• 2019-11-07 09:53:15
  • ព័ត៌មាន

ចិនបិទមិនឲ្យ Gamer អាយុក្រោយ ១៨ឆ្នាំលេងហ្គេម ក្រោយម៉ោង ១០យប់

  • 2019-11-07 09:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារ រដ្ឋបាល​សារព័ត៌មាន​និង​បោះ​ពុម្ព​ផ្សាយ​របស់​ចិន បាន​បញ្ចេញ​នូវ​សេចក្ដី​ណែនាំ​ថ្មី​ចំនួន ៦ ដែល​មាន​ចំណង​ជើង​ថា "ប្រកាស​អំពី​ការ​ទប់​ស្កាត់​អនីតិជន​​​ពី​ការ​លេង​ហ្គេម​តាម​ទំនើង​ចិត្ត​​​”។

ផ្អែក​តាម​ប្រកាស​​ថ្មី​នេះ អ្នក​ប្រើ​ប្រាស់​ក្រោម​អាយុ ១៨ ឆ្នាំ នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​លេង​ហ្គេម​នៅ​ចន្លោះ​ម៉ោង ១០ យប់ ដល់ ៨ ព្រឹក ហើយ​នឹង​រឹត​ត្បិត​​ឲ្យ​លេង​ត្រឹម ៩០ នាទី​នៅ​​ថ្ងៃ​ចន្ទ ដល់ សុក្រ។ ចំណែក​អំឡុង​ថ្ងៃ​ចុង​សប្ដាហ៍​ និង​ថ្ងៃ​ឈប់​បុណ្យ​​សម្រាក អាច​លេង​បាន​រហូត​ដល់ ១៨០ នាទី។

ប្រកាស​នេះ​ក៏​មាន​កំណត់​នូវ​ចំនួន​លុយ​ដែល​ក្មេងៗ​អាច​ចំណាយ​នៅ​ក្នុង​ហ្គេម​ផង​ដែរ។ អ្នក​មាន​អាយុ​ ៨ ដល់ ១៦ ឆ្នាំ អាច​ចំណាយ​ច្រើន​បំផុត​ត្រឹម​ប្រមាណ ២៩ ដុល្លារ​ក្នុង​មួយ​ខែ ហើយ​អ្នក​មាន​អាយុ​ចន្លោះ ១៦ និង ១៨ ឆ្នាំ អាច​ចំណាយ​ប្រមាណ ៥៨ ដុល្លារ។

មិន​តែ​ប៉ុណ្ណោះ​ក៏​បាន​​តម្រូវ​ឲ្យ​អ្នក​​លេង​ធ្វើ​​ការ​ចុះ​ឈ្មោះ​សម្រាប់​លេង​ហ្គេម​អនឡាញ ដោយ​ប្រើ​ឈ្មោះ​ពិត និង​​​​​ការ​កំណត់​អត្តសញ្ញាណ​ត្រឹម​ត្រូវ​ទៀត​ផង។ ការ​កំណត់​តឹងរ៉ឹង​នេះ​​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ហ្គេម​អនឡាញ និង​ប្រព័ន្ធ​ដែល​មាន​ប្រតិបត្តិការ​ក្នុង​ប្រទេស​ អនុវត្តន៍​តាម។

ផ្អែក​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Newzoo បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន​គឺ​ជា​ទីផ្សារ​ហ្គេម​ធំ​ជាង​គេ​លំដាប់​ទី ២ ក្នុង​លោក នៅ​ពី​ក្រោយ​សហរដ្ឋអាមេរិក។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ព្យាករណ៍​ថា​​ចិន​នឹង​អាច​យក​តំណែង​លេខ​ ១ នៅ​ក្នុង​ឆ្នាំ ២០២០៕​​​​​

ចុចអាន ៖ ហ្គេម Vainglory ប្ដូរ​មេ​ថ្មី ខណៈ​មេ​ចាស់​ដាក់​ទុន ១០ លាន​ដុល្លារ​បង្កើត​ហ្គេម​មួយ​ទៀត

​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់