• 2018-12-17 03:52:36
  • ព័ត៌មាន

Apple ត្រូវ​គេ​ប្តឹង​អួត iPhone X, XS និង XS Max ខុសពីការពិត

  • 2018-12-17 03:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ មានពាក្យ​បណ្ដឹងប្ដឹងដល់ក្រុមហ៊ុន Apple ដែលចោទប្រកាន់ក្រុមហ៊ុនយក្សអាមេរិកមួយនេះពន្លើសព័ត៌មាន ខុសពីការពិតលើ​កំពូល Smartphone របស់ខ្លួន ចំនួន ៣ ម៉ូដែល មកពី ២ ជំនាន់ផ្សេងគ្នាគឺ iPhone X (2017), iPhone XS និង iPhone XS Max (2018)។

ដើមបណ្ដឹង ២ រូបបានដាក់ពាក្យបណ្ដឹងទៅតុលាការនៅ US District ភាគខាងជើង រដ្ឋកាលីហ្វ័រញ៉ា ដោយចោទប្រកាន់ថា Apple បានផ្សាយពាណិជ្ជកម្មពីផលិតផលខុសពីការពិត ពីទំហំអេក្រង់ និងដង់ស៊ីតេភិចសែលអេក្រង់ លើផលិតផល ៣ មាន iPhone X, XS និង XS Max ដោយដើមបណ្ដឹងនោះ បានប្ដឹងក្រុមហ៊ុនទាំងមូលតែម្ដង មិនចោទប្រកាន់ទៅលើបុគ្គល ឬក៏ផ្នែកណាជាក់លាក់ឡើយ។

និយាយឲ្យលម្អិតពីការចោទប្រកាន់នេះ ដើមបណ្ដឹងបានលើកឡើងថា Apple រាប់យកទាំងផ្នែកក្បាលឆករបស់អេក្រង់ និងគែមជុំវិញ ចូលមកទាំងអស់ដើម្បីឲ្យអេក្រង់របស់ខ្លួនបានកាន់តែធំ។ បើតាមពាក្យបណ្ដឹងដែលមានចំនួន ៥៥ ទំព័រនោះ ទំហំពិតប្រាកដរបស់ iPhone X និង iPhone XS មានត្រឹមតែ ៥,៦៨៧៥ អ៊ីញប៉ុណ្ណោះ តិចជាងអ្វីដែល Apple ប្រកាសថាមានទំហំដល់ទៅ ៥,៨ អ៊ីញ។ បញ្ហាមួយទៀតគឺ ចំនួនដង់ស៊ីតេភិចសែល ដែល Apple បានផ្សាយខុសពីភាពជាក់ស្ដែង។

បើតាមអ្វីដែល Apple បានបញ្ចេញ អេក្រង់ OLED របស់ iPhone X និង XS មានទំហំ ២៤៣៦x១១២៥ ប៉ុន្តែនៅក្នុង ភិចសែលនៃអេក្រង់នោះមិនមែនជា ភិចសែលពិតដែលមាន Subpixel Red, Green, Blue (RGB) នៅគ្រប់ភិចសែលរបស់អេក្រង់ឡើយ។ តាមពាក្យបណ្ដឹងនោះ អេក្រង់ iPhone X មាន Subpixels តែ ២ ប៉ុណ្ណោះ ក្នុងមួយភិចសែល ហើយក៏បានលើកឡើងទៀតដែរថា អេក្រង់របស់ iPhone 8 Plus មានគុណភាពខ្ពស់ជាង iPhone X ទៀតផង។

ជាការពិតណាស់ នេះមិនមែនជាលើកទីមួយឡើយ ដែល Apple ត្រូវបានគេប្ដឹងពីផលិតផលរបស់ខ្លួន។ កាលពីខែមិនាឆ្នាំនេះ មានពាក្យបណ្ដឹង ៥៩ បានប្ដឹង Apple ពីបទកាត់បន្ថយល្បឿន iPhone ស៊េរីចាស់ៗដែលមានបញ្ហាថ្ម និងនៅក្នុងខែមិថុនា មានបណ្ដឹងមួយបានទាមទារបា្រក់ ៥ លានដុល្លារពី Apple លើរឿង អេក្រង់របស់ Apple Watch ដែលងាយបែក ប្រេះ ឬរបេះចេញពីតួនាឡិកា។

មកដល់ពេលនេះ ទាំង Apple និងដើមបណ្ដឹងមិនទាន់បានចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈ នៅឡើយទេ។

ចុចអាន៖

ប្រភព៖ Cnet ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់