• 2020-02-26 02:12:26
  • ផលិតផលថ្មី

ឡានអាចការពារវីរុសកូរ៉ូណាបាន ចេញលក់ជាផ្លូវការ តម្លៃ ១៦ ៥០០ដុល្លារ

  • 2020-02-26 02:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត Geely បាន​ចាប់​ផ្ដើម​បញ្ចេញ​លក់​​រថយន្ត SUV ខ្នាត​តូច​ឈ្មោះ Icon របស់​ខ្លួន​ក្នុង​ប្រទេស​ចិន​នា​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ តាម​រយៈ​ការ​ប្រកាស​លើ​អនឡាញ​និង​មាន​មនុស្ស​រាប់​លាន​នាក់​ចូល​ទស្សនា។

មុន​​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ ក្រុមហ៊ុន​បាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ទុក​មុន​ ដោយ​ក្នុង​ពេល​តែ​ប៉ុន្មាន​ម៉ោង​ ទទួល​បាន​ការ​កុម្ម៉ង់​ជាង ៣០ ០០០ គ្រឿង​ឯណោះ។ វា​ជា​សញ្ញា​បង្ហាញ​ថា​ Icon នេះ​គឺ​ជា​ SUV ពេញ​និយម​ខ្លាំង​ជាង​គេ​បំផុត​របស់ Geely។

រថយន្ត​នេះ​គឺ​មាន​ចំណុច​ទាក់ទាញ​ខ្លាំង​មួយ​សម្រាប់​អតិថិជន​នៅ​ចិន ក្នុង​អំឡុង​ពេល​ដែល​វីរុស​កូរ៉ូណា​បាន​រាល​ដាល​ខ្លាំង នោះ​គឺ​ការ​បំពាក់​ជា​មួយ​បច្ចេកវិទ្យា​ឆ្លាត​វៃ​ឈ្មោះ Intelligent Air Purification System (ហៅ​កាត់ IAPS)។ បច្ចេកវិទ្យា​នេះ​គឺ​ដំណើរ​ការ​ជា​មួយ​ម៉ាស៊ីន​ត្រជាក់ ហើយ​មុខងារ​របស់​វា​គឺ​ការពារ និង​កម្ចាត់​ចោល​នូវ​វត្ថុ​ធាតុ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​មាន​ក្នុង​រថយន្ត រួម​មាន​បាក់តេរី និង​វីរុស។

រថយន្ត​ Icon នេះ​ដែរ ប្រើ​ប្រាស់​ម៉ាស៊ីន​ Turbocharged ៤ ស៊ីឡាំង ចំណុះ ១,៥ លីត្រ ភ្ជាប់​នឹង​ប្រព័ន្ធ Hybrid និង​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៧ វគ្គ។ ​ម៉ាស៊ីន​សាំង​អាច​បង្កើត​កម្លាំង​បាន​ ១៧៤ សេះ ចំណែក​​ម៉ូទ័រ​អគ្គិសនី​បង្កើត​កម្លាំង​បាន​ ១៣,៤ សេះ បន្ថែម​ទៀត។

កម្រិត​ស៊ី​ប្រេង​ជា​មធ្យម​គឺ ៥,៧ លីត្រ ក្នុង​ចម្ងាយ​ ១០០ គីឡូម៉ែត្រ និង​អាច​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ ៧,៩ វិនាទី។ តម្លៃ​​លក់​នៅ​ប្រទេស​ចិន​គឺ​មាន​ចន្លោះ​ពី ១៦ ៥០០ ដុល្លារ ដល់ ១៨ ៣០០ ដុល្លារ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់