• 2019-05-23 03:50:00
  • ព័ត៌មាន

មេ Nokia ថាបញ្ហារវាង Huawei និងអាមេរិក ជារឿងល្អសម្រាប់ Nokia 5G

  • 2019-05-23 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ​Rajeev Suri ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nokia ​បាន​លើក​ឡើង​ថា ​ខណៈ​ដែល​ក្រុមហ៊ុន Huawei កំពុង​មាន​បញ្ហា​រាំង​ស្ទះ​ដំណើរ​ទៅ​មុខ​នៃ​បច្ចេកវិទ្យា​ 5G ផ្ទុយ​ទៅ​វិញ ​វា​ជា​ពេល​វេលា​ល្អ​សម្រាប់ Nokia ​អាច​ទទួល​បាន​អត្ថប្រយោជន៍​រយៈពេល​វែង​ រួម​ទាំង​ដំណើរការ​អភិវឌ្ឍន៍​ប្រព័ន្ធ 5G ផង​ដែរ។

​លោក​បន្ត​ថា ​ដូច​អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា Nokia ​យឺតយ៉ាវ​ក្នុង​ការ​ប្រកាស​ចេញ​សេវាកម្មបណ្ដាញប្រព័ន្ធ 5G ជាងក្រុមហ៊ុនដទៃទៀតដល់ទៅច្រើនខែ ហើយព្រមទាំងមិនអាចធ្វើការផ្គត់ផ្គង់ ឧបករណ៍ទូរគមនាគមន៍ 5G ទៅកាន់ក្រុមហ៊ុននានាបានទាន់ពេលវេលាដែលកំណត់។

ដូច​នេះខណៈពេលដែល Huawei កំពុងត្រូវការពេល ដោះស្រាយនូវបញ្ហា ជាមួយនឹងសហរដ្ឋអាមេរិក ដោយមានក្រុមអ្នកវិភាគមួយចំនួនបានរំពឹងទុកថា Nokia និងក្រុមហ៊ុនទូរគមនាគមន៍ Ericsson នឹងទទួលបានផលប្រយោជន៍ ក្នុងការចែកចាយលក់សេវាកម្ម 5G របស់ខ្លួន។

លើសពីនេះទៅទៀត កាលពីចុងខែមេសា ឆ្នាំ 2019 ក្រុមហ៊ុន Nokia ទទួលបានអតិថិជនត្រឹមតែមួយក្រុមហ៊ុនប៉ុណ្ណោះ ដែលចង់សហការគ្នាទិញយកសេវាកម្មប្រព័ន្ធ 5G ពីក្រុមហ៊ុនរបស់ខ្លួន។

ប៉ុន្តែរបាយការណ៍ថ្មីបានបង្ហាញថា មានក្រុមហ៊ុនរកទិញ ឧបករណ៍ទូរគមនាគមន៍ 5G ពីក្រុមហ៊ុន Nokia កើនឡើងដល់ទៅ 37 ក្រុមហ៊ុនឯណោះ ដែលទាំងនោះរួមាន T-Mobile, AT&T, STC និង Telia។ 

លោក Rajeev Suri ក៏បានឆ្លើយតបបន្ថែម ទៅកាន់អ្នកវិនិយោគ ទាំងអស់នោះទៀតថា គាត់នៅតែមានទំនុកចិត្តថា ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន នឹងនៅបន្ដការកើនឡើង តទៅមុខទៀត។

សម្រាប់ការជួញដូរ ចុងក្រោយ ស្ថិតនៅឯរាជធានី Helsinki ក្នុងប្រទេសហ្វាំងឡង់ គឺបានធ្វើឲ្យភាគហ៊ុន ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Nokia កើនឡើងបាន 1.9 ភាគរយថែមទៀត៕

ប្រភព៖ GSMarena | VentureBeat ប្រែ​សម្រួល៖ រក្សា

មតិយោបល់