• 2018-09-23 07:16:00
  • ព័ត៌មាន

មហាសេដ្ឋី Jack Ma ប្រកាសក្ដែងៗថា ​នឹង​ធ្វើ​រឿង​មួយ​​ល្អ​ជាង Bill Gates

  • 2018-09-23 07:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Bill Gates មាន Bill & Melida Gates Foundation ចំណែក​លោក Jack Ma ក៏​មាន Jack Ma foundation ផ្ដោត​លើ​ការ​អប់រំ​ដូច​គ្នា ប៉ុន្តែ​​មហាសេដ្ឋី​ចិន​ អះអាង​ថា លោក​នឹង​ធ្វើ​រឿង​មួយ​ល្អជាង មហាសេដ្ឋី​អាមេរិក។

លោក Jack Ma ថា៖ “ខ្ញុំ​អាច​នឹង​មិន​ក្លាយ​ជា​អ្នក​មាន​ទេ(មាន​បំផុត) ប៉ុន្តែ​រឿង​មួយ​ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​ជាង (Bill Gates) គឺ​ចូល​និវត្ត​ឱ្យ​បាន​លឿន"។

ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី ​១០ កញ្ញា កំពូល​មហាសេដ្ឋី​ចិន Jack Ma បាន​ប្រកាស​ចូល​និវត្ត​​​ពី​ក្រុមហ៊ុន Alibaba និង​ប្រគល់​ ​តំណែង​​​នាយក​ប្រតិបត្តិ ​ឱ្យ​ទៅ​លោក Daniel Zhang ជា​ផ្លូវ​ការ​នៅ​​ឆ្នាំ​ក្រោយ។ ​ក្នុង​បទ​សម្ភាសន៍​ជាមួយទូរទស្សន៍ Bloomberg TV ​លោក Jack Ma បាន​និយាយ​ថា លោក​អាច​នឹង​ទៅ បង្រៀន​វិញ​នៅ​ថ្ងៃ​ណា​មួយ ឬ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Cnbc នៅថ្ងៃដដែល​នោះលោក Ma ​បាន​ប្រាប់​ថា៖ "ខ្ញុំ​គិត​ថាការ​អប់រំ​សំខាន់​ណាស់​សម្រាប់​អនាគត។ ខ្ញុំ​រៀន​បាន​​ច្រើន​ពី​ Alibaba ក្នុង​រយៈ​ពេល ១៩​ឆ្នាំ​មក​នេះ។ វា​ជា​ទំនួល​ខុស​ត្រូវ​របស់​ខ្ញុំ ដើម្បី​ចែករំលែក"។

មហាសេដ្ឋី ដែល​ធ្លាប់​ត្រូវ​បាន​គេ​បដិសេធ​ការងារ ៣០ លើក បាន​បញ្ជាក់​ថា លោក​នឹកការ​បង្រៀន​ខ្លាំង​ណាស់ ចំណែក​វិស័យ​ជំនួញ​នេះ លោក​​មក​ធ្វើ​វិស័យ​​ដោយ​ចៃដន្យប៉ុណ្ណោះ។

“ខ្ញុំ​នឹង​ទៅ​បង្រៀន​វិញ នេះ​ជា​អ្វី​ខ្ញុំ​គិត​ថា ខ្ញុំ​ធ្វើ​បាន​ល្អ​ជាង​ក្នុង​នាម​ជា​នាយក​ប្រតិបត្តិ Alibaba”។

មហាសេដ្ឋី​ ៤០ ពាន់​លាន​ដុល្លារជនជាតិ​ចិន​រូប​នេះ ក៏​បាន​បង្កើត​មូលនិធិ​មួយ​ដែរ​ឈ្មោះ​ថា Jack Ma foundation ក្នុង​ឆ្នាំ​ ២០១៤ ក្រោយ​ធ្វើ​ឱ្យ​ចូល​ចិត្ត​ដោយ លោក Bill Gates។ លោក Ma បាន​ចាក​ចេញ​ពី​ការ​កាន់កាប់​ក្រុមហ៊ុន និង​​លះ​បង់​ទ្រព្យសម្បត្តិ​របស់​ខ្លួន បង្កើត​មូលនិធិ​មួយ​នេះ​ឡើង​ ក្នុង​គោលបំណង បង្កើន​ការ​អភិវឌ្ឍន៍​ក្នុង​ប្រព័ន្ធ​អប់រំ​នៅ​តាម​ជនបទ​​ប្រទេស​ចិន។

គួរ​បញ្ជាក់​ថា មុន​ក្លាយ​ជា​មេ Alibaba លោក Jack Ma ជា​អតីត​សាស្ត្រាចារ្យ ផ្នែក​ពាណិជ្ជ​កម្ម​អន្តរជាតិ និង​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​មួយ​រូប៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់