• 2018-07-11 04:55:00
  • ព័ត៌មាន

មក​ដឹង​តម្លៃ​ម៉ាស៊ីន​បាញ់​ថ្នាំ​ស្រូវ ប្រើ​តេឡេ​បញ្ជា​ស្នាដៃ​លោក​គ្រូ​វ័យ​ក្មេង

  • 2018-07-11 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មាន​ចំណូល​ចិត្ត​ផ្នែក​បច្ចេកវិទ្យា បូក​រួម​ទាំង​ការ​ខិតខំ​ព្យាយាម​ផង​នោះ បាន​ជំរុញ​ឲ្យ​លោក​គ្រូ​ភាសា​អង់គ្លេស សង រ៉ាវុធ នៅ​ឯ​នាយ​ឥសាន​ប្រទេស(ខេត្ត​ឧត្តរមានជ័យ) បាន​ឆ្លៀត​ពេល​បន្តិច​បន្តួច​មក​កែច្នៃ​ម៉ាស៊ីន​បាញ់​ថ្នាំ​អាច​ប្រើ​តេឡេ​បញ្ជា​ពីចម្ងាយ​ បើ​គិត​មក​ដល់​ពេល​នេះ​​បាន​​ចំនួន ២ គ្រឿង​​។

សង រ៉ាវុធ និង​ម៉ាស៊ីន​បាញ់​ថ្នាំ​នៅ​ខាង​ខាង​ក្រោយ​

អតីត​សន្តិសុខ​បាន​ឲ្យ Sabay ដឹង​ថា ផលិតផល​ដែល​គេ​បាន​ច្នៃ​បង្កើត​មាន​ពីរ​គឺ ម៉ាស៊ីន​បាញ់​ថ្នាំ​ស្រូវ តម្លៃ ៨៥០ ដុល្លារ ឯ​ម៉ាស៊ីន​បាញ់​ថ្នាំ​ស្រូវ​និង​ដំឡូង តម្លៃ ១៣៥០ ដុល្លារ។

"មិន​ត្រឹម​តែ​មាន​តម្លៃ​ធូរ​ថ្លៃ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ចំណេញ​ដល់​ពេល​វេលា​ថែម​ទៀត​ផង។"

ទស្សនា​វីដេអូ​ម៉ាស៊ីន​បាញ់​ថ្នាំ​បញ្ជា​ដោយ​តេឡេ​ខាង​ក្រោម៖

លោក​គ្រូ​វ័យ​ក្មេង​រូប​នេះ​បាន​លើក​ឡើង​ពី ​អត្ថប្រយោជន៍​ដែល​កសិករ​ទទួល​បាន​គឺ ផ្តល់​ភាព​ងាយ​ស្រួល​ធ្វើ​កសិកម្ម។ លោក​លើក​ឡើង​ជា​ឧទាហរណ៍​ថា ពីមុន​ក្នុង​មួយ​ហិចតា កសិករ​ប្រើប្រាស់​ពេល​វេលា​បាញ់​លើ​ដំណាំ​អស់​ ៤ ម៉ោង​ បើ​ប្រើ​ប្រាស់​ម៉ាស៊ីន​របស់គេ​កសិករ​ចំណាយ​ពេល​ត្រឹម​តែ ១ ម៉ោង​ប៉ុណ្ណោះ។ នេះ​​បាន​ជួយ​ឲ្យ​កសិករ​មាន​ពេលវេលា​ទៅ​ធ្វើ​អី​ផ្សេងៗ​ទៀត​បាន។

បើ​និយាយ​ពី​តម្លៃ​ជួល​គេ​បាញ់​ថ្នាំ មួយ​ហិចតា​តម្លៃ ១៥ ដុល្លារ។ ជាមួយ​ម៉ាស៊ីន​នេះ ក្រៅ​ពី​ទុក​ប្រើប្រាស់​ខ្លួន​ឯង កសិករ​អាច​យក​ទៅ​ស៊ី​ឈ្នួល​ឲ្យ​អ្នក​ផ្សេង​ទៀត​ក្នុង​មូលដ្ឋាន​បាន​ផង​ដែរ។

ពី​មុន​ការ​ដើរ​ស្ពាយ​បំពង់​ថ្នាំ​បាញ់​លើ​ខ្នង ប្រឈម​នឹង​ការ​ប៉ះ​ពាល់​សារធាតុ​គីមី​រហូត​ដល់ ៩០% ឯណោះ។ ដោយ​ឡែក​ចំពោះ​ម៉ាស៊ីន​នេះ អាច​ឲ្យ​អ្នក​ជៀស​ផុត​ពី​សារធាតុ​គីមី​បាន​ដល់ ៩០% វិញ។

ជាង​នេះ​ដែរ រ៉ាវុធ ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​កសិដ្ឋាន ម្ចាស់​អាជីវកម្ម សូម​ជួយ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ដែល​បង្កើត​ឡើង​ដោយ​ស្នាដៃ​យុវជន ដើម្បី​ជួយ​ឲ្យ​វិស័យ​កសិកម្ម​អាច​រីកចម្រើន​ទៅ​មុខ​៕

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់