• 2019-09-03 02:46:37
  • ផលិតផលថ្មី

Panasonic ​សម្ពោធ​លក់ជាផ្លូវការកាមេរ៉ា Full-Frame Mirrorless ចំនួន ២ ស៊េរីក្នុងទីផ្សារកម្ពុជា

  • 2019-09-03 02:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២ ខែ​កញ្ញា ឆ្នាំ ២០១៩ នេះ​ក្រុមហ៊ុន Panasonic ដែល​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​ឈាន​មុខ​គេ​របស់​ប្រទេស​ជប៉ុន បាន​​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​កាមេរ៉ា LUMIX S1R និង S1 ប្រភេទ Full-Frame Mirrorless ដំបូង​បង្អស់​របស់​ខ្លួន​មក​កាន់​ទីផ្សារ​កម្ពុជា។

កាមេរ៉ា​ថ្មី​ទាំង ២ នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ស្តង់ដារ L-Mount ក្រោម​ការ​សហការ​រវាង​ក្រុមហ៊ុន Sigma និង Leica។ ស្ដង់​ដារ L-Mount បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ប្រើ Lens រួម​គ្នា​មក​ក្រុមហ៊ុន​ទាំង ៣ លើកាមេរ៉ា LUMIX S1R និង S1 បាន​ដោយ​គ្មានបញ្ហា។

កាមេរ៉ា LUMIX ស៊េរី S នេះ មាន​សមត្ថភាព​អាច​ផ្ដិត​រូបភាព​មាន​គុណភាព​ខ្ពស់ និង​ផ្ដល់​នូវ​កម្រិត​ពណ៌​ច្បាស់។ វា​ក៏​មាន​ល្បឿន​ចាប់​រូបភាព​បាន​លឿន ជា​មួយ​ប្រព័ន្ធ AF System និង​មាន​ម៉ាស៊ីន Venus Engine ប្រភេទ​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ចាប់​រូបភាព​បាន​ត្រូវ​ប្លង់​ស្រប​តាម​ចិត្ត​ចង់​បាន។ កាមេរ៉ា​នេះ ក៏​មាន​មុខងារ​ថត​វីដេអូ​ឈាន​មុខ​គេ​ក្នុង​ឧស្សាហកម្ម​ថតរូប​​កម្រិត 4K (60p / 50p) ព្រម​​ទាំង​មាន​មុខងារ​គ្រប់គ្រង​ឆ្លាត​វៃ​ផង​ដែរ។

ចំពោះ​កាមេរ៉ា​ LUMIX S1R បាន​ពង្រីក​សមត្ថភាព​ដល់ ៤៧,៣ មេហ្គាភីកសែល ប្រភេទ Full-Frame មាន​សេនស័រ CMOS (ទំហំ 36mm x 24mm) មាន ISO 25600 ដែល​ផ្ដល់​កម្រិត Resolution ខ្ពស់​បំផុត​នៅ​ក្នុង​ឧស្សាហកម្ម​កាមេរ៉ា​ប្រភេទ Full-Frame Mirrorless។ LUMIX S1R ក៏​មាន​បំពាក់​នូវ High Resolution ជា​មុខងារ​ថ្មី​ដំបូង​គេ​សម្រាប់​កាមេរ៉ា​ប្រភេទ Full-Frame Mirrorless ដែល​អាច​ឲ្យ​យើង​ថត​រូប​បាន​ច្បាស់​កម្រិត​ខ្ពស់​បំផុត​ដល់ ១៨៧ មេហ្គាភីកសែល។

ដោយឡែក កាមេរ៉ា LUMIX S1 វិញ​មាន​ទំហំ​កាមេរ៉ា ២៤,២ មេហ្គាភីកសែល ប្រភេទ Full-Frame ដូចគ្នា និង​មាន​សេនស័រ CMOS (ទំហំ 35.6mm x 23.8mm) មាន ISO 51200 ដែល​ជួយ​ឲ្យ​រូបភាព​មាន​ពន្លឺ​ចូល​គ្រប់​គ្រាន់ និង​ជួយ​ឲ្យ​សាច់​រូប​ស្អាត​បែប​ធម្មជាតិ ហើយ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ច្រើន​ក្នុង​វិស័យ​ថត​វីដេអូ​លក្ខណៈ​អាជីព។ វា​មាន​សមត្ថភាព​ថត​វីដេអូ​ដល់ 4K បាន​យ៉ាង​ល្អ​លើ​កម្រិត 60p/50p និង​ផ្ដល់​នូវ​គ្រាប់​​ភីកសែល​បាន​ពេញលេញ (Full-pixel) លើ​វីដេអូ 4K កម្រិត 30p/25p ដើម្បី​ផ្ដល់​ភាព​ស្រស់​ស្អាត​គ្រប់​ឈុត​ទាំង​អស់​នៃ​វីដេអូ។ លើស​ពី​នេះ​ទៀត LUMIX S1 ក៏​បាន​អនុលោម​តាម​ខ្នាត 4:2:2 10-bit សម្រាប់ 4K 30p/25 និង 4K 60p/50p ហើយ​ក៏​មាន​រន្ធ​ត​ភ្ជាប់ HDMI ក៏​ដូច​ជា V-Log ជា​ដើម។

