- 2019-06-03 06:18:56
- ព័ត៌មាន
ចង់ឲ្យអក្សរខ្មែរវាយបានរហ័សលើ iPhone លីហេងបង្កើតក្ដារចុចឡើង សូម្បីលុយមួយរៀលក៏មិនបានផង
- 2019-06-03 06:18:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យអក្សរខ្មែរវាយបានរហ័សលើ iPhone លីហេងបង្កើតក្ដារចុចឡើង សូម្បីលុយមួយរៀលក៏មិនបានផង
ចន្លោះមិនឃើញ
“ខ្ញុំបានបង្កើតក្ដារចុចថ្មីនេះឡើង សូម្បីលុយមួយរៀលក៏មិនបានដែរ" ភួយ លីហេងបានតបទៅអ្នកគាំទ្ររបស់លោក ដែលចង់ឲ្យមានការបង្កើតថ្មីបន្ថែមទៀតលើក្ដារចុច លក្ខណៈខ្មែរ។
លីហេង ជាអតីតនិស្សិតវិស្វករមេកានិច ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតមកពីប្រទេសថៃ បានប្រាប់ Sabay ឲ្យដឹងថា ដោយសារយុវវ័យខ្មែរភាគច្រើន មានទំនោរលើការវាយអក្សរអង់គ្លេសសំនៀងខ្មែរលើអ៊ីនធឺណិត ឬវាយជាភាសាជាតិគេច្រើន ទើបលោកព្យាយាមស្រាវជ្រាវបង្កើតក្ដារចុចថ្មីនេះឡើង ទាំងមិនដែលរៀនជំនាញ IT ទាល់តែសោះ។
លីហេង បានបន្ថែមថា លោកបានចំណាយថវិកា និងពេលវេលាផ្ទាល់ខ្លួន ដើម្បីធ្វើឲ្យក្ដារចុចថ្មីនេះចេញជារូបរាង និងដាក់ឲ្យទាញយកដោយឥតគិតថ្លៃ ប៉ុន្តែនៅមិនទាន់មានលទ្ធភាពបង្កើតមុខងារថ្មីទៀត ស្របតាមសំណូមពររបស់អ្នកគាំទ្រនោះទេ។
លោកបញ្ជាក់ថា ការបង្កើតក្តារចុចត្រូវការចំណាយច្រើន ពេលវេលា និងក្រុមការងារដើម្បីជួយលើការងារនេះ។ យ៉ាងណា លោកនឹងប្រឹងប្រែងបង្កើតមុខងារថ្មីៗបន្ថែមទៀត ដើម្បីធ្វើឲ្យការប្រើប្រាស់ក្តារចុចលក្ខណៈខ្មែរនេះមានភាពប្រសើរ ទៅតាមលទ្ធភាពដែលអាចទៅរួច។
ការបង្កើតក្ដារចុចថ្មីនេះឡើង ដោយសារមើលឃើញការសរសេរអក្សរខ្មែរម្ដងៗនៅលើឧបករណ៍នានាមានភាពយឺតយ៉ាវ ស៊ាំញាំ សូម្បីតែការសរសេរប្រយោគធម្មតា ឬ ន័យសាមញ្ញក៏មានការលំបាកច្រើន។
យុវជនរូបនេះបន្តថា លក្ខណៈពិសេសរបស់ក្ដារចុចថ្មីមួយនេះ ងាយស្រួលមើល ( ព្យញ្ជនៈមួយចំហៀង ស្រៈមួយចំហៀង) បង្ហាញពីលក្ខណៈនៃអក្សរក្រមខ្មែរ កាត់បន្ថយនៃការប្រើប្រាស់ shift បានច្រើន កាត់បន្ថយនៃការប្រើកម្លាំងលើម្រាមដៃ ឆ្លាស់ដៃ និង កន្លាស់ដៃ និងអាចវាយចំនួនអក្សរបានច្រើនមានភាពរលូន។
លោក ដាញ់ ហុង ស្ថាបនិកខ្មែរយូនីកូដក៏បានលើកសរសើរពីក្ដារចុចលក្ខណៈខ្មែរនេះ ដែលបានសិក្សាស៊ីជម្រៅ ត្រឹមត្រូវទៅតាមទម្រង់ក្ដារចុច។ ការតម្រៀបពុម្ពអក្សរនៃក្ដារចុច លក្ខណៈខ្មែរ ខុសគ្នាពីពុម្ពអក្សរក្ដារចុចដែលធ្លាប់ប្រើពីមុន។ តាមយុវជនដែលជាស្ថាបនិករូបនេះបញ្ជាក់ថា មានគោលគំនិតរួមមួយ គឺចង់បង្ហាញឱ្យប្រជាជនខ្មែរគ្រប់រូប មានអត្តសញ្ញាណមួយច្បាស់លាស់ លើក្ដារចុចមួយនេះ។ ពលរដ្ឋត្រូវហ៊ានទទួលស្គាល់ថា កូនខ្មែរមួយចំនួនបានចេះវាយភាសាគេ មុនចេះវាយភាសាកំណើតរបស់ខ្លួន នៅលើកុំព្យូទ័រ ព្រោះថា Keyboard របស់គេនីមួយៗ ភ្ជាប់និងភាសារបស់គេដែលមានស្រាប់ ឬអាចនិយាយបានថា ទាំងអស់គ្នាប្រឹងសម្របតាមបច្ចេកវិទ្យារបស់គេ។
លោក ភួយ លីហេង ជាវិស្វករមេកានិចដែលបានស្រាវជ្រាវបង្កើតបានក្ដារចុចថ្មីមួយ ទាំងខ្លួនមិនដែលបានរៀនជំនាញ IT ទាល់តែសោះ។ ក្តារចុចនេះមានឈ្មោះថា លក្ខណៈខ្មែរ (Khmerism Layout)។ ការបង្កើតបានក្តារចុចនេះ ក៏មានការទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមស្ថាបនិកខ្មែរយូនីកូដផងដែរ។
លីហេង បានបន្តថា ការបង្កើតក្តារចុចនេះដោយសារបទពិសោធន៍ ដែលគេបានសិក្សានៅប្រទេសថៃមើលឃើញជនជាតិថៃមានការគាំទ្រអក្សរសាស្រ្តរបស់ពួកគេយ៉ាងខ្លាំងមិនថាការប្រើប្រាស់ឬសរសេរ ដូច្នេះគេចង់បង្កើតក្តារចុចនេះឲ្យជនជាតិខ្មែរឲ្យតម្លៃអក្សរសាស្រ្តជាតិខ្លួនដោយត្រូវតែប្រើប្រាស់ឲ្យបានច្រើនលើបណ្តាញអ៊ីនធឺណិត ដើម្បីលើកស្ទួយដល់អក្សរសាស្រ្តជាតិរបស់ខ្លួន៕
ចុចអានបន្ត៖