• 2019-03-14 01:19:05
  • ព័ត៌មាន

សរុប​ឡើង​វិញ​ពី​ដំណើរ​ទស្សនកិច្ច​របស់​មហាសេដ្ឋីចិន Jack Ma នៅ​ខេត្ត​សៀមរាប

  • 2019-03-14 01:19:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហា​សេដ្ឋី​ចិន​លោក ជេក ម៉ា (Jack Ma) ជា​សហ​ស្ថាបនិក និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Alibaba Group បាន​មក​ទស្សនកិច្ច​ នៅ​ខេត្ត​សៀមរាប​ជា​លក្ខណៈ​ឯកជន រយៈ​ពេល​២ថ្ងៃ ពី​ថ្ងៃ​ទី​១២ ដល់​ទី​១៣ ខែ​មីនា ឆ្នាំ២០១៩​នេះ។ នេះ​បើ​យោង​តាម​អត្ថបទ​របស់​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប​​ ដែល​ចុះផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​១៣​មីនា​នេះ។

ប្រភពឲ្យដឹងថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ជេក ម៉ា ស្លៀកពាក់​យ៉ាង​សាមញ្ញ អម​ដោយ​ក្រុមការងារ​ចំនួន​៥នាក់ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ចិន​មួយ​រូប បាន​ទស្សនកិច្ច​នៅ​តាម​ប្រាសាទ​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប មាន​ដូចជា​ប្រាសាទ​តាព្រហ្ម, ប្រាសាទបាយ័ន, ប្រាសាទអង្គរវត្ត និង​ចុងក្រោយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​នេះ លោក​បាន​ទៅ​ទស្សនា​ប្រាសាទ​បន្ទាយស្រី​។

វត្តមាន​របស់​លោក ជេក ម៉ា បាន​ធ្វើឲ្យ​មាន​ភាព​រំជើបរំជួល​ពី​សាធារណជន​ជា​ទូទៅ និង បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន​ជា​ទូទៅ ពិសេស​ភ្ញៀវ​ទេសចរ​នៅ​តាម​ប្រាសាទ ដែល​ប្រទះ​ឃើញ​រូប​លោក ខណៈ​ភ្ញៀវ​ទេសចរ​ទាំងនោះ បាន​តាម​ប្រមាញ់​រូបភាព​លោក ក៏ដូចជា​ថតរូប​ជាមួយ​លោក​ផងដែរ​។

ក្នុង​ដំណើរ​ទស្សនា​ប្រាសាទ​អង្គរវត្ត លោក ជេក ម៉ា បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ឆ្លើយ​យ៉ាង​ខ្លី​ថា ប្រាសាទ​បុរាណ​ខ្មែរ​ពិតជា​អស្ចារ្យ​ណាស់ ហើយ​លោក​ក៏​បាន​បង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល និង​កោតសរសើរ​ពី​រូប​ចម្លាក់​ទៅ​តាម​ជញ្ជាំង​ប្រាសាទ​អង្គរ។

អម​ដំណើរ​ទស្សនា​នៅ​ប្រាសាទ​អង្គរវត្ត​នោះ​ដែរ លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរជាតិអប្សរា ជឿជាក់​ថា តាម​រយៈ​វត្តមាន​របស់​លោក ជេក ម៉ា ក៏ដូចជា​បុគ្គល​ល្បីៗ​ផ្សេង​ទៀត​ក្នុង​ពិភពលោក ក្នុង​ការ​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ ពិតជា​ធ្វើឲ្យ​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍ កាន់តែ​ចាប់​អារម្មណ៍ ហើយ​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​កាន់តែ​ច្រើន​ឡើង​ៗ​ជា​រៀងរាល់​ឆ្នាំ​បន្ថែម​ទៀត​។

លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖ «វត្តមាន​របស់​លោក ជេក ម៉ា (Jack Ma) ពិតជា​រួមចំណែក​ជួយ​ជំរុញ​ការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា និង​ការ​វិនិយោគ​ផ្សេងៗ ហើយ​តាម​រយៈដំណើរ​ទស្សនកិច្ច​នេះ​ដែរ បាន​បង្ហាញ​ដល់​ពិភពលោក​ថា កម្ពុជា ជា​ប្រទេស​មួយ​កំពុង​អភិវឌ្ឍ និង មាន​សុខ​សន្តិភាព​ពេញលេញ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា»។

លោក ជេក ម៉ា នឹង​ចាកចេញ​ពី​ខេត្តសៀមរាប តាម​ជើង​ហោះហើរ​នៅ​ម៉ោង ២​រសៀល​នេះ ហើយ​មិនដឹង​ថា គោលដៅ​បន្ទាប់​របស់​លោក ជេក ម៉ា នឹង​ទៅ​ប្រទេស​ណា​បន្ត​ទៀត​ទេ ដោយសារ​ដំណើរ​ទស្សនកិច្ច​នេះ​ជា​លក្ខណៈ​ឯកជន និង​រឹតត្បិត​ព័ត៌មាន ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​លោក៕

រូប៖ មន្ទីរព័ត៌មានខេត្តសៀមរាប

អត្ថបទ៖ លាភ

មតិយោបល់