• 2018-09-19 06:29:46
  • ព័ត៌មាន

IT មិនមែនជា​ជំនាញផ្តាច់មុខ​ សម្រាប់តែ​បុរស​ទេ?

  • 2018-09-19 06:29:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះបី​ជា​ IT មាន​ទីផ្សារ ប៉ុន្តែ​មុខវិជ្ជា​​មួយ​នេះ មិន​អាច​អន្ទង​ចិត្ត​​និស្សិត​ស្រី ឱ្យ​មក​រៀន​បាន​ឡើយ ដោយ​ពួកគេ​ភាគច្រើន​ ងាក​ទៅ​សិក្សា ជំនាញ​គណនេយ្យ ធនាគារ គ្រប់គ្រង ច្បាប់ និង​ជំនួញ​ជា​ដើម។ ហេតុ​អ្វី​បាន​ជា​ខ្សត់​នារី​បែប​នេះ?

កញ្ញា សុវណ្ណមុនីនុត កំពុងផ្ដល់បទសម្ភាសន៍

កញ្ញា សុវណ្ណមុនីនុត និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ (Computer Sience) នៃ​សាកលវិទ្យាល័យ​ន័រតុន បាន​ប្រាប់​ថា ក្នុង​មួយ​​ថ្នាក់​ដែល​កញ្ញា​រៀន​រ មាន​និស្សិត​ស្រី​​តែ ៦​នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម ២០​នាក់។

ឆ្លើយ​នឹង​សំណួរ​ថា​តើ ហេតុ​អ្វី​បាន​ជា​ខ្សត់​នារី​បែប​នេះ? និស្សិត​ដែល​នឹង​ឈាន​ចូល​ឆ្នាំ​ទី៣​ឆាប់ៗ​ខាង​មុខ​ និយាយ​ថា ប្រហែល​ជា​ពួកគេ​គិត​មុខវិជ្ជា​នេះ​លំបាក​ខ្លាំង​ និង​សម្រាប់​តែ​បុរស​​តែ​ប៉ុណ្ណោះ​។

សុវណ្ណមុនីនុត ទទួល​ស្គាល់ IT ពិត​ជា​លំបាក​ខ្លាំង ប៉ុន្តែ​កញ្ញា​ថា គ្មាន​មុខវិជ្ជា​ណា ដែល​ងាយ​ស្រួល​ឡើយ បើ​​ខ្លួន​ឯង​មិន​ខំប្រឹង។

“​ផ្នែក​ IT មិន​មែន​សម្រាប់​ប្រុសៗ​ទេ វា​ក៏​ជា​មុខវិជ្ជា​សម្រាប់​ស្រីៗ​ដែរ។ ប្រុសៗ​អាច​ធ្វើ​បាន យើង​ក៏​អាច​ធ្វើ​បាន"។

សុវណ្ណមុនីនុត មើល​ឃើញ​ថា IT ជា​ជំនាញ​មាន​ទីផ្សារ ហើយ​ស្រីៗ​មាន​អាទិភាព​ជាង​បុរស បើ​សិន​មាន​ចំណេះ​ប្រហាក់ប្រហែល​គ្នា។ អនាគត​កញ្ញា ចង់​ក្លាយ​ជា Web Developer។

យុវតី ស្រេន ណាស៊ីម៉ះ រៀនផ្នែក Computer Sience

មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ យុវតី​ផ្នែក Computer Sience ស្រេន ណាស៊ីម៉ះ លើកឡើង​ថា កញ្ញា​បាន​ពុះពារ​សុំ​ឪពុកម្ដាយ រៀន​​ IT ខណៈ​​​លោក​ទាំង​ពីរ មិន​យល់​ស្រប ប៉ុន្តែ​ក្រោយ​មាន​ការពន្យល់ ពី​ចំណង់ចំណូលចិត្ត និង​ទីផ្សារ​ការងារ ទើប​ពួកគាត់​អនុញ្ញាត។

ណាស៊ីម៉ះ ប្រាប់​ថា វា​ជា​ជំនាញ​ពិបាក ដោយ​ត្រូវ​ការ​អនុវត្ត និង​ស្រាវជ្រាវ​ច្រើន។ យុវតី ចង់​ក្លាយ​ជា​អ្នក​បង្កើត​កម្មវិធី នា​ថ្ងៃ​អនាគត។

ចំណែក​យុវតី​សម្បុរ​ស​ជា​កូន​ចៅ​ចិន ហួយលីង ដែល​ចូលចិត្ត​ហ្គេម​តាំង​ពី​ថ្នាក់​ទី៦ ​ចង់​​ក្លាយ​ជា​អ្នក​បង្កើត​ហ្គេម បង្កើត App និង Software​។

កញ្ញា​ថា៖ "ក្រុមហ៊ុន​​ណា​ក៏​ត្រូវ​ការ​អ្នក​ចេះ​ IT បើ​ចេះ​ ស្រីៗ​ច្បាស់​មាន​អាទិភាព​ជាង​បុរស​ជា​មិន​ខាន​"។

​ទោះបីជា​យ៉ាងណា យុវតី​រូប​នេះ ហាក់​​ខុសប្លែក​ពី​និស្សិត​ស្រី​ផ្សេង​បន្តិច ព្រោះ​កញ្ញា មាន​ការ​ជ្រោមជ្រែង និង​លើកទឹកចិត្ត​ឱ្យ​រៀន​ IT ជំនាញ Computer Sience ដោយ​ពួកគេ​យល់​ឃើញ​ថា បើ​ស្ត្រី​មាន​ចំណេះ​ផ្នែក​នេះ អាច​នឹង​មាន​ឧកាស​ការងារ បើ​ធៀប​នឹង​​ជំនាញ​ផ្សេងៗ។ បច្ចុប្បន្នកញ្ញា​ជា​និស្សិតឆ្នាំ​ទី៤។

