• 2020-02-24 08:34:34
  • ផលិតផលថ្មី

Sony Xperia 1 II ចេញជាផ្លូវការ កាមេរ៉ា Focus សាហាវជាងមុន និងនាំយករន្ធចាស់មួយមកវិញ

  • 2020-02-24 08:34:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​កម្មវិធី MWC ឆ្នាំ ២០២០ ត្រូវ​បាន​រំសាយ​ចោល​មែន ប៉ុន្តែ Sony នៅ​តែ​បន្ត​ការ​ប្រកាស​ចេញ​ស្មាតហ្វូន Xperia ជំនាន់​ថ្មី​របស់​ខ្លួន តាម​រយៈ​ការ​ប្រកាស​អនឡាញ។ វា​គឺ​ម៉ូដែល Sony Xperia 1 II (អាន​ថា​ Xperia One Mark Two) ដែល​នាំ​មក​នូវ​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ, ប្រព័ន្ធ​កាមេរ៉ា​ថ្មី និង​​ទ្រាំទ្រ​សេវា​ 5G។ ទន្ទឹម​នឹង​នោះ​ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​អំពី​ការ​អភិវឌ្ឍ​នូវ Xperia Pro ដែល​ជា​ប្រភេទ​​ខ្លាំង​មួយ​ផង​ដែរ។

​​​​​​Sony Xperia 1 II

អេក្រង់​ Xperia ជំនាន់​ថ្មី​នៅ​តែ​ជា​ប្រភេទ 4K OLED HDR មាន​ទំហំ ៦,៥ អ៊ីញ មាន​មាត្រដ្ឋាន​ទ្រវែង 21:9។ Sony មិន​បាន​ដំឡើង​នូវ Refresh Rate នៃ​អេក្រង់​នោះ​ឡើយ ដោយ​ប្រើ​ប្រាស់​មុខងារ Motion Blur Reduction ជំនួស​វិញ។ មុខងារ​នេះ​អះអាង​ថា​មាន​ផល​ប្រយោជន៍​ដូច​ជា​អេក្រង់ 90Hz ដែរ ដោយ​អាច​វិភាគ​អំពី​អ្វី​ដែល​នៅ​អេក្រង់ និង​ផ្លាស់​ប្ដូរ​នូវ Frame នីមួយៗ។

កាមេរ៉ា ៣ គ្រាប់​​ផ្នែក​ខាង​ក្រោយ​បាន​ប្ដូរ​ទីតាំង​មក​នៅ​ផ្នែក​លើ​ខាង​ឆ្វេង​វិញ ខុស​ពី Xperia 1 ដែល​ដាក់​នៅ​ចំ​កណ្ដាល។ ទំហំ​នៃ​កាមេរ៉ា​មិន​មាន​ប្រែប្រួល​ឡើយ​ គឺ​មាន​ទំហំ ១២ MP ដូច​គ្នា​ទាំង​បី ប៉ុន្តែ​វា​នាំ​មក​នូវ Sensor ធំ​ជាង​មុន និង​ឡេន​ល្បឿន​លឿន​ជាង​មុខ។ កាមេរ៉ា​មុខ​ទំហំ ៨MP ដដែល ដោយ​មិន​ផ្លាស់​ប្ដូរ។

កាមេរ៉ា​ផ្នែក​លើ​គេ​គឺ​ជា​ប្រភេទ Ultra Wide ដែល​មាន​ Aperture f/2.2 និង​មាន​ Sensor ទំហំ 1/2.6" ជា​មួយ​បច្ចេកវិទ្យា​ Dual-PD Autofocus។ បន្ទាប់​មក​គឺ​ជា​កាមេរ៉ា Telephoto ដែល​មាន​ Aperture f/2.4 មាន​ Sensor ទំហំ 1/3.4 ជា​មួយ​​បច្ចេកវិទ្យា​ PD Autofocus។ ចុង​ក្រោយ​គឺ​កាមេរ៉ា​មេ​ដែល​មាន​ Sensor ទំហំ​ធំ 1/1.7” ជា​ប្រភេទ Exmor មាន​បច្ចេកវិទ្យា Dual PD AF និង​បច្ចេកវិទ្យា​រក្សា​លំនឹង OIS ហើយ​មាន​ Aperture f/1.7។

នៅ​ចំ​កណ្ដាល​នៃ​កាមេរ៉ា​មេ និង​កាមេរ៉ា​ Telephoto គឺ​ប្រព័ន្ធ Sensor 3D iTOF ដែល​ជួយ​បង្កើន​ល្បឿន​ Focus បាន​កាន់​តែ​ប្រសើរ។ និយាយ​ដល់ Focus នៅ​លើ​ Xperia 1 II គឺ​មាន​មុខងារ​ Eye AF ដូច​ Xperia 1 ដែរ ប៉ុន្តែ​ម្ដង​នេះ​អាច​ដំណើរ​ការ​លើ​សត្វ​បាន។ Sony និយាយ​ថា​នេះ​​ជា​ស្មាតហ្វូន​ដំបូង​ដែល​អាច​ថត​រូបភាព​ Burst ២០ ប្លង់​ក្នុង​មួយ​វិនាទី ជា​មួយ​​ការ​ចាប់​​ Autofocus ​ជាប់ មាន​ន័យ​ថា​រូបភាព​ទាំង ២០ សន្លឹក​ដែល​ថត​បាន​ក្នុង​មួយ​វិនាទី​នឹង​សុទ្ធ​តែ​មាន​ការ Focus។

Sony Xperia 1 II ដំណើរ​ការ​ដោយ​ Snapdragon 865 ភ្ជាប់​ជា​មួយ​ Modem 5G ដែល​ដំណើរ​ការ​លើ Network ប្រភេទ Sub6។ វា​មាន RAM ទំហំ ៨GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ២៥៦ GB។

ទូរសព្ទ​នេះ​ក៏​មាន​សមត្ថភាព​ធន់​កម្រិត​ IP65 សម្រាប់​ទឹក និង IP68 សម្រាប់​ធូលី​ដី និង​មាន​ថ្ម​ទំហំ ៤០០០ mAh ហើយ​ទ្រាំទ្រ​ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ។ គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​វា​មាន​នាំ​យក​មក​វិញ​នូវ​រន្ធ​កាស​ 3.5 mm ដែល​ត្រូវ​បាន​ដក​ចេញ​ពី Xperia 1។

Xperia 1 II នឹង​ចេញ​លក់​នៅ​ក្នុង​ត្រីមាស​ទី ២ ប៉ុន្តែ​តម្លៃ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ។

Sony Xperia Pro

