- 2018-08-26 03:37:05
- ព័ត៌មាន
ពិតមិនប្រឌិត រៀនចប់ IT បែរទៅធ្វើបុគ្គលិកនៅរោងចក្រកាត់ដេរ
- 2018-08-26 03:37:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតមិនប្រឌិត រៀនចប់ IT បែរទៅធ្វើបុគ្គលិកនៅរោងចក្រកាត់ដេរ
ចន្លោះមិនឃើញ
ផ្តើមពីការស្រលាញ់ចូលចិត្តមុខជំនាញព័ត៌មានវិទ្យា ធារ៉ា (ឈ្មោះដាក់ឲ្យ) បានចាកចេញពីស្រុកកំណើតក្រោយប្រលងជាប់បាក់ឌុបនៅឆ្នាំ ២០០៣ ដើម្បីមកបន្តការសិក្សាមុខជំនាញព័ត៌មានវិទ្យានៅទីក្រុងភ្នំពេញ។ ដោយកំណត់គោលដៅចង់ក្លាយជាអ្នកបច្ចេកទេសផ្នែក IT ផ្ទុយស្រឡះយុវជនរូបនេះបែរជាទៅចាប់អាជីពការងារខុសជំនាញ ទៅធ្វើជាបុគ្គលិកនៅរោងចក្រកាត់ដេរ ដោយមិនបានយកចំណេះជំនាញដែលខ្លួនសិក្សា ទៅអនុវត្តនៅក្នុងអាជីពការងារនោះទេ។
មានស្រុកកំណើតនៅខេត្តតាកែវ យុវជនរូបនេះបានឲ្យដឹងថា ក្រោយពេលប្រលងជាប់បាក់ឌុបចប់ភ្លាមក្នុងឆ្នាំ ២០០៣ គេក៏បានមកបន្តការសិក្សានៅភ្នំពេញ ដោយបានជ្រើសរើសមុខជំនាញព័ត៌មានវិទ្យាសិក្សា ដែលជាមុខជំនាញដែលគេស្រលាញ់ចូលចិត្ត។
នៅភ្នំពេញ យុវជនសម្បុរខ្មៅស្រអែមនេះ បានទៅស្នាក់នៅជាមួយបងប្អូន ដោយសារចង់កាត់បន្ថយការចំណាយការរស់នៅខាងក្រៅ បន្ថែមពីលើថ្លៃសិក្សា។ ណាមួយក៏ដោយសារមិនសូវស្គាល់ភ្នំពេញច្បាស់។ ក្នុងអំឡុងស្នាក់នៅទីក្រុងភ្នំពេញដើម្បីបន្តការសិក្សា ធារ៉ាបានព្យាយាមស្វែងរកការងារផ្សេងៗ ដើម្បីអាចរកចំណូលបានខ្លះផ្គត់ផ្គង់ការសិក្សា និងទុកដោះស្រាយការរស់ប្រចាំថ្ងៃ ដោយមិនចង់ពឹងផ្អែកលើបងប្អូនទាំងស្រុង។
ក្នុងពេលកំពុងរៀននៅឆ្នាំទីមួយ សាច់ញាតិធារ៉ាម្នាក់បានណែនាំការងារមួយជាបុគ្គលិករោងចក្រផ្នែកត្រួតពិនិត្យខោអាវ QA ដែលអាចទទួលបានប្រាក់ខែប្រហែល ៧០ ដុល្លារ។
“ការងារនេះ ខ្ញុំមិនដឹងជាការងារស្អីទេ តែដោយសារតែពេលនោះគិតថាចង់បានការងារធ្វើនិងចង់បានចំណូលខ្លះ ក៏ចេះតែធ្វើសិនទៅ”។
យុវជននេះថា ការងារ QA ជាការងារដែលទាក់ទងការត្រួតពិនិត្យគុណភាពក្រណាត់ក្នុងរោងចក្រ ដែលមិនទាក់ទងការប្រើចំណេះដឹង IT ទាល់តែសោះ ខុសពីជំនាញដែលកំពុងសិក្សា។ ប៉ុន្តែការងារនេះ បានផ្លាស់ប្តូរវីថីជិវិតយុវជនកូនអ្នកស្រែចម្ការនេះ មានឱកាសស្វែងយល់ពីជីវិតតស៊ូសម្រាប់ការរស់នៅទីក្រុង។
