គួរបញ្ជាក់ផងដែរថា Digital Cambodia 2020 នឹងមានការចូលរួមពីរដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន និងវាគ្មិនដែលបានចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលប្រមាណ ១២០ រូប។ ព្រឹត្តិការណ៍នេះក៏មានការតាំងពិព័ណ៌ប្រមាណ ១៧០ ស្តង់ និងសង្ឈឹមថានឹងមានអ្នកចូលរួមលើសពី ៣០ ០០០ នាក់ មកពីស្ថាប័នជាតិ និងអន្តរជាតិ រួមមាន ស្ថាប័នរាជរដ្ឋាភិបាល ទូត ប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា ធនាគារ មីក្រូហិរញ្ញវត្ថុ អាជីវកម្មបង្កើតថ្មី (Tech Startup) អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍៕