- 2017-08-21 03:31:46
- ព័ត៌មាន
ធារិទ្ធ ប្រឹងដាច់យប់ជិត ២ ឆ្នាំទម្រាំបង្កើតវចនានុក្រមរូបភាពមួយ ទាំងជួបឧបសគ្គរាប់ភ្លេច
- 2017-08-21 03:31:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធារិទ្ធ ប្រឹងដាច់យប់ជិត ២ ឆ្នាំទម្រាំបង្កើតវចនានុក្រមរូបភាពមួយ ទាំងជួបឧបសគ្គរាប់ភ្លេច
ចន្លោះមិនឃើញ
រ៉ន ធារិទ្ធ ដែលមិនធ្លាប់បានបង្កើតកម្មវិធីអ្វីពីមុនសោះ តែដោយសារទឹកចិត្តស្រលាញ់ខេមរភាសា បានចំណាយពេលវេលាដ៏មានតម្លៃជាង ២ ឆ្នាំប្រឹងប្រែងបង្កើតបានកម្មវិធីវចនានុក្រមរូបភាពមួយឈ្មោះថា អ៊អ៊ ៩ ក្នុង ១ ខេមរភាសា។
យុវជនវ័យ ២៣ ឆ្នាំដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញរូបនេះ បានឲ្យ Sabayដឹងថា បន្ទាប់ពីប្រឡងចប់បាក់ឌុប លោកបានចូលរៀនជំនាញវិទ្យាសាស្ត្រកុំព្យូទ័រតាមមិត្តភក្តិ ទាំងគ្មានគោលដៅច្បាស់លាស់។ ក្រោយពីសិក្សាជំនាញខាងលើបានតែមួយឆ្នាំ លោកក៏បានសម្រេចចិត្តបោះបង់ការសិក្សាចោលពាក់កណ្ដាលទី ព្រោះដឹងថាខ្លួនថាមិនអាចស៊ូរួច ម្យ៉ាងដោយសារខាងគ្រួសារមិនគាំទ្រឲ្យរៀនជំនាញមួយនេះផង។
ទោះជាដឹងខ្លួនថាគ្មានសមត្ថភាពរៀន តែអតីតនិស្សិតជំនាញវិទ្យាសាស្ត្រកុំព្យូទ័រមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ មើលឃើញថានៅកម្ពុជា អ្នកបង្កើតកម្មវិធីវចនានុក្រមរូបភាពជាខេមរភាសា មានមិនច្រើននោះទេ ទើបលោកប្រឹងប្រែងបង្កើតវាឡើងតែម្នាក់ឯង ទាំងការសរសេរកូដ និងការឌីហ្សាញ Interface ផង។
កម្មវិធីវចនានុក្រមរូបភាពដែលលោកបង្កើតឡើងនេះមានទាំងភាសាជាតិ និងភាសាអង់គ្លេស ទាមទារឲ្យមានទិន្នន័យច្រើនពីគ្រប់ច្រកល្ហក ទើបអាចប្រើការបាន ទើបលោកអត់ធ្មត់ចំណាយពេលវេលាស្វែងរករូបភាពពីប្រភពផ្សេងៗ គិតតាំងពីដើរសួរគេ ស្វែងរកឈ្មោះឲ្យត្រូវនឹងរូបភាពតាមរយៈសៀវភៅខ្លះ ឬរកតាម Google ខ្លះ ហើយយកមកពី Oxford Picture Dictionary ខ្លះ។ ចំណែកឯពាក្យជាភាសាខ្មែរលោកបានសាកសួរអ្នកជំនាញផ្នែកអក្សរសាស្ត្រមួយចំនួន និងស្ថាបនិកដែលធ្លាប់បង្កើតវចនានុក្រមអង់គ្លេស-ខ្មែរ( EN-KH) មុនៗផងដែរ។
យុវជនរូបនេះបន្ថែមថា ដោយសារតែរវល់នឹងការសិក្សាផង ហើយកម្មវិធីនេះបង្កើតដោយម្នាក់ឯង គ្មានអ្នកជួយ ម្យ៉ាងពេលកំពុងធ្វើៗស្រាប់តែគិតឃើញគំនិតថ្មីៗបន្ថែមក៏ចេះតែថែមទៀត ថែមរហូតទាល់តែកាន់តែយូរទៅៗ ហើយជាពិសេសនោះពេលធ្វើមានគេថា "ខ្ញុំធ្វើនេះ វាបំផ្លាញពេលវេលា ធ្វើរបស់គ្មានប្រយោជន៍ទើបពេលខ្លះខ្ញុំទុកវាចោល"
ក្រោយពីបង្កើតចេញជារូបរាងកម្មវិធីវចនានុក្រមរូបភាព(អ៊អ៊ ៩ ក្នុង ១) ជំនាន់ទី ១ បានដាក់ឲ្យដោនឡូតម្ដងរួចមកហើយកាលពីឆ្នាំ ២០១៥ តែត្រូវបានយកកែសម្រួលជាថ្មី ដោយចេញជាជំនាន់ទី ២ កាលពីពាក់កណ្ដាលឆ្នាំ ២០១៦ និងបន្តរហូតដល់បច្ចុប្បន្ន។
កម្មវិធីវចនានុក្រមរូបភាព(អ៊អ៊ ៩ ក្នុង ១) បង្កើតឡើងក្នុងគោលបំណងសម្រាប់អ្នកដែលចង់បង្កើនចំណេះដឹងដែលពួកគេបានស្គាល់នូវអ្វីៗដែលនៅជុំវិញខ្លួនជាភាសាអង់គ្លេស ឬភាសាខ្មែរអមជាមួយរូបភាព ម្យ៉ាងទៀតសម្រាប់អ្នកដែលចង់រៀនពាក្យថ្មីៗ ងាយស្រួលចងចាំ។
ក្នុងនាមជានិស្សិតសិស្សច្បង ធារិទ្ធបានលើកទឹកចិត្តដល់ប្អូនៗជំនាន់ក្រោយៗថា ទោះជារៀនជំនាញអ្វីក៏ដោយ សំខាន់ការតាំងចិត្ត ធ្វើរបស់ដែលចិត្តចង់បាន ហើយធ្វើឡើងឲ្យចេញជារូបរាង។ យុវជនរូបនេះ សង្ឍឹមថាមានយុវវ័យខ្មែរជួយគាំទ្រស្នាដៃរបស់លោក ដើម្បីជាកម្លាំងចិត្តក្នុងការអភិវឌ្ឍកម្មវិធីវចនានុក្រមនេះតទៅមុខទៀត ទោះជាឥឡូវវានៅជាកម្មវិធីលើកុំព្យូទ័រ តែលោកនឹងអភិវឌ្ឍដាក់ជា App លើស្មាតហ្វូនថ្ងៃខាងមុខ៕
ចុចអានបន្ត៖