• 2018-01-30 23:15:00
  • ព័ត៌មាន

កុំ​ឲ្យ​ឆ្ងល់! រឿង​អ្នក​ភ្ជាប់​ភ្លើង​ប្រើ​អំពែ​ធំ​ស៊ី​ភ្លើង​តិច និង​ភ្ជាប់​អំពែ​តូច​ស៊ី​ភ្លើង​ច្រើន​

  • 2018-01-30 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋ​ជា​ច្រើន​មាន​​ចម្ងល់​ និង​ចោទសួរ​តៗ​គ្នា​ពី​បញ្ហា​ភ្លើង​បំពាក់​អំពែ​ធំ​ស៊ី​ភ្លើង​តិច និង​បំពាក់​អំពែ​តូច​ស៊ី​ភ្លើង​ច្រើន តើ​ការ​ពិត​យ៉ាង​ណា​វិញ​? មន្រ្តីអគ្គិសនី​​ពីរ​រូប​បក​ស្រាយ​ពី​រឿង​នេះ៖

លោក សុខ មាន ជា​មន្ត្រី EDC ម្នាក់​បាន​ប្រាប់​មក​កាន់ Sabay ថា​ ភ្លើង​បំពាក់​អំពែ​ធំ​ស៊ី​ភ្លើង​តិច និង​បំពាក់​អំពែ​តូច​ស៊ី​ភ្លើង​ច្រើន​ អាស្រ័យ​ទៅលើ​ការ​ប្រើ​ប្រាស់។

លោក​ថា " ការ​ប្រើ​ប្រាស់​អស់​ភ្លើង​ច្រើន​ឬ​តិច​​អាស្រ័យ​ទៅ​លើ​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ឬ​ឧបករណ៍​អគ្គិសនី​ច្រើន ប្រសិន​តម្រូវ​ការ​ប្រើ​ក្នុង​ផ្ទះ​លើស​ពី ១០ អំពែ​ អ្នក​ប្រើ​គួរ​តែ​ត​ភ្ជាប់ ២០ អំពែ​។ ចៀស​វាង​នៅ​ពេល​ប្រើ​ប្រាស់​ច្រើន​ ថាមពល​ភ្លើង​ផ្ដល់​មិន​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​កុងទ័រ​ភ្លើង ឆាប់​ឡើង​កម្ដៅ​អាច​លោត​បិត​ចរន្តអគ្គិសនី។

សម្រាប់​អ្នក​រស់​នៅ​ផ្ទះ​លក្ខណៈ​គ្រួសារ​ដែលប្រើ​ប្រាស់​ទូទឹកកក ម៉ាស៊ីន​បោក ឬ​ម៉ាស៊ីន​ត្រជាក់​ក្នុង​ពេល​តែមួយលោក​បាន​ណែនាំ​ឲ្យ​ភ្ជាប់​អំពែ​ធំ​លើស​ពី ១០​អំពែ ចំពោះ​អ្នក​រស់​នៅ​ផ្ទះ​ជួល​ធម្មតា​ប្រើ​ប្រាស់​ត្រឹម​១០អំពែ​មិន​ជា​បញ្ហា​ឡើយ។

ងាក​មក លោក វិសាល មន្ត្រី EDC មួយ​រូប​ដែល​បម្រើ​ការ​នៅ​វត្ត​ភ្នំ​​ដែរ​នេះ ក៏​បាន​ប្រាប់​ដែរ​ថា​ការ​ប្រើ​ប្រាស់​ភ្លើង​អស់​ច្រើន​ឬ​តិច​អាស្រ័យ​ទៅលើ​ការ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ។

លោក​បន្ត​ថា​ អ្នក​ប្រើ​គួរ​តែ​ភ្ជាប់​អំពែ​កាន់​តែ​ធំ​កាន់​តែ​ល្អ ព្រោះ​ថា​តម្រូវ​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​តែង​តែ​ទិញ​របស់​របរ​អគ្គិសនី​មក​បន្ថែម​នៅ​ពេល​យើង​ប្រើ​ប្រាស់​ច្រើន​ហើយ​អំពែ​តូច​ធ្វើ​ឲ្យ​ឧបករណ៍(អំពែ) ឡើង​កម្ដៅ និង​អាច​ធ្វើ​ឲ្យ​កុងទ័រ​ដើរ​លឿន​ជា​ហេតុ​ធ្វើ​ឲ្យ​គីឡូ​ភ្លើង​កើន​ឡើងតិច​តួច​ដែរ ដូច​នេះ​អ្នក​គួរ​តែ​ភ្ជាប់​អំពែ​ឲ្យ​ធំជាង​ការ​ប្រើ​ប្រាស់​ទើប​ជា​ការ​ល្អ។

