• 2018-07-20 03:13:21
  • ព័ត៌មាន

Apple កំពុង​ឲ្យ​​អ្នក​គាំទ្រ​ឆ្អែត​ចិត្ត​នឹង​ MacBook Pro ​ថ្មី​តម្លៃ​ ២៨០០ ដុល្លារ​

  • 2018-07-20 03:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ថ្មីៗ​កន្លង​ទៅ​នេះ​ Apple បាន​បញ្ចេញ​ MacBook Pro ស៊េរី​ថ្មី ដោយ​​មាន​បន្ថែម​ជម្រើស​ CPU Intel Core i9 ជា​មួយ​តម្លៃ​ចាប់​ពី​ ២ ៨០០ ដុល្លារ​ឡើង​ទៅ។

ប៉ុន្តែ​ MacBook Pro ដែល​ប្រើ​ CPU Core i9 នេះ​មិន​អាច​រត់​ដល់​ល្បឿន​ ២,៩ GHz ដូច​ដែល​ Apple បាន​ផ្សាយ​នោះ​ទេ ដោយ​សារ​តែ​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​របស់​វា​​មិន​អាច​ទប់​ទល់​នឹង​កម្ដៅ​បញ្ចេញ​ដោយ​ CPU Core i9 បាន។

បើ​តាម​ការ​បង្ហាញ​របស់​អ្នក​វាយ​តម្លៃ​ផលិតផល​បច្ចេកវិទ្យា​លើ​ YouTube បាន​ឲ្យ​ឃើញ​ថា​​ដើម្បី​ទទួល​បាន​កម្លាំង​ពេញ​លេញ​ពី​ MacBook Pro តម្លៃ​ ២ ៨០០ ដុល្លារ​នេះ លុះត្រាតែ​យក​វា​ទៅ​ដាក់​ក្នុង​ទូ​ទឹកកក។

រូបភាព​ខាង​ក្រោម​នេះ​ជា​លទ្ធផល​ពី​ការ​តេស្ត​ល្បឿន​ MacBook Pro Core i9 ធៀប​នឹង​កុំព្យូទ័រ​ដទៃ ដោយ​ឃើញ​ថា​ពេល​យក​ដាក់​ក្នុង​ទូទឹកកក​ MacBook Pro Core-i9 ដំណើរ​ការ​បាន​លឿន​ជាង​ពេល​នៅ​ក្រៅ​ទូ​ទឹកកក។

ក្រោយ​បាន​ដឹង​ពី​បញ្ហា​នេះ​ មាន​អ្នក​ប្រើ​ប្រាស់​មួយ​​ចំនួន​បាន​បញ្ចេញ​មតិ​លើ​វិបសាយ​ Reddit ​ដូច​ជា ៖ "តាម​ពិត​ត្រូវ​ទៅ​យក​ MacBook Pro Core i9 នៅ​យប់​នេះ ប៉ុន្តែ​ប្រហែល​ជា​ត្រូវ​រំសាយ​ចោល​ហើយ​មើល​ទៅ"។ និង​អ្នក​ផ្សេង​ទៀត​បាន​និយាយ​ថា ៖ "ខ្ញុំ​បាន​យក​ MacBook Pro Core i9 របស់​ខ្ញុំ​ទៅ​​ឲ្យ​ហាង​ Apple វិញ។ វា​​មិន​ដែល​រត់​ដល់​ល្បឿន​ដូច​ដែល​ Apple បាន​ផ្សាយ​សោះ សូម្បី​តែ​មួយ​វិនាទី"។

​ខណៈ​ពេល​នេះ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​ខាង​ក្រុមហ៊ុន​ Apple នៅ​ឡើយ​ទេ៕

​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់