- 2018-06-30 08:35:00
- ព័ត៌មាន
ចូលរួមលើកដំបូង កម្ពុជាឈ្នះពានមួយ ការប្រកួត Tech Startups នៅសិង្ហបុរី
- 2018-06-30 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមលើកដំបូង កម្ពុជាឈ្នះពានមួយ ការប្រកួត Tech Startups នៅសិង្ហបុរី
ចន្លោះមិនឃើញ
ឯកឧត្ដមបណ្ឌិត កាន ច័ន្ទមេតា្ត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ) និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(ក្រុមប្រឹក្សាមូលនិធិស.អ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប.ទ និងជាប្រធានក្រុមប្រឹក្សាមូលនិធិស.អ. បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និង Tech Startups ចំនួន១៣ ចូលរួមក្នុងកម្មវិធី Echelon Asia Summit 2018 ដែលរៀបចំដោយក្រុមហ៊ុន E27 នៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៨។
នេះជាលើកទីមួយដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានដឹកនាំ Tech Startups ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនៅតំបន់អាស៊ី។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រើប្រាស់មូលនិធិស.អ (CBRD Fund) ដែលជាចំណែកវិភាគទានរបស់ក្រុមហ៊ុន Smart Axiata ដើម្បីដឹកនាំ Tech Startups របស់កម្ពុជា ចូលរួមការប្រកួតប្រជែង។
Echelon Asia Summit 2018 គឺជាវេទិកាដែលរៀបចំឡើងដើម្បីជួយជំរុញនិងអភិវឌ្ឍ Tech Startups តាមរយៈការប្រមូលផ្ដុំអ្នកវិនិយោគ ដៃគូអភិវឌ្ឍន៍ អ្នករៀបចំគោលនយោបាយអតិថិជន និងបុគ្គលពាក់ព័ន្ធនឹង Tech Startup ecosystem។ ក្នុងកម្មវិធីនេះ ក្រុមហ៊ុន E27 បានរៀបចំវេទិការដ្ឋាភិបាល (Government Forum) និងពិព័ណ៌ Tech Startup។
វេទិការដ្ឋាភិបាលលើកទីមួយនេះ មានការចូលរួមពីតំណាងប្រទេសមួយចំនួនដូចជា សិង្ហបុរី កម្ពុជា ម៉ាឡេស៊ី កាហ្សាស្ថាន ហ្វីលីពីន វៀតណាម ថៃ និងឥណ្ឌូណេស៊ី ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយក្នុងការប្រមូលទិន្នន័យអំពី Tech Startup ដែលអនុញ្ញាតឱ្យប្រទេសនីមួយៗអាចស្វែងរកTech Startup ទាំងនោះដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគាំទ្រដល់ការវិនិយោគនិងផ្សព្វផ្សាយ។
ក្នុងកិច្ចវេទិកានេះ ប្រទេសនីមួយៗក៏បានបង្ហាញអំពីគំនិតផ្ដួចផ្ដើមនានា ដំណើរការរៀបចំ Tech Startup Ecosystem និងគោលនយោបាយគាំទ្រដល់ Tech Startups ផងដែរ។ នៅក្នុងថ្ងៃជាមួយគ្នានោះផងដែរ Startups កម្ពុជាត្រូវបានស្វាគមន៍ឱ្យធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Facebook ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Salesforce ដើម្បីចែករំលែកនូវបទពិសោធន៍ក្នុងការបង្កើនសក្ដានុពល Startups តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងតាមរយៈការប្រើប្រាស់សេវារបស់ក្រុមហ៊ុនពួកគេផងដែរ។
ចំពោះការតាំងពិព័ណ៌វិញមាន Tech startup ចំនួន ១៥០ ចូលរួមបង្ហាញផលិតផលនិងសេវារបស់ខ្លួន ក្នុងនេះផងដែរមានTech Startups ចំនួន ១៣ ពីកម្ពុជាដែលត្រូវបាននាំទៅបង្ហាញនៅក្នុងកម្មវិធីខាងលើរួមមាន ១. Soyo Entertainment ២. Last2Ticket ៣. Osja Studio ៤. DirectPlay ៥. Morakot Technology ៦. Joonaak ៧. Khmer24 ៨. Nham24 ៩. Bong Pheak ១០. Spare Asia ១១. BookMebus ១២. Demine Robotics និង១៣. Cambo Tickets ។
