• 2019-04-12 04:18:43
  • ព័ត៌មាន

ភ្ញាក់ផ្អើល និង​សោកស្តាយ​ណាស់! យាន​អវកាស​ប្រទេស​នេះ ធ្លាក់​លើ​ភព​ព្រះ​ចន្ទ

  • 2019-04-12 04:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យានអវកាស​របស់​អ៊ីស្រាអែល ឈ្មោះ Beresheet បាន​ធ្លាក់​លើ​ភព​ព្រះចន្ទ ដោយ​សារ​បញ្ហា​បច្ចេកទេស​ (ម៉ាស៊ីន) ក្នុង​អំឡុង​ពេល​ព្យាយាម​ចុះ​ចត​លើ​ផ្ទៃដី​ភពនេះ នៅថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៩។

រូប​ភពព្រះចន្ទ​ដែលយាន Beresheet ថតបាន​ មុនពេលធ្លាក់

លោក Morris Kahn ប្រធាន​គ្រប់គ្រង​គម្រោង​នេះ បាន​បញ្ជាក់​ថា «យើងមិន​អាច​សម្រេច​បានឡើយ ប៉ុន្តែយើង​បាន​ព្យាយាម​អស់ពី​លទ្ធភាព​ហើយ»។

ចំណែក​លោក​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល Benjamin Netanyahu ដែល​កំពុង​មើល​ការ​ចុះចត​ពី​បន្ទប់​បញ្ជា​ បាន​និយាយ​ថា លើកទី១ មិន​ជោគជ័យ តែត្រូវ​ព្យាយាម​ម្តងទៀត។

ការ​បរាជ័យ​ក្នុងការ​ចុះចត​លើ​ភព​ព្រះចន្ទ​នេះ គឺ​មិន​អាច​ធ្វើឱ្យ​អ៊ីស្រាអែល ក្លាយ​ជា​ប្រទេស​ទី៤ ដែល​បញ្ជូន​យានអវកាស​ទៅកាន់​ភព​នេះ​បានឡើយ បន្ទាប់ពី​អាមេរិក រុស្ស៊ី (អតីត​សហភាព​សូវៀត) និង​ចិន។

រូប​ភពព្រះចន្ទ​ដែលយាន Beresheet ថតបាន​ មុនពេលធ្លាក់

សូមរំលឹក​ថា យាន​អវកាស Beresheet ត្រូវបាន​បាញ់​បង្ហោះ​តាមរយៈ​គ្រាប់​រ៉ុកកែត Falcon 9 របស់​ក្រុមហ៊ុន Space X ចេញពី​មជ្ឈមណ្ឌល​ Cape Canaveral រដ្ឋ Florida សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ យាន​នេះ មាន​ទម្ងន់​ត្រឹម​តែ ១៦០គីឡូក្រាម​ប៉ុណ្ណោះ​ជាមួយ​តម្លៃ​ត្រឹម ១០០លាន​ដុល្លារ បាន​ធ្វើឱ្យ​វា​ក្លាយជា​យាន​ដែល​តូច និង​ថោក​ជាងគេ​បំផុត ដែលបាន​ទៅដល់​ព្រះចន្ទ ប៉ុន្តែ​ត្រូវបាន​បរាជ័យ​ក្នុងការ​ចុះចត។

គោលដៅ​នៃ​បេសកកម្ម​នេះ គឺ​ដើម្បី​ផ្តិតយក​រូបភាព និង​ធ្វើការ​ពិសោធន៍​នៅលើ​ភព​ព្រះចន្ទ។

ការ​បង្កើត​យាន​អវកាស​នេះ គឺក្រោម​កិច្ច​សហការ​រួមគ្នា​រវាង​ក្រុមហ៊ុន​ឯកជន SpaceIL និង​ក្រុមហ៊ុន​រដ្ឋ Israel Aerospace Industries ប៉ុន្តែ​ក្រុមហ៊ុន SpaceIL គឺជា​ផ្តល់​មូលនិធិ​ស្ទើរតែ​ទាំងស្រុង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

មតិយោបល់