• 2019-02-14 01:35:00
  • ព័ត៌មាន

ក្មេង​ប្រុស​វ័យ ១៩ ឆ្នាំ​ច្នៃ​បាន​ដៃ​មនុស្សយន្ត​សិប្បនិមិត្ត ​បង្កើត​ចេញ​ពី​បំណែក Lego

  • 2019-02-14 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យ​ជំទង់ David Aguilar ​បាន​បង្កើត​ដៃ​មនុស្សយន្ត​សិប្បនិមិត្ត ​ក្រោយ​ខូច​ចិត្ត​ត្រង់​ខ្លួន​ពិការ​តាំង​ពី​នៅ​កុមារភាព។ ជា​ការ​បំផុស​គំនិត​និង​លើកទឹកចិត្ត​ដល់​ក្មេង​ប្រុស​វ័យ ១៩ ឆ្នាំ សិក្សា​នៅ​មហាវិទ្យាល័យ Internacional de Catalunya ក្នុង​ប្រទេស​អេស្ប៉ាញ ​ចាប់​យក​បំណែក​នៃ​ជ័រ Lego ​មក​បង្កើត​ចេញ​ជា​ដៃ​មនុស្សយន្ត​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន​នៅ​ផ្នែក​ខាង​ស្តាំ។

ទល់​បច្ចុប្បន្ន Aguilar ​បង្កើត​បាន​ដៃ​ជំនាន់​ទី ៤ ហើយ ​ដោយ​វិវត្ត​ត្រង់​ការ​រចនា​ពណ៌​ថ្មី និង​សមត្ថភាព​នៃ​ការ​ធ្វើ​ចលនា​បាន​ប្រសើរ​ជាង​ជំនាន់​មុន។ បញ្ជាក់​ប្រាប់ Reuters ​រូប​គេ​ប្រាប់​ថា៖ "កាល​ពី​នៅ​ក្មេង​ខ្ញុំ​ពិត​ជា​ភ័យ​ព្រួយ​នឹង​ការ​ប្រឈម​ចំពោះ​មុខ​អ្នក​ដទៃ ​ព្រោះ​មាន​កាយសម្បទា​ខុស​ពី​គេ ប៉ុន្តែ​វា​ពុំ​បាន​បញ្ឈប់​ខ្ញុំ​ក្នុង​ការ​ជឿជាក់​លើ​ក្តី​ស្រមៃ​ឡើយ"។

Aguilar បន្ត​ថា៖ "ខ្ញុំ​ពិត​ជា​ចង់​ឃើញ​ខ្លួន​ឯង​ក្នុង​កញ្ចក់​ដូច​ទៅ​នឹង​មនុស្ស​ឯ​ទៀត ដោយ​មាន​ដៃ​ទាំង​ពីរ"។ សម្រាប់​ដៃ​សិប្បនិមិត្ត​ម៉ូឌែល​ក្រោយ​នេះ គឺ​ច្នៃប្រឌិត​តាម​វីរបុរស​តួ​អង្គ Iron Man និង​ឈុត MK។

សព្វថ្ងៃ​មាន​គណនី​លើ YouTube ផ្ទាល់​ខ្លួន ឲ្យ​រហ័សនាម "Hand Solo" ​ក្នុង​គោលដៅ​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ថា​គ្មាន​អ្វី​ដែល​មិន​អាច​កើត​ឡើង និង​ភាព​ពិការ​ក៏​មិន​អាច​បញ្ឈប់​ពួក​គេ​បាន​ដែរ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ ​ខ្លួន​ចង់​បង្កើត​ដំណោះស្រាយ​សមរម្យ​មួយ​សម្រាប់​មនុស្ស​ដែល​មាន​តម្រូវការ​បញ្ហា​ទាំង​នេះ។

លោក​បញ្ចប់​ថា៖ "ខ្ញុំ​នឹង​ព្យាយាម​ផ្តល់​ឲ្យ​ពួក​គេ​ទទួល​បាន​របស់​ជំនួស កុំ​ថា​ឡើយ​ទោះ​ត្រូវ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ ដើម្បី​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ដូច​ទៅ​នឹង​មនុស្ស​ឯ​ទៀត"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Reuters ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់