- 2018-12-13 05:14:00
- ព័ត៌មាន
ពីមុន GMK ធ្វើឱ្យឪពុកម្ដាយពិបាកចិត្ត ឥឡូវជា YouTuber រកចំណូលបានពាន់ដុល្លារក្នុងមួយខែៗ
- 2018-12-13 05:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីមុន GMK ធ្វើឱ្យឪពុកម្ដាយពិបាកចិត្ត ឥឡូវជា YouTuber រកចំណូលបានពាន់ដុល្លារក្នុងមួយខែៗ
ចន្លោះមិនឃើញ
ជីវិតជាសិស្សអនុនិងវិទ្យាល័យ ជិននាង ហេងម៉េង ជាសិស្សម្នាក់មិនសូវខ្វល់ខ្វាយឡើយ ពោលគឺដើរលេងឥតប្រយោជន៍ច្រើនជាងការសិក្សា ហើយពេលខ្លះយុវជន បានបង្កជម្លោះឈ្លោះវាយតប់ហើមមុខមាត់ និងនាំរឿងមិនល្អជាហូរហែចូលផ្ទះ នាំទុក្ខដល់ឪពុកម្ដាយ។ ទោះបីជាយ៉ាងណា ក្រោយកែខ្លួនអំឡុងពេលរៀននៅសាកលវិទ្យាល័យ ជីវិតរបស់យុវជន ចាប់ផ្ដើមផ្លាស់ប្ដូរបន្តិចម្ដងៗ ហើយពេលនេះយុវជនដែលមានឈ្មោះបោះសំឡេង លើបណ្ដាញសង្គម Facebook និង YouTube GMK មានការងារធ្វើល្អមួយ ដោយអាចរកចំណូលជាមធ្យម ចន្លោះពី ២ ៥០០ ដុល្លារទៅ ៣ ០០០ ដុល្លារក្នុងមួយខែៗ។
ចំណូលដែលយុវជនមានរហស្សនាមមួយទៀតថាបិសាចសក់ស រកបានគឺតាមរយៈ Sponsor ដោយក្នុងមួយឆ្នាំ លោកអាចទទួលបាន ២ ទៅ ៣ គម្រោង។ គម្រោង GMK ទទួលធ្វើមានដូចជា ធ្វើ MC, Review Game App និងរៀបចំកម្មវិធីផ្សេងៗជាដើម ខណៈប្រាក់បានពី YouTube គឺតិចតួចបំផុត ប៉ុន្តែយុវជនមិនផ្ដោតខ្លាំងលើបណ្ដាញសង្គមមួយនេះឡើយ។
បន្ថែមលើនេះអតីតសិស្សអនុវិទ្យាល័យចាក់អង្រែក្រោម អាចរកចំណូលបានមួយផ្នែកទៀត តាម Facebook Star (សម្រាប់តែអ្នក Live Stream ហ្គេមប៉ុណ្ណោះ) ដែល Facebook ទើបតែដាក់ឱ្យដំណើរការកាលពីពេលថ្មីៗនេះ។ តាមសម្ដីរបស់ GMK ត្រង់ចំណុចនេះ បើអ្នក មើលការ Live របស់លោក ហើយចំណាយលុយទិញ ១ ស្តា (One Star) ឱ្យលោក លោកនឹងបាន១សេន ហើយមួយសេននេះ ត្រូវចែក ៥០% ជាមួយ Facebook។ ចំពោះការទិញ Star របស់ Facebook នេះ ធ្វើឡើងតាមរយៈ Visa ឬ Master Card។
“និយាយទៅ Facebook Star ហ្នឹងដូច Twitch ដែរ គ្រាន់ថា Twitch គេឱ្យជាលុយ ប៉ុន្តែអានេះ Facebook វា Update មក វាចង់ប្រជែងជាមួយ Twitch ដែរ ប៉ុន្តែលក្ខណៈធ្វើជា Star ហើយគេចងអាហ្នឹងជាមួយកម្មវីធីសម្រាប់ Stream ចឹងពេលគេឱ្យមក លោតឈ្មោះអ្នកឱ្យលើ Screen ហ្នឹងហ្មង...សម្រាប់ Facebook Star យើងអាចទិញបានពី Facebook ... បើ Suggest របស់ខ្ញុំ គួរឱ្យតាមកុងគាត់វិញល្អជាង បើទិញតាម Facebook ខាតអស់ ៥០% ហើយយូរបាន ...១ខែទើប Facebook វេរចូលកុងឱ្យ"។
ចំណុចនេះ GMK បានបន្ថែមថា ដូចករណីពេលលោក Live បាញ់ PUBG អ៊ីចឹង បើអ្នកទស្សនាចង់ឱ្យលោកធ្វើអ្វី លោកនឹងធ្វើតាម ប៉ុន្តែលោកផ្ដល់អាទិភាពមុន ដល់អ្នកឱ្យ Star ដល់លោកច្រើនជាងគេ។ តាមរយៈ Facebook Star ក្នុង១ខែ យុវជនកូនចៅចិន អាចរកបានចន្លោះខ្ទង់ ៣០០ ដុល្លារដែរក្នុងខែដំបូង។
តើពីមុន ហេងម៉េង ធ្វើអ្វីខ្លះទើបក្លាយជា YouTuber រកចំណូលបានខ្ទង់ពាន់ដុល្លារបែបនេះ?
ដំបូងឡើយយុវជនត្រឹមជាក្មេងចូលចិត្តកីឡាអេឡិចត្រូនិក និងជាក្មេងដើរលេងផឹកស៊ី មិនសូវខ្វល់ពីការសិក្សាប៉ុណ្ណោះ។ ថ្ងៃមួយយុវជនបានទៅចូលលេងកីឡា E-Sport នៅ Net មួយកន្លែងក្នុងទីក្រុងភ្នំពេញ ហើយឪពុកក៏តាមទាន់ និងផ្ដល់រង្វាន់ខ្សែក្រវាត់លើដងខ្លួនជាទីគាប់ចិត្ត (វាយនឹងក្រខ្សែក្រវាត់)។ ចាប់តាំងពីពេលនោះមក យុវជនចាប់ផ្ដើមកែខ្លួនបន្តិចម្ដងៗ ប៉ុន្តែនៅតែលេងហ្គេមដដែល។
យុវជនដែលចូលចិត្ត E-Sport តាំងពីថ្នាក់ទី ៨-៩ បានបញ្ជាក់ថា៖ "ប៉ាម៉ាក់អត់ចូលចិត្ត ពេលឃើញយើងទៅរៀន យើងបែរចូល Net ចូលអីចឹង...ថ្ងៃមួយពេលខ្ញុំកំពុងអង្គុយលេង ប៉ាចាប់បានពីក្រោយ មកដល់ផ្ទះគាត់តម្រៀបខ្សែក្រវាត់ឱ្យរើស ត្រូវច្រើនបង!...តែចាប់តាំងពីកែខ្លួន ខ្ញុំមានការងារធ្វើមក គាត់ឱ្យខ្ញុំឯករាជ្យខ្លួនឯងច្រើន ហើយគាត់ថាលេងហ្គេមនៅផ្ទះ គ្រាន់បើជាងដើរលេងក្រៅ។ ឥឡូវគាត់សប្បាយចិត្តតើបង ពេលយើងអាចរកចំណូលបានខ្លួនឯង គាត់ថាមិននឹកស្មានថាខ្ញុំមានថ្ងៃហ្នឹង គាត់ថាអស់សង្ឃឹមហើយលើកូនមួយហ្នឹង គាត់លែងខ្វល់ហ្មង"។
លេងហ្គេមយូរៗទៅ អតីតនិស្សិតសាកលវិទ្យាល័យបៀលប្រាយ ផ្នែក Network បានវិវឌ្ឍខ្លួនក្លាយជាអ្នកជំនាញគួរសមម្នាក់ និងមានអ្នកគាំទ្រច្រើនលើ YouTube អំឡុងឆ្នាំ ២០១៧ ដោយពេលនោះកូនច្បង ក្នុងចំណោមបងប្អនប្រុសស្រី៣នាក់ នៃគ្រួសារអាជីវករលក់ខោអាវរូបនេះ ធ្វើការ Live លេងហ្គេម Glory, ធ្វើវីដេអូចំណេះដឹងទាក់ទងបច្ចេកវិទ្យា និងហ្គេមផ្សេងជាច្រៀនទៀត។
តើមុនក្លាយជា YouTuber GMK មានប្រវត្តិការងារអ្វីខ្លះ?
អំឡុងឆ្នាំ ២០១៥ GMK ធ្លាប់ធ្វើជាអ្នករត់ខ្សែ Internet នៅក្រុមហ៊ុនឯកជនមួយ បានប្រាក់ខែ ៨០ ដុល្លារ។ ធ្វើបាន៣ខែយុវជនក៏ឈប់។ ក្នុងឆ្នាំដដែល ហេងម៉េង ក៏បានចូលធ្វើជាអ្នកប្រែសម្រួលអត្ថបទបច្ចេកវិទ្យា នៅគេហទំព័របច្ចេកវិទ្យាមួយ បានតម្លៃខ្លួន ១៨០ ដុល្លារក្នុងមួយខែ និងឆ្នាំ ២០១៧ ធ្វើជា HR នៅក្រុមហ៊ុនមួយក្នុងទឹកដីក្រុងព្រះសីហនុ ទទួលប្រាក់បៀវត្ស ៦៥០ ដុល្លារក្នុងមួយខែ។ ដោយហត់នឹងការងារពេក យុវជនក៏សម្រេចចិត្តឈប់ ហើយមកធ្វើ YouTuber ជំនាញកីឡា E-Sport ពេញម៉ោងរហូតមកដល់បច្ចុប្បន្ន។
ពេលសួរថាតើ GMK យល់យ៉ាងណាចំពោះការលេងកីឡាអេឡិចត្រូនិក?
តាមសម្ដីរបស់ GMK មានមនុស្សជាច្រើនគិតអវិជ្ជមានមកលើវិស័យកីឡាអេឡិចត្រូនិក ដូចជា មិនល្អ ធ្វើឱ្យខូចខ្លួនញៀន ធ្លាក់ក្នុងផ្លូវអាក្រក់ គ្មានបានជួយអ្វីដល់ខ្លួន និងសង្គមជាតិ ប៉ុន្តែយុវជនយល់ថា ហ្គេមក៏អាចជួយសង្គមបានដូចគ្នា តាមរយៈកម្មវិធីសប្បុរធម៌ផ្សេងៗតួយ៉ាងកន្លងមក យុវជនក៏បានចូលសម្មភាពបែបនេះ ដើម្បីជួយដល់សង្គមផងដែរ។
"អ្នកខ្លះថាហ្គេមនិងល្បែងវាតែមួយ ទោះពួកខ្ញុំនិយាយពួកគាត់ម៉េច ក៏ពួកគាត់អត់ទាន់យល់ដែរ អ៊ីចឹងខ្ញុំចង់ប្រាប់គាត់ថា បើពួកគាត់ចង់រិះគន់អ្វីមួយ ចង់ដឹងថាវាម៉េច ខ្ញុំចង់ឱ្យពួកគាត់ប្រឡូកក្នុងអាហ្នឹងសិន...ពីមុនខ្ញុំុំក៏គិតចឹងដែរ តែក្រោយមកពេលខ្ញុំដឹងវាច្បាស់ បានខ្ញុំដឹង ព្រោះអាហ្នឹងសំខាន់លើយើងខ្លួនឯង គ្រប់គ្រងខ្លួនលើឯង។ បើគិតលើរឿងអវិជ្ជមាន វាអត់ប៉ះពាល់ដល់ការងារអីទេ វាមិនដូចហ្គេមកាក់ទូរពីមុន វាជួយចំណេះដឹងយើងបានច្រើនដែរ"។
YouTuber វ័យក្មេងរូបនេះបន្ថែមថា ការលេងហ្គេមមិនមែនសុទ្ធតែអាក្រក់ និងគ្មានបានការទេ បើអ្នកលេងចេះលេងក្នុងផ្លូវល្អ ចេះគ្រប់គ្រងលើខ្លួនឯង ហើយហ្គេមក៏អាចបង្កើតចំណូល និងជួយសង្គមបាន ដូចអ្វីដែលយុវជនរៀបរាប់ខាងលើ ជៀងវាងធ្វើឱ្យអន្តរាយដល់អ្នកដទៃ៕
ចុច Like និង See First ដើម្បីទទួលបានព័ត៌មានបច្ចេកវិទ្យាថ្មីមុនគេ...