លោក​ក៏បាន​ប្រាប់​ថា​អ្នក​ប្រើ​ប្រាស់​គួរ​តែ​ជ្រើស​​​រើស ឧបករណ៍​ណា​ដែល​មាន​ស្តង់ដារ​ល្អ ដូច​ជា អំពែ​ភ្លើង ខ្សែ​ភ្លើង របស់​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ទូទឹកកក ម៉ាស៊ីន​ត្រជាក់ ម៉ាស៊ីន​ទឹក​ក្ដៅ .... ចៀសវាង​ប្រើ​ប្រាស់​របស់ មួយ​ទឹក ឬ​របស់​ដែល​ផលិត​មិន​ត្រូវ​តាម​ស្តង់​ដា​ដែល​ធ្វើ​ឲ្យ​ស៊ី​ភ្លើង​ខ្លាំង នឹង​អាច​មាន​ហានិភ័យ​កើត​ឡើង។

រាល់​ចម្ងល់​ទាំង​អស់​នេះ​ត្រូវ​បាន​មន្ត្រី​ EDC មួយ​រូប​​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បាន​ឲ្យ​ដឹង​ថា ​ការ​បំពាក់​អំពែរ​តូច ឬ ធំ​តាម​គេហដ្ឋាន​របស់​​ពលរដ្ឋ​​​មិនមែន​ចេះ​តែ​ដាក់​តាម​ការ​ចង់បាន​នោះ​ទេ ត្រូវ​​មាន​ពិនិត្យ​​​​មើល​ស្ថានភាព​​ប្រើប្រាស់​និង​តម្រូវការ​​ជាក់ស្តែង​​​។

លោក​ថា មុន​មន្រ្តី​អគ្គិសនី​​រៀប​ចំ​ប្រព័ន្ធ​អគ្គិសនី​ដល់​ផ្ទះ​ប្រជាជន​​គឺ​បាន​គិត​គូរ​​យ៉ាង​ល្អិត​ល្អន់។​ ដូច​​ផ្ទះ​គ្រួសារ​​មួួយ​​តូច​តម្រូវការ​តិច​​ បើ​ដាក់​អំពែ​រធំ​គឺ​​​មិន​ត្រូវ​​តាម​ស្តង់​ដា​​ឡើយ​។ ចំណែក​ឯ​​ផ្ទះ​ធំ​​​​តម្រូវការ​​ប្រើប្រាស់​ច្រើន ហើយ​​បើ​ដាក់​អំពែរ​តូច​ក៏​មិន​សមស្រប​ដែរ​។

ទាក់ទង​ការ​​លើក​ឡើង​ការ​បំពាក់​អំពែ​រធំ​ស៊ី​ភ្លើង​តិច រី​ឯ​បំពាក់​អំពែ​រតូច​ស៊ី​ភ្លើង​ច្រើន​​នោះ​លោក​បក​ស្រាយ​ថា​ ​​កាល​ណា​​តម្រូវការ​ប្រើប្រាស់​ច្រើន​ ​​​ការ​ផ្តល់​ថាមពល​​​មិន​គ្រប់​គ្រាន់​​​​​ កុងទ័រ​​ភ្លើង​​​ឡើង​​ខុស​ពី​ធម្មតា​​ដោយសារ​ភ្លើង​អូស​មិន​រួច​​ កុងទ័រ​ឆាប់​ឡើង​កម្តៅ​​​​ធ្វើ​​ឲ្យ​ស៊ី​ភ្លើង​​​​អស់​ច្រើន​។ ដូច​នេះ​ម្ចាស់​ផ្ទះ​ប្រញាប់​ទាក់​ទង​​មក​មន្រ្តី​អគ្គិសនី​មក​ជួយ​ត្រួត​ពិនិត្យ​ ដើម្បី​សុំ​ដំឡើង​អំពែរ​ឲ្យ​សមាមាត្រ​និង​ការ​ប្រើ​ប្រាស់​។

លោក​បន្ត​ថា ​បញ្ហា​មួយ​ទៀត​ដែល​ត្រូវ​យកចិត្ត​ទុក​ដាក់​​គឺ​​ការ​ជ្រើសរើស​​ឧបករណ៍​ប្រើប្រាស់​​ដែល​ខ្វះ​ស្តង់ដា​ជជុះៗ​​ដូច​ជា ទូទឹក​កក ម៉ាស៊ីន​ត្រជាក់ ម៉ាស៊ីន​ទឹក​ក្តៅ​ជា​ដើម ​​​ដែល​ផលិត​ឡើង​​​មិន​ស្រប​តាម​បច្ចេកវិទ្យា​នាំ​ឲ្យ​ស៊ី​ភ្លើង​ខ្លាំង​។ ការ​រៀប​ចំ​បណ្ដាញ​ភ្លើង​អគ្គិសនី​ក្នុង​ផ្ទះ​​មិន​បាន​ត្រឹម​ត្រូវ​​ក៏​អាច​នាំ​ឲ្យ​ស៊ី​ភ្លើងឬ អាច​នឹង​ជួប​ហានិភ័យ​ផ្សេង​ៗ​ជា​យថាហេតុ​ផងដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទបន្ទាប់៖

អត្ថបទ៖ ម៉េងងី

មតិយោបល់