• 2018-08-27 03:10:00
  • ព័ត៌មាន

អបអរសាទរ ក្រុម​រ៉ូប៉ូត​កម្ពុជា(ITC) ប្រជែង​ឈ្នះ​ក្រុម​ខ្លាំង សាង​ប្រវត្តិសាស្រ្ត​ឡើង​វគ្គ Semi-final

  • 2018-08-27 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​រ៉ូបូត​កម្ពុជា​បាន​បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី ក្នុង​ការ​ឈាន​ឆ្លង​ដល់​វគ្គ​ពាក់ កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែល​មិន​ធ្លាប់​មាន ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​រ៉ូបូត​ជា​លក្ខណៈអន្តរជាតិ​ ដោយ​បាន​ឈ្នះ​ក្រុម​មក​ពី​ប្រទេស​នេប៉ាល់ និង​ប៉ាគីស្ថាន​ក្នុង​វគ្គ​ជម្រុះ​ក្នុងពូល ហើយ​បន្ត​ឈ្នះ​ប្រទេស​ថៃ​ក្នុង​វគ្គ៨ក្រុម​ចុងក្រោយ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ បាន​ចាញ់​ក្រុម​រ៉ូប៉ូត​ចិន​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។

ក្រុមរ៉ូប៉ូត​កម្ពុជាពេលទទួលលទ្ធផល | រូបភាព៖ RoboconCambodia

ត្បិត​ថា ធ្លាក់​ត្រឹម​វគ្គ​នេះ តែ​ក្រុម​រ៉ូបូតកម្ពុជា បាន​ឈ្នះពាន​រង្វាន់​ចំនួន២ ពី​កម្មវិធី​លំដាប់​អន្តរជាតិ។ ពាន​រង្វាន់​ចំនួន​២​នោះ​គឺ​ជា ពានរង្វាន់ លេខ៣ស្ទួន និង​ពានរង្វាន់​កិត្តិយស​ពី​ក្រុមហ៊ុន Panasonic។

ព្រឹត្តិការណ៍​ប្រកួត​ប្រជែងរ៉ូបូត ABU Robocon 2018 លើក​ទី​១៧ នៅ​ប្រទេស​វៀតណាម​នេះ មាន​​ការ​ចូលរួម​ពី ប្រទេស​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីភិច​ចំនួន ១៧ ប្រទេស​ស្មើ​ ១៨ក្រុម​ដោយ​ឆ្នាំ​នេះ ប្រទេស​វៀតណាម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ ប្រទេស​ចិន​លេខ២ ហើយ​កម្ពុជា​និងជប៉ុន​ទទួល​បាន​លេខ៣ស្ទួន។

ក្រុមរ៉ូប៉ូត​កម្ពុជាពេលត្រៀមប្រកួតជាមួយចិន

ការ​ប្រកួត​ប្រជែង​រ៉ូបូត​ជា​លក្ខណៈអន្តរជាតិ​លើក​ទី ១៧(17th ABU Robocon 2018) ដែល​រៀបចំ​ឡើង​នៅ​ខេត្ត​នីញ​ប៊ីញ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ២៦ ខែ​សីហា ឆ្នាំ២០១៨។

នេះ​ជា​ឆ្នាំ​ទី​២ ដែលកម្ពុជា​បាន​បញ្ជូន​ក្រុម​រ៉ូបូត​ទៅ​ចូលរួម​កម្មវិធី​លំដាប់​អន្តរជាតិ ដែល​កាល​ពី​ឆ្នាំ ២០១៧ បាន​ចូលរួម​ប្រកួត​នៅ​ប្រទេសជប៉ុន។

ក្រុម​រ៉ូបូត​តំណាង​កម្ពុជា​ដែលមកពី​​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ត្រូវ​បាន​បាន​ជ្រើសរើស ឲ្យ​ចូលរួម​​ក្នុង​ការ​ប្រកួត​ប្រជែង​រ៉ូបូត​ជា​លក្ខណៈអន្តរជាតិ តាម​រយៈ​ការ​ទទួល​បាន​ជយលាភី​លេខ ១ ក្នុង​ស្រុក បន្ទាប់​ពី​ប្រកួតប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ ដែល​រៀបចំ​ឡើង​ដោយ អគ្គ​នាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា៕

ក្រុមរ៉ូប៉ូត​កម្ពុជាពេលទទួលលទ្ធផល

រូបភាព៖ Robocon Cambodia

អត្ថបទ៖ រក្សា

មតិយោបល់