សាស្ត្រាចារ្យ ឈឿង រចនា ប្រធាន​ផ្នែក​កុំព្យូទ័រ​វិទ្យា

និស្សិត​ស្រី​ភាគ​ច្រើន មាន​ផ្នត់​គំនិត​ថា ​ផ្នែក​វិទ្យាសាស្ត្រ​ទាំងអស់ ជា​ជំនាញ និង​ការងារ សម្រាប់​តែ​និស្សិត​​ប្រុសៗ​​ដូចជា សំណង់ ស្ថាបត្យកម្ម អគ្គិសនី ជា​ពិសេស​ផ្នែក​កុំព្យូទ័រ ដែល​ហាត់​កាត់ថា “IT ឬ ICT” ​។ នេះ​បើ​តាម​ការ​លើកឡើង​របស់ សាស្ត្រាចារ្យ ឈឿង រចនា ប្រធាន​ផ្នែក​កុំព្យូទ័រ​វិទ្យា នៃ​សាកល​វិទ្យាល័យ​ន័រតុន។ ​

លោក​សាស្ត្រាចារ្យ​ថា ៖​"និស្សិត​ស្រី​ខ្លះ​អត់​ចូល​ចិត្ត​រៀន​ផ្នែក​វិទ្យាសាស្ត្រ​ សំណង់ ស្ថាបត្យកម្ម អគ្គិសនី និង​ផ្នែក​កុំព្យូទ័រ​ទេ គឺ​​រៀន​តាម​គេ​ប្រាប់​ដូច​ជា​ជំនាញ គណនេយ្យ ទីផ្សារ ហិរញ្ញវត្ថុ គ្រប់គ្រង ភាសាបរទេស ​ដែល​ជំនាញ​ទាំងនោះ​មិនមែន​ជា​មុខវិជ្ជា ឬ​ជំនាញ​ពិតប្រាកដ ដែល​ចេញ​ពី​ឆន្ទៈ និង​បេះ​ដូង​​។ និយាយ​ឱ្យ​ចំ​រៀន​តាម​គ្នា ឃើញ​គេ​រៀន​អីចឹង​បាន​ការងារ​ធ្វើ ​រៀន​តាម​គេ​"។

លោក​សាស្ត្រាចារ្យ បន្ថែម​ទៀត​ថា ​បើ​មាន​និស្សិត​ស្រី​ច្រើន ចូលចិត្ត​រៀន​ផ្នែក​ព័ត៌មានវិទ្យា ​នេះ​គឺ​ជា​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ថ្មី។ មិន​តែ​ប៉ុណ្ណោះ និស្សិត​ស្រី​​ចុះ​ឈ្មោះ​រៀន ​ IT​ គឺ​មាន​ការ​លើកទឹកចិត្ត ផ្ដល់​ជា​អាហារូបករណ៍ ​​អាទិភាព​ខ្ពស់​ក្នុង​តម្លៃ​សិក្សា​សមរម្យ មាន​ទីផ្សារ​ការងារ ទាំង​វិស័យ​​​​រដ្ឋ ​និង​ឯកជន​។

បើចេះខ្លាំង​ក្នុង​ផ្នែក​ព័ត៌មាន​វិទ្យា សាស្ត្រាចារ្យ ឈឿង រចនា អះអាង​ថា បើ​ពួកគេ​ (ទាំង​បុរស​និង​ស្ត្រី) ​ក៏​អាច​មាន​ឱកាស​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​​ដែរ។

ងាក​ពី​ព័ត៌មាន​ក្នុង​ស្រុក ចូល​ទៅ​ឆាក​អន្តរជាតិ​វិញ​ម្ដង។ បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ Cnbc កាល​ពី​ឆ្នាំ​២០១៥ លោក Jack Ma បាន​អះអាង​ថា ​ស្ត្រី​ជា​កម្លាំង​​ការងារ​ដ៏​អស្ចារ្យ​ធ្វើ​ឱ្យ Alibabaជោគជ័យ។ លោក​ថា ៣៤% ជា​អ្នកគ្រប់គ្រង​ជាន់​ខ្ពស់ (១​ភាគ​៣ជា​ដៃ​គូ​) និង​ច្រើន​ជាង​ ៤០% ជា​ស្ត្រី។ ​​

បើ​ក្រឡេក​មក​មើល​ភរិយា​របស់​មហាសេដ្ឋី Bill Gates លោកស្រី Melinda Ann Gates ឯណេះវិញ​។ កាល​ពី​ឆ្នាំ​២០១៦ លោក​ស្រី​ថា​ ចង់​ឱ្យ​មាន​ស្ត្រី​ធ្វើ​ការ​ខាង​បច្ចេកវិទ្យា​ឱ្យ​បាន​ច្រើន។

លោកស្រី Melinda និយាយ​ថា ៖" មាន​ស្ត្រី​បញ្ចប់​ការ​សិក្សា​តិច​តួច​ណាស់​ក្នុង​វិស័យ​បច្ចេកវិទ្យា។ នោះ​គឺ​មិន​ល្អ​ទេ​សម្រាប់​សង្គម។ យើង​ត្រូវ​តែ​ផ្លាស់ប្ដូរ​វា"៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់