ប្រព័ន្ធ Contrast AF System កម្រិត​ខ្ពស់​របស់ Panasonic ក៏​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​បច្ចេកវិទ្យា DFD ដែល​ត្រូវ​បាន​វិវឌ្ឍន៍​ឡើង​តាម​ស្រ​បតាម​ការអភិវឌ្ឍ​នៃ​កាមេរ៉ា Mirrorless ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ AF System នៃ​កាមេរ៉ា LUMIX S1R/S1 កាន់​តែ​ធ្វើ​ការ​បាន​ពេញ​ទំហឹង។ LUMIX S1R/S1 ក៏​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទប់​លំនឹង (Image Stabilizer) និង O.I.S. (Optical Image Stabilizer, 2-axis) ជួយ​ឲ្យ​ការ​កាន់​ថត​ដោយ​ដៃ​អាច​រក្សា​លំនឹង​បាន​ល្អ។ ជា​មួយ​គ្នា​នេះ ក្រុមហ៊ុន Panasonic ក៏​បាន​ដាក់​ចេញ​នូវ Lens ស៊េរី​ថ្មី​ចំនួន ៣ ដែល​អាច​ប្រើ​ជា​មួយ​កាមេរ៉ា​ទាំង ២ គឺ LUMIX S PRO 50mm F1.4 (S-X50), LUMIX S PRO 70-200mm F4 O.I.S. (S-R70200) និង​ LUMIX S 24-105mm F4 MACRO O.I.S. (S-R24105) មក​ជា​មួយ​ដែរ។

លោក Nagatoshi Maresuke នាយក​គ្រប់គ្រង​ក្រុមហ៊ុន Panasonic ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​មាន​ប្រសាសន៍​ថា អស់​រយៈ​ពេល ២៥ ឆ្នាំ​ហើយ ដែល Panasonic បាន​ណែនាំ​នូវ​បច្ចេកវិទ្យា​សំខាន់ៗ​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​ខ្ពស់ ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ថត​រូប។ នៅ​ឆ្នាំ ២០០៨ ក្រុម​ហ៊ុន បាន​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​លើ​វិស័យ​ថត​រូប ដោយ​បាន​បញ្ចេញ​នូវ​ម៉ាស៊ីន​ថត​រូប​ឌីជីថល Single Lens Mirrorless មុន​គេ​បង្អស់​របស់​ខ្លួន គឺ LUMIX G1។ ចាប់​ពី​ពេល​នោះ​មក ក្រុមហ៊ុន​បាន​អភិវឌ្ឍន៍​ផលិតផល​ម៉ាស៊ីន​ថត​រូប​របស់​ខ្លួន ជា​មួយ​មុខងារ​ប្រើប្រាស់​ថ្មីៗ នាំ​មក​ដាក់​ក្នុង​ម៉ាស៊ីន​ថត​រូប​ដ៏​តូច។ Panasonic បាន​ដឹង​ពី​សារសំខាន់​នៃ​រូបភាព និង​អំណាច​របស់​វា​ដែល​អាច​ផ្លាស់​ប្ដូរ​សង្គម​បាន រួម​ជា​មួយ​បច្ចេកវិទ្យា​ឌីជីថល​ឈាន​មុខ​គេ។

លោក Nagatoshi Maresuke បន្ត​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាន​ប្រកាស​អំពី​ការ​អភិវឌ្ឍ​នៅ​ក្នុង​មជ្ឈមណ្ឌល​ពិព័រណ៍ Photokina នៅ​សហគមន៍​អឺរ៉ុប​កាល​ពី​ឆ្នាំ ២០១៨ ពេល​នេះ​ក្រុមហ៊ុន Panasonic មាន​កិត្តិយស​សូម​ធ្វើ​ការ​ណែនាំ និង​សម្ពោធ​ជា​ផ្លូវ​ការ​កាមេរ៉ា LUMIX S1R និង S1 ដែល​ជា​កាមេរ៉ា​ឌីជីថល Single-Lens Mirrorless ដំបូង​បង្អស់​របស់ Panasonic ដែល​បំពាក់​នូវ​សេនស័រ CMOS ទំហំ 35mm ប្រភេទ Full-Frame មក​កាន់​ប្រទេស​កម្ពុជា៕

អត្ថបទ៖ សុខហេង

មតិយោបល់