ជាលទ្ធផលក្រុមហ៊ុន BookMebus បានឈ្នះពាន់រង្វាន់ Echelon 27 នៅតំបន់អាស៊ី ក្នុងប្រភេទពានរង្វាន់ការធ្វើដំណើរនិងការរស់នៅ (Travel & Lifestyle)។ កម្ពុជាមានមោទនភាពក្នុងការដឹកនាំ Tech Startups របស់កម្ពុជាលើកទី ១ ចូលរួមប្រកួតប្រជែងជាមួយ Tech Startups ចំនួន ១០០ នៅអាស៊ី និងបានឈ្នះពានរង្វាន់នេ។
ឯកឧត្ដមបណ្ឌិត កាន ច័ន្ទមេត្តា ត្រូវបានអញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាស្ដីពី “តួនាទីរបស់រដ្ឋាភិបាលក្នុងការផ្ដើមគំនិតនវានុវត្តន៍ក្នុងនៅគ្រប់កម្រិតនៃសង្គម” (“The role of government in spearheading innovation at every level of society”)។
ក្នុងឱកាសនោះឯកឧត្ដមបានមានប្រសាសន៍ថា ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមសហការជាមួយក្រសួងពាក់ព័ន្ធនានា បាននិងកំពុងខិតខំ ប្រឹងប្រែង ផ្ដួចផ្ដើម និងជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង Tech startup ecosystem ។
ជាមួយគ្នានេះដែរ ដើម្បីជំរុញលើវិស័យនេះ ក្រសួងបានសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធនានា ជាពិសេសគ្រឹះស្ថានស្រាវជ្រាវ វិនិយោគិន និងប្រតិបត្តិករទូរគមនាគមន៍ ក្នុងការធ្វើឱ្យប្រសើរឡើងនូវ Tech Startup Ecosystem។ ជាលទ្ធផល Tech Startup ត្រូវបានជំរុញលើកទឹក និងផ្ដល់ឱកាសឱ្យចូលរួមក្នុងកម្មវិធី Echelon Asia Summit 2018 នេះ។
ឯកឧត្ដម បន្តទៀត លោកជឿជាក់ថាការចូលរួមរបស់ Tech startups ទាំង ១៣ នេះនឹងបង្កើតជាឱកាសសម្រាប់ពួកគេក្នុងការផ្លាស់ប្ដូរនូវបទពិសោធន៍និងឧត្តមានុវត្តនៃការអភិវឌ្ឍន៍បច្ចេកវិទ្យានៅថ្នាក់តំបន់ ការសិក្សាអំពីការរកដំណោះស្រាយថ្មីៗនិងនវានុវត្តន៍ពីគ្នាទៅវិញទៅមក ការពិនិត្យនិងការតាមដានការវិវត្តនៃបច្ចេកវិទ្យាបច្ចុប្បន្ននិងអនាគត ការពង្រីកទំនាក់ទំនងនិងបណ្តាញជាមួយ Tech Startup ផ្សេងៗទៀតនៅក្នុងបណ្ដាប្រទេសនៅតំបន់អាស៊ី និងការស្វែងរកឱកាសទទួលបានការវិនិយោគពីបណ្ដាក្រុមហ៊ុនធំៗនៅថ្នាក់តំបន់និងពិភពលោក។
លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ "ក្រុមហ៊ុន Smart Axiata បានបង់វិភាគទានយ៉ាងទៀងទាត់ចូលមូលនិធិស.អ. ស្របតាមច្បាប់ទូរគមនាគមន៍ និងតែងតែគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ Tech Startup Ecosystem ។
លោកជឿជាក់ថាការគាំទ្រនេះនឹងផ្ដល់នូវអត្ថប្រយោជន៍ដ៏មានតម្លៃមកកាន់ប្រទេសកម្ពុជានាពេលអនាគតហើយវាក៏អាចជួយឱ្យក្រុមហ៊ុនSmart Axiata ផ្ទាល់សម្រេចបាននូវចក្ខុវិស័យរបស់ក្រុមហ៊ុនក្លាយជាជើងឯកឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២០។ លោកប្រាកដថា Echelon Asia Summit 2018 គឺជាឱកាសដ៏ល្អមួយសម្រាប់ Tech Startup របស់កម្ពុជាក្នុងការបង្ហាញខ្លួនលើឆាកអន្តរជាតិ ហើយលោកក៏ជឿជាក់ផងដែរថា Tech Startup របស់កម្ពុជានឹងទទួលបានកម្លាំងជំរុញ ដើម្បីបន្តអភិវឌ្ឍអាជីវកម្មរបស់ពួកគេឱ្យរីកចម្រើនមួយកម្រិតបន្ថែមទៀត" ។
គួរកត់សម្គាល់ផងដែរថា Echelon Asia Summit 2018 នេះមានអ្នកចូលរួមប្រមាណ ៥០០០ នាក់ មកពីប្រទេសចំនួនជាង៣០ ទូទាំងពិភពលោក ដែលក្នុងនោះមានអ្នកវិនិយោគ ដៃគូសហការ Tech Startups អ្នកសារព័ត៌មាន វាគ្មិន និងបុគ្គលពាក់ព័ន្ធផ្សេងទៀត។