- 2019-09-20 02:40:11
- ព័ត៌មាន
Huawei បញ្ជាក់រឿងកម្មវិធី Google នៅលើ Mate 30
- 2019-09-20 02:40:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei បញ្ជាក់រឿងកម្មវិធី Google នៅលើ Mate 30
ចន្លោះមិនឃើញ
Huawei បានជាប់ឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋបាលលោកដូណាល់ ត្រាំ កាលពីដើមឆ្នាំនេះ ដែលឃាត់មិនឲ្យក្រុមហ៊ុនអាមេរិកនានាធ្វើការរកស៊ីជាមួយ Huawei។ Google បានបង្ហាញកាលពីខែមុនថា ការមានឈ្មោះក្នុងបញ្ជី មានន័យថាក្រុមហ៊ុនមិនអាចអនុញ្ញាតឲ្យ Huawei ចេញលក់ Mate 30 ជាមួយកម្មវិធី និងសេវាកម្ម Google ដំឡើងស្រាប់បាននោះទេ។
ពេលនេះ Huawei បានបញ្ជាក់អំពីករណីនេះជាផ្លូវការ។ លោក Richard Yu នាយកប្រតិបត្តិផ្នែកផលិតផលនៅ Huawei បានបង្ហាញនៅលើឆាកក្នុងកម្មវិធីនៅអាល្លឺម៉ង់កាលពីយប់មិញថា ក្រុមហ៊ុនត្រូវបានបង្ខំឲ្យបោះបង់អាជ្ញាប័ណ្ណ Google's Mobile Services (GMS) នៅលើត្រកូល Mate 30។
លោកបានបញ្ជាក់ដូចនេះថា ៖ "យើងមិនអាចប្រើប្រាស់ Google Mobile Services, យើងអាចប្រើ Huawei Mobile Services។ ថ្ងៃនេះព្រោះតែការហាមឃាត់របស់អាមេរិក ធ្វើឲ្យស្មាតហ្វូនទាំងនេះមិនអាចដំឡើងមកស្រាប់នូវ GMS ហើយវាបានបង្ខំពួកគេឲ្យប្រើ HMS សម្រាប់ដំណើរការ Huawei App Gallery នៅលើត្រកូល Mate 30។”
គួរដឹងថា Play Store របស់ Google គឺជាផ្នែកសំខាន់មួយនៃអាជ្ញាប័ណ្ណ Google Mobile Service ហើយវាវិធីមួយដែលស្មាតហ្វូន Android នៅក្រៅប្រទេសចិន អាចចូលដំឡើងកម្មវិធីបាន។ Huawei មិនអាចដោះស្រាយលើបញ្ហានេះដោយងាយស្រួលនោះទេ ហេតុនេះក្រុមហ៊ុនបានបង្កើតនូវសេវាកម្មដែលអាចជំនួស Play Store។ Huawei បានប្រើប្រាស់ការបណ្ដាក់ទុន ១ ពាន់លានដុល្លារ សម្រាប់ផ្គត់ផ្គង់ដល់ការអភិវឌ្ឍ, បង្កើនចំនួនអ្នកប្រើ និងផ្សព្វផ្សាយនូវ Huawei Mobile Services របស់ខ្លួន។
មានកម្មវិធីប្រមាណ ៤៥ ០០០ កម្មវិធីបានបញ្ចូលក្នុង Huawei Mobile Services រួចទៅហើយ ប៉ុន្តែនឹងមានរាប់ពាន់កម្មវិធីទៀតនឹងត្រូវធ្វើការកែសម្រួល ដើម្បីអាចដាក់បញ្ចូលទៅក្នុង App Gallery របស់ Huawei បាន។ វាជាកិច្ចការធំមួយដើម្បីធ្វើឲ្យអ្នកអភិវឌ្ឍកម្មវិធីជួយទ្រាំទ្រដល់ Store កម្មវិធីរបស់ខ្លួនប៉ុន្តែក្រុមហ៊ុនមិនមានវិធីផ្សេងនោះទេ។
យ៉ាងណាក្ដីមានក្ដីរំពឹងថាការហាមឃាត់របស់អាមេរិក អាចត្រូវដកចេញ ឬ Huawei អាចរកវិធីផ្សេងដោះស្រាយលើការរឹតបន្តឹងនេះ។ Reuters បានចុះផ្សាយថា ៖ "Huawei នឹងផ្ដល់នូវ Interface ផ្ទាល់ខ្លួនមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ប្រើកម្មវិធី Google មួយចំនួនបាន។”
គួរដឹងថាក្រុមហ៊ុន Meizu ធ្លាប់បានបញ្ចេញលក់ផលិតផលនៅអឺរ៉ុប ជាមួយនឹង App Store ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន ដែលក្នុងនោះមានកម្មវិធីមួយឈ្មោះថា "Google Installer” ដែលអាចដំឡើងសេវាកម្ម Google និង Play Store ដាក់លើទូរសព្ទបាន។ ប៉ុន្តែ Google បានបញ្ចេញនូវការទាមទារថ្មី ដើម្បីដោះស្រាយលើចំណុចនេះ ហើយក្រុមហ៊ុនបានសាកល្បងធ្វើការ Block ឧបករណ៍ដែលមិនមានសិទ្ធពីការប្រើកម្មវិធី និងសេវាកម្មរបស់ខ្លួន៕
ចុចអាន ៖ Huawei Mate 30 Pro ចេញជាផ្លូវការ មានកាមេរ៉ា 40MP ដល់ពីរគ្រាប់