• 2020-02-25 10:34:37
  • ផលិតផលថ្មី

ចេញតកន្ទុយគ្នា! ទូរសព្ទ 5G ប្រើឈីប Snapdragon 865 តម្លៃមហាធូរ

  • 2020-02-25 10:34:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​ realme បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ខ្លួន​ដែល​ជា​ប្រភេទ​ស្មាតហ្វូន 5G លំដាប់​ថវិកា​ មាន​តម្លៃ​ចាប់​ពី​ប្រមាណ​ ៦៥០ ដុល្លារ​នៅ​ទីផ្សារ​អឺរ៉ុប។ នៅ​ថ្ងៃ​នេះ​ដល់​វេន​​​ vivo វិញ​ម្ដង គឺ​ដែល​បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ 5G ​​មាន​តម្លៃ​​ប្រមាណ​​ ៥១៥ ដុល្លារ​ នៅ​ទីផ្សារ​ប្រទេស​ឥណ្ឌា។

realme X50 Pro

realme X50 Pro មាន​បំពាក់​ដោយ​អេក្រង់​​​ទំហំ ៦,៤៤ អ៊ីញ ជា​ប្រភេទ Super AMOLED អាច​បង្ហាញ​រូប​ក្នុង​កម្រិត FullHD+ និង​មាន​ Refresh Rate 90Hz ការពារ​ដោយ​ផ្ទាំង​កញ្ចក់​ Gorilla Glass 5។ នៅ​ក្រោម​អេក្រង់​ក៏​មាន​ទ្រនាប់​ស្កេន​ ដែល realme អះអាង​ថា​អាច​ស្កេន​ម្រាម​ដៃ​ក្នុង​ពេល​ត្រឹម ០,២៧ វិនាទី។

បន្ទះ​ឈីប Snapdragon 865 គឺ​ភ្ជាប់​ជា​មួយ​ Modem 5G ដែល​​មាន​ជម្រើស RAM LPDDR5 ទំហំ​ដល់​ ១២GB (ក៏​មាន​ជម្រើស​ទំហំ ៦GB និង ៨GB) ផង​ដែរ។ ចំពោះ​អង្គ​ផ្ទុក​វិញ​គឺ​មាន​ជម្រើស ១២៨GB និង ២៥៦GB ដែល​​ប្រើ​បច្ចេកវិទ្យា​ UFS 3.0។

X50 Pro មាន​កាមេរ៉ា​បួន​នៅ​ផ្នែក​ខាង​ក្រោយ ដែល​កាមេរ៉ា​មេ​មាន​កម្រិត ៦៤MP ជា​ Sensor Samsung ISOCELL GW1 មាន​ Aperture f/1.8។ វា​អាច​​ផលិត​រូបភាព​បាន​ទំហំ ១៦MP ដោយ​ប្រើ​ប្រាស់​វិធីសាស្ត្រ​ 4-to-1 pixel binning។

កាមេរ៉ា​មេ​នេះ មាន​អម​ដោយ​កាមេរ៉ា​ Ultra-Wide ទំហំ ៨MP Aperture f/2.3 អាច​ថត​រូប​ទំហំ ១១៩ ដឺក្រេ និង​កាមេរ៉ា​ Telephoto កម្រិត ១២MP អាច​ Zoom បាន​ពីរ​ដង​ ដែល​មាន Aperture f/2.5។ ចុង​ក្រោយ​គឺ​កាមេរ៉ា​​សម្រាប់​វាស់​ជម្រៅ។ នៅ​ផ្នែក​ខាង​​មុខ​វិញ​គឺ​មាន​បំពាក់​កាមេរ៉ា​ភ្លោះ ដែល​​មាន​កាមេរ៉ា​កម្រិត ៣២MP ​អម​ដោយ​កាមេរ៉ា Ultrawide កម្រិត ៨MP។