ប្រាក់ខែ ៧០ ជាប្រាក់ខែដែលធារ៉ាបានប្រើកម្លាំងញើសឈាមរកបានដោយលំបាក សម្រាប់ការងារដំបូងនៅក្នុងជីវិតរបស់គេ។ យ៉ាងណាប្រាក់ខែប៉ុណ្ណេះ មិនគ្រប់គ្រាន់សម្រាប់ការចំណាយលើការរស់នៅនិងការសិក្សាបានជាដុំកំភួននោះទេ ហេតុនេះទើបធារ៉ាបានស្វះស្វែងរកប្តូរការងារពីរោងចក្រមួយទៅរោងចក្រមួយបន្តបន្ទាប់ ដោយនឹកគិតថានឹងទទួលបានប្រាក់ខែកាន់តែច្រើនជាងមុន។
បន្ទាប់ពីផ្លាស់ប្តូរការងារពីរោងចក្រមួយទៅរោងចក្រមួយ គួបផ្សំសមត្ថភាពនិងបទពិសោធន៍ការងារកាន់តែរឹងមាំ ធារ៉ាបានឡើងតួនាទីជាបន្តបន្ទាប់ និងប្រាក់ខែក៏បានកាន់តែច្រើនមុន។ យ៉ាងនេះក្តី ការងារថ្មីក៏មិនខុសពីការងារចាស់គឺមិនមែនជាការងារដែលត្រូវ ជំនាញដែលគេសិក្សានោះទេ។
“ខ្ញុំនៅតែចាប់អាជីពការងារចាស់ជា QA ប៉ុន្តែបានឡើងតួនាទីខ្ពស់ជាងមុន និងប្រាក់ខែក៏បានកើនឡើងប្រសើរជាងមុនដែរ”។
ការងារថ្មី បានធ្វើឲ្យ ធារ៉ា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការម្ចាស់ការលើការចំណាយខ្លួនឯង ទាំងការរស់នៅនិងការរៀនសូត្រ រហូតដល់សល់ខ្លះជួយផ្គត់ផ្គង់ដល់ឪពុកម្តាយនៅឯស្រុក។
យ៉ាងណាធារ៉ា ឲ្យដឹងថា ការទទួលបានជោគជ័យលើការងារ តែបែរជាធ្វើឲ្យការសិក្សាមិនទៅមុខទៅវិញ។
“ការធ្វើការខុសជំនាញនេះ បានធ្វើឲ្យការសិក្សារបស់ខ្ញុំធ្លាក់ចុះយ៉ាងខ្លាំង ដោយសារខ្ញុំមិនសូវមានពេលផ្តោតលើការសិក្សា រៀនឈប់រៀនឈប់ ការងារដកឃ្លាមិនរួច”។
ទោះបីរវល់ការងារយ៉ាងណានិងលទ្ធផលសិក្សាមិនសូវបានល្អ ធារ៉ា បញ្ជាក់ថា មិនបានបោះបង់ការសិក្សាចោលទេ ដោយបានបន្តរហូតដល់ចប់ចុងចប់ដើម។
ទោះបីមានសញ្ញាបត្រ IT តែយុវជនរូបនេះប្រាប់ថា មិនអាចយកជំនាញសិក្សាយកទៅអនុវត្តក្នុងអាជីពការងារនោះទេ ដោយសារគិតថាសមត្ថភាពរបស់ខ្លួននៅតែមានការខ្វះខាតច្រើន និងណាមួយគិតថាទោះបីអាចរកការងារថ្មី ក៏ទទួលបានប្រាក់ខែមិនច្រើនដូចការងារដែលគេកំពុងធ្វើបច្ចុប្បន្ននោះដែរ។