• 2018-08-22 10:27:54
  • ព័ត៌មាន

ចាប់បានស្រេច Google Pixel 3 ត្រូវបានគេលួចថតបានលើរថភ្លើង!

  • 2018-08-22 10:27:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមរបាយកាណ៍របស់ MobileSyrup មានជនអនាមិកម្នាក់ បានលួចថតយករូបភាពរបស់ទូរសព្ទអ្នកប្រើប្រាស់ម្នាក់ ដែលគេសង្ស័យថា ជា Pixel 3 កំពូលទូរសព្ទរបស់ក្រុមហ៊ុន Google ដែលអាចនឹងបញ្ចេញលក់នាខែតុលាខាងមុខនេះ។

បើតាមឲ្យដឹង ជនអនាមិកម្នាក់នោះ បានជិះរថភ្លើង TTC នៅទីក្រុង Toronto ប្រទេសកាណាដា ហើយក៏បានចាប់អារម្មណ៍ទៅនឹងបុគ្គលម្នាក់នៅក្បែរនោះ បានកាន់ទូរសព្ទមួយប្លែកចេញយកមកប្រើ។ រូបភាពដែលគេលួចថតបាននោះ ស្រដៀងនឹងរូបភាពគម្រូរបស់ Google Pixel 3 ដែលបែកធ្លាយនោះណាស់ ដោយផ្នែកខាងមុខ នៅលើអេក្រង់មានក្បាលឆក មានក្ដារចុច និង User Interface ជារបស់ Google ហើយផ្នែកខាងក្រោយមានការរចនាឡើង ជា ២ ពណ៌ (Two Tones) ដូចទៅនឹង Google Pixel 2 ផងដែរ។

បើសង្កេតឲ្យដិតដល់ទៅ នៅផ្នែកខាងក្រោយនៃទូរសព្ទនេះ មានបារកូដស្ទិកឃ័រ ដែលចោទជាសំណួរថាវាជាទូរសព្ទគម្រូ ឬក៏ជាទូរសព្ទសម្រាប់ឲ្យបុគ្គលិករបស់ Google ប្រើសាកល្បងមុន។ ម៉្យាងទៀត គេលួចថតរូបភាពនោះបាននាពេលបុគ្គលនោះកំពុងផ្ញើសារ ដូចនេះ ទូរសព្ទនោះ ប្រាកដជាដំណើរការបានធម្មតាហើយ។

បន្ទាប់ពីរូបភាពច្បាស់ៗនេះត្រូវបានគេលួចថត ក្រុមហ៊ុន Google មិនបានបញ្ចេញប្រតិកម្មអ្វីឡើយទាក់ទងនឹងរឿងនេះ។ ជាទម្លាប់ទៅហើយដោយ ទូរសព្ទត្រកូល Pixel តែងតែចេញនៅខែតុលា រៀងរាល់ឆ្នាំ តាំងពីជំនាន់ទី ១ មក ដូច្នេះ បើចង់អ៊ុតថារូបភាពនេះ ជា Google Pixel 3 មែននោះ ទាល់តែរង់ចាំព្រឹត្តិការណ៍បង្ហាញ Pixel 3 ផ្ទាល់ដោយ Google នាខែតុលាខាងមុខនេះហើយ។

ចុចអាន៖

ប្រភព៖ Cnet ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់