ស្មាតហ្វូន​នេះ​ក៏​មាន​សមត្ថភាព​សាក​ថ្ម​លឿន​កម្លាំង ៦៥ វ៉ាត់ ដែល​អាច​សាក​ថ្ម​ទំហំ ៤២០០ mAh របស់​វា ក្នុង​ពេល​ត្រឹម ៣៥ នាទី ខណៈ​ដែល​ការ​សាក ២០ នាទី​គឺ​បាន​ថ្ម ៦០%។ មុខងារ​ដទៃ​ទៀត​មាន​ដូច​ជា​ប្រព័ន្ធ​សំឡេង​ស្ទេរីអូ និង​មាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​សម្រាប់​រក្សា​សីតុណ្ហភាព​ឲ្យ​ត្រជាក់​ពេល​លេង​ហ្គេម​យូរ។

សម្រាប់​ប្រភេទ ៨GB+១២៨GB គឺ​មាន​តម្លៃ​​ប្រមាណ ៦៥០ ដុល្លារ, ប្រភេទ ៨GB+២៥៦GB មាន​តម្លៃ​ប្រមាណ ៧២៦ ដុល្លារ ហើយ​ប្រភេទ​កប់​ជាង​គេ​គឺ ១២GB+២៥៦GB មាន​តម្លៃ​ប្រមាណ ៧៩១ ដុល្លារ។

​​​vivo iQOO 3 5G

vivo មួយ​គ្រឿង​នេះ​មាន​បំពាក់​អេក្រង់​ Super AMOLED ទំហំ ៦,៤៤ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ FullHD+ ដែល​មាន​បង្កប់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​អេក្រង់ និង​មាន​កាមេរ៉ា​​ទំហំ ១៦MP ចោះ​បំពាក់​លើ​អេក្រង់។

កាមេរ៉ា​បួន​គ្រាប់​ខាង​ក្រោយ​គឺ​មាន​ផ្គុំ​ដោយ​កាមេរ៉ា​មេ​ទំហំ ៤៨MP មាន​ Aperture f/1.8 គួប​ផ្សំ​នឹង​កាមេរ៉ា​ Telephoto ទំហំ ១៣MP មាន Aperture f/2.46, កាមេរ៉ា​ Ultrawide ​កម្រិត ១៣MP មាន Aperture f/2.2 និង​កាមេរ៉ា​វាស់​ជម្រៅ​កម្រិត ២MP។

វា​មាន​សមត្ថភាព​សាក​ថ្ម​ឆាប់​ពេញ​​កម្លាំង​ ៥៥ វ៉ាត់ ដែល​ក្រុមហ៊ុន​អះអាង​ថា​ត្រឹម​តែ​ ១៥ នាទី អាច​សាក​ថ្ម​ទំហំ ៤៤៤០ mAh របស់​វា​ បាន​ពាក់​កណ្ដាល (ពី ០-៥០%)។ ស្មាតហ្វូន​នេះ​ក៏​មាន​ប៊ូតុង​ពិសេស​ចំនួន​ពីរ​ឈ្មោះ Monster Touch ដែល​នៅ​ពេល​ចុច​វា​ទាំង​ពីរ​ជាប់​នឹង​ដំណើរ​ការ​មុខងារ Monster Mode ដែល​​ប្រើ​បន្ទះ​ឈីប Snapdragon 865 ឲ្យ​អស់​ពី​សមត្ថភាព​ ១០០% សម្រាប់​ការ​លេង​ហ្គេម​ដោយ​គ្មាន​ភាព​រអាក់រអួល។

vivo iQOO 3 5G គឺ​មាន RAM ទំហំ ១២GB និង​មាន​អង្គ​ផ្ទុក​ ២៥៦ GB ដែល​ដាក់​លក់​នៅ​ឥណ្ឌា​ក្នុង​តម្លៃ​ប្រមាណ​ ៦២៥ ដុល្លារ ដាក់​លក់​ចប់​ពី​ថ្ងៃ​ទី ៤ ខែ​មីនា៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់