• 2018-02-20 04:05:22
  • ព័ត៌មាន

តោះ! ចូលរួម​ប្រកួត​គ្នា​​ពាន​រង្វាន់"ស្ត្រី​​ក្នុង​វិស័យ​បច្ចេកវិទ្យា"នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ

  • 2018-02-20 04:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ប្រកាស​បើក​នូវ​កម្មវិធី​មួយ​ឈ្មោះ​ថា “ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា"

រូបភាព| DMI

#កាល​បរិច្ឆេទ​ផុត​កំណត់៖

  • កម្មវិធី​នេះ​ផ្ដោត​លើ​ប្រធានបទ “ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​តាម​រយៈ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន”។
  • ក្រសួង​កំពុង​ប្រកាស​រក​បេក្ខភាព​ជា​ស្ត្រី ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ ២០១៨។
  • បន្ទាប់មក​ក្រសួង​នឹង​ធ្វើការ​ជ្រើសរើស ហើយ​វាយ​តម្លៃ​រក​ស្ត្រី​ឆ្នើម​ដែល​មាន​គុណសម្បត្តិ​គ្រប់គ្រាន់។ ជយលាភី ៣ រូប នឹង​ត្រូវ​ផ្ដល់​កិត្តិយស​ទទួល​ពាន​រង្វាន់​នៅ​ថ្ងៃ​ទី ៧ ខែ​មីនា ឆ្នាំ២០១៨។

#ពាន​រង្វាន់​ផ្នែក​បច្ចេកវិទ្យា​៖

"កម្មវិធី​នេះ​មាន​ពាន​រង្វាន់​ផ្នែក​បច្ចេកវិទ្យា​ចំនួន ៣ ប្រភេទគឺ៖

  • សហគ្រិន​ឆ្នើម​ស្ត្រី​ក្នុង​បច្ចេកវិទ្យា (Cambodian Woman ICT Entrepreneur Award) - វិស្វករ​ស្ត្រី​ជោគជ័យ​ក្នុង​ជំនាញ ប.គ.ព (Cambodian Woman ICT Engineer Award)
  • ស្ត្រី​ដែល​បាន​ចូលរួម​ជំរុញ​នូវ​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការអភិវឌ្ឍន៍​សង្គម​ឬ​សហគមន៍ (Cambodian Woman ICT For Community Award)។
រូបភាព| cbrd.gov.kh

ឯកឧត្ដម កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មាន​ប្រសាសន៍​ថា៖ “កន្លងមក​យើង​មើល​ឃើញ​ថា ស្ត្រី​កម្ពុជា​មាន​ចំនួន​តិចតួច​ណាស់​ដែល​បាន​ចាប់​យក​ជំនាញ និង​ធ្វើការ​ក្នុង​វិស័យ​នេះ ទោះជា​ពួក​គាត់​មាន​សមត្ថភាព និង​ការ​ច្នៃប្រឌិត​ប្លែកៗ​មិន​ចាញ់​បុរស​ក៏​ដោយ។ ដើម្បី​ជំរុញ​ការ​ចូលរួម​បន្ថែម​ទៀត យើង​ចាំបាច់​ត្រូវ​បង្កើត​កម្មវិធី​លើកទឹកចិត្ត​នានា។ ជា​លទ្ធផល ពានរង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ នឹង​ជួយ​បំផុស​ទឹកចិត្ត​ឱ្យ​ស្ត្រី​ដទៃ​ទៀត​ចាប់អារម្មណ៍ និង​ចូលរួម​ជា​បន្តបន្ទាប់”។

កម្មវិធី​នេះ មាន​គោលបំណង​លើក​ទឹកចិត្ត​ស្ត្រី​ឱ្យ​ចូលរួម​កាន់​តែ​ច្រើន​ផុលផុស នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ពាំ​នាំ និង​កែប្រែ​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុពល និង​រីកចម្រើន​នៅ​ក្នុង​យុគសម័យ​ឌីជីថល​នេះ។

រូបភាព| DMI

ស្ត្រី​ឆ្នើម​នៅ​កម្ពុជា​ទាំង ៣ ប្រភេទ​ដែល​ត្រូវ​បាន​ជ្រើសរើស​ត្រូវ​តែ​ជា​ក្រុម​ស្ត្រី​កម្ពុជា​ដែល​មាន​សក្ដានុពល​ក្នុង​ផ្នែក​បច្ចេកវិទ្យា មាន​ភាព​ជា​អ្នកដឹកនាំ​ខ្ពស់ ព្រម​ទាំង​បាន​ប្រើប្រាស់​នូវ​ជំនាញ​របស់​ខ្លួន​ដើម្បី​បម្រើការ​ក្នុង​ស្ថាប័ន​របស់​ខ្លួន ក៏​ដូចជា​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ ក្រៅ​ពី​នេះ ពួកគាត់​ក៏​ត្រូវ​តែ​ជា​ស្ត្រី​កម្ពុជា​ដែល​បាន​លះបង់​នូវ​ពេលវេលា និង​កម្លាំង​កាយ​ចិត្ត​របស់​ខ្លួន​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ចូលរួម​ស្វែងរក​ដំណោះស្រាយ​ផ្នែក​ណាមួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា សម្រាប់​យក​មក​បម្រើ​ផលប្រយោជន៍​ក្នុង​សង្គម​កម្ពុជា​ជា​រួម។

រូបភាព| DMI

សាធារណជន​អាច​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន ដោយ​ស្នើ​បេក្ខភាព ស្ត្រី​ដែល​លោកអ្នក​គិត​ថា​ជា​ស្ត្រី​ឆ្នើម​ឬ​ស្ត្រី​គំរូ​ក្នុង​វិស័យ​នេះ។ ការ​ស្នើ​បេក្ខភាព​អាច​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ ដោយ​គ្រាន់​តែ​ចូល​ទៅ​ក្នុង​តំណភ្ជាប់ cbrd.gov.kh ទំនាក់ទំនង​តាម​ info@cbrd.gov.kh ឬ ទូរស័ព្ទ​លេខៈ 023 723 121 ឬ 086 47 87 72 ។

អត្ថបទ៖ រក្សា

មតិយោបល់