• 2018-10-29 03:32:00
  • ព័ត៌មាន

តិច​អត់​ដឹង! ហេតុ​អ្វី​​បាន​ជា​កាមេរ៉ា DSLR ​អស់​ថ្ម​លឿន​ម្ល៉េះ?

  • 2018-10-29 03:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់​កាមេរ៉ា DSLR មួយ​ចំនួន​ធំច្រើន​រអ៊ូ​ថា​ ម៉ាស៊ីន​របស់​ខ្លួន​មិន​សូវ​កាន់​ថ្ម ថត​មិន​បាន​យូរ ឬ​ទុក​ចោល​ក៏​ស្រក​ថ្ម​ដែរ​។ បញ្ហា​ទាំង​នេះ​កើត​ឡើង​ដោយ​សារ​អ្នក​ថត​ផ្ទាល់​។ ខាងក្រោម​នេះ​ជា​មូលហេតុ​ទាំង ៧ យ៉ាង ដែល​អ្នក​ថត​តែង​មិន​បាន​គិត​ដល់​ថា​​កាមេរ៉ា​ស៊ី​ថ្ម៖

១.ទម្លាប់​ប្រើ ​អេក្រង់ LCD

អ្នក​ថត​រូប​ខ្លះ​ទម្លាប់​ប្រើប្រាស់​តែ​អេក្រង់ LCD ជា​ជាង​ការ​ថត​តាម​រយៈ Viewfinder។ ជា​ធម្មតា​ការ​ប្រើ​អេក្រង់ LCD ត្រូវ​ទាមទារ​ថាមពល​ច្រើន ដោយ​សារ​ការ​កម្រិត​នៃ​ការ​ជះ​ពន្លឺ​ចេញ​មក។

អ្នក​ថត​រូបតែងយល់​ថា LCD គឺ​ជា​បន្ទះ​អេឡិចត្រូនិក​ ប្រើ​អំពូល​ភ្លើង​ទាញ​យក​ទិន្នន័យ​ ពី​កាមេរ៉ា​មក​បង្ហាញ​ជា​រូបភាព​។ ដូច្នេះ​វា​ត្រូវ​ការ​ប្រើ​ថាមពល​អគ្គិសនី​ច្រើន​។ ចំណែក Viewfinder គឺ​ចន្លោះ​តូច​មួយ​ សម្រាប់​ឲ្យ​អ្នក​ថត​រូប​ មើល​ឃើញ​រូបភាព ដែល​ឆ្លុះ​ចេញ​ពី​បន្ទះ​កញ្ចក់​នៅ​ក្នុង​កាមេរ៉ា ដោយ​មិន​បាន​ប្រើ​ថាមពល​អគ្គិសនី​នោះ​ទេ​។

២. Zoom ញឹកញាប់

កុំ​ភ្លេច​ថា Lens ក៏​ត្រូវ​ការ​ថាម​ពល​អគ្គិសនី​ដែរ​។ រាល់​ការ Zoom ឬ Focus មិន​ថា​ដោយ​ដៃ​អ្នក​ថត ឬ Automatic ក៏​ដោយ Lens បាន​ទាញ​ថាមពល​ពី​ថ្ម​កាមេរ៉ា​មក​ធ្វើ​ការ​ទាំង​អស់​។ កាល​ណា​អ្នក​ថត​ធ្វើ​ការ​ច្រើន​លើ Lens មាន​ដូច​ជា Zoom ជា​ដើម​នេះ ថ្ម​កាមេរ៉ា​ឆាប់​អស់​ណាស់​។ យក​ល្អ​អ្នក​ថត​គួរ​ប្ដូរ​ទីតាំង​ដោយ​ថ្មើរ​ជើង​តាម​លទ្ធភាព​។ ការ​ធ្វើ​បែប​នេះ ក្រៅ​ពី​ជួយ​សំចៃ​ថ្ម ក៏​ជួយ​ឲ្យ​ជំនាញ​របស់​អ្នក​ថត​រីក​ចម្រើន និង​ទទួល​បាន​ប្លង់​ប្លែកៗ​ច្រើន​ដែរ​។

៣. ដំណើរការ Flash ​ស្វ័យប្រវត្តិ (Automatic)

បើ​ថត​នៅ​ពេល​រាត្រី ការ​បើក Flash តាម​កាលៈទេសៈ​ខ្លះ​ក៏​អាច​ថា​ អំណោយផល​ជាង​ប្រើ ISO។ ផ្ទុយ​ទៅ​វិញ​នៅ​ពេល​ថ្ងៃ បើ​អ្នក​ភ្លេច​បិទ​ដំណើរការ​នៃ Flash ក្រៅ​ពី​ថត​ធ្វើ​ឲ្យ​ខូច​គុណភាព​រូប វាក៏​អាច​ធ្វើ​ឲ្យ​ថាមពល​ថ្ម​អស់​លឿន​ដែរ។

៤. ដំណើរការ​មុខងារ​ដែល​មិន​ចាំ​បាច់​ប្រើ

មុខងារ​ខ្លះ​ដូច​ជា Image Stabilization ប្រសិន​អ្នក​មាន​ Tripod នោះ​ មិន​គួរ​បើក​ឲ្យ​ដំណើរការ​ឡើយ ហើយ​សំឡេង Beep ក៏​ដូច​គ្នា នៅ​ពេល​ថត​ ឬ​ដំណើរការ​ចុច​លើ​អេក្រង់ ចាំ​បាច់​ត្រូវ​បិទ ក៏​ដូច​ជា​មុខងារ Wi-Fi អ្នក​គួរ​ទម្លាប់​បើក​ តែ​ពេល​ត្រូវ​ការ​ប្រើប្រាស់​បាន​ហើយ។

៥.ទុក​កាមេរ៉ា​ចោល​ក្នុង Record Mode

ត្រឹម​ការ​ថត​រូប​សន្លឹក​ធម្មតា​មិន​ជា​ស៊ី​ថ្ម​ខ្លាំង​នោះ​ទេ លើកលែង​តែ​ការ​ថត​វីដេអូ ហើយ​អ្វី​ដែល​កាន់​តែ​បង្ក​បញ្ហា គឺ​អ្នក​រមែង​ច្រឡំ​ទុក​កាមេរ៉ា​ចោល​ក្នុង​សភាព​ Record Mode ដោយ​មិន​ដឹង​ខ្លួន។ នៅ​ពេល​ឈប់​ថត​វីដេអូ អ្នក​គួរ​កាច់​គន្លឹះ​មក​កាន់ Photo វិញ​ ដើម្បី​ឲ្យ​កាមេរ៉ា Auto-Sleep ជួយ​សំចៃ​ថាមពល​ថ្ម​។

៦.អ្នក​ភ្លេច​ដំណើរការ Power Saving Mode

ការ​បើក​ដំណើរការ Power Saving Mode ជា​រឿង​ដែល​ម្ចាស់​កាមេរ៉ា​គ្រប់​រូប​ ត្រូវ​អនុវត្ត​ជា​ចាំ​បាច់ ព្រោះ​មុខងារ​នេះ​ អាច​ជួយ​បិទ​កាមេរ៉ា​ដោយ​ខ្លួន​ឯង អំឡុង​ពេល​អ្នក​ទុក​ចោល​ ក៏​ដូច​ជា​ផ្អាក​ចោល​មុខងារ​មិន​ប្រើប្រាស់​មួយ​ចំនួន​ផ្សេង​ទៀត។

៧.ការ​ថត​រូប​ក្នុង​ទម្រង់​ឯកសារ RAW

មិន​ខុស​ពី​អ្នក​ជំនាញ​បាន​លើក​ឡើង​ទេ​ថា ​រូបភាព​ទម្រង់ RAW File អាច​ផ្ដល់​នូវ​សាច់​រូប​ល្អ មិន​ងាយ​បែក​។ ការ​ជ្រើសរើស​យក File RAW ​នាំ​ឲ្យ Software កាមេរ៉ា​ធ្វើការ​ខ្លាំងនិង​ស៊ី​ថ្ម​។ ផ្អែក​តាម​កាលៈទេសៈ ឧបមា​ថា ​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ អ្នក​​គួរ​ប្ដូរ​មក​ប្រើ​ត្រឹម JPEG ​​បាន​ហើយ​៕

អាន​អត្ថបទផ្សេងទៀត

ប្រែសម្រួល៖ ឈិន ធារ៉ាត់

មតិយោបល់