• 2018-10-15 02:15:00
  • ព័ត៌មាន

ក្រោយ​ក្លាយ​ជា​ទីប្រឹក្សា e-commerce មហាសេដ្ឋី Jack Ma នឹង​បើក​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៅ​ឥណ្ឌូណេស៊ី

  • 2018-10-15 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី Jack Ma បាន​ប្រកាស​​ថា លោក​នឹង​បើក​វិទ្យាស្ថាន​បច្ចេកវិទ្យា នៅ​​​ឥណ្ឌូណេស៊ី ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ នឹង​ប្រកាស​ដំណើរការ​នៅ​ថ្ងៃ​ណា​ទេ។

បើ​ផ្អែក​តាម​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Alibabaរូប​នេះ ប្រទេស​ឥណ្ឌូណេស៊ី កំពុង​ខ្វះខាត​វិស្វករ​បណ្ដុះបណ្ដាល​ផ្នែក​នេះ ហើយ​វិទ្យាស្ថាន​របស់​លោក នឹង​បណ្ដុះបណ្ដាល​យុវជន​ប្រទេស​នេះ ឱ្យ​ក្លាយ​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី និង​វិស្វករ​ផ្នែក Cloud Computingបង្រៀន​អំពី​បច្ចេកវិទ្យា​ផ្សេងៗ និង​អ៊ីនធឺណិត​ជាដើម ដើម្បី​​ជួយ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ឱ្យ​កើន​ឡើង។

លោក​បាន​បន្ថែម​ថា វិទ្យាស្ថាន ក៏​នឹង​បណ្ដុះបណ្ដាល e-commerce លើ​យុវជន​វ័យ​ក្មេង​ឥណ្ឌូណេស៊ី ដើម្បី​ពង្រឹង​​វិស័យ​ឌីជីថល ខណៈ​បច្ចុប្បន្ន​​មហាសេដ្ឋី​ដែល​នឹង​ក្លាយ​ជា ប្រធានប្រតិបត្តិ Alibaba នៅ​ឆ្នាំ​ក្រោយ​ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី លើ​ផ្នែក e-commerce។

Jack Ma ប្រាប់​ទៀត​ថា វិទ្យាស្ថាន​របស់​លោក​នឹង​បណ្ដុះបណ្ដាល មេដឹកនាំ​បច្ចេកវិទ្យា​ឱ្យ​បាន​ ១០០០​នាក់ ក្នុង​១​ឆ្នាំ​នៅ​១០​ឆ្នាំ​ក្រោយ។

​បើ​និយាយ​ពី​​សេដ្ឋកិច្ច​ឌីជីថល ឥណ្ឌូណេស៊ី អាច​នឹង​ឡើង​ដល់ ១៣០ ​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​ ២០២០ ស្មើ ១១% នៃ GDP សរុប។ នេះ​បើ​យោង​តាម​ការ​វាយតម្លៃ របស់​ក្រសួង​ទំនាក់ទំនង និង​ព័ត៌មាន។

ចំណែក​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​គ្រប់គ្រង McKinsey ប៉ាន់ប្រមាណ​ថា e-commerce ប្រទេស​នេះ នឹង​កើន​ដល់ ៥៥ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០ កើន​ពី ៨ ពាន់​លាន​ដុល្លារ​ឆ្នាំ​២០១៧។

សម្ដី​របស់ Jack Ma ធ្វើឡើង​ក្នុង​​អំឡុង​​​​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ នៃមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង ​​ធនាគារ​ពិភពលោក​​នៅ Nusa Dua កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃ​ទី ១២ ខែ​តុលា​ឆ្នាំ ២០១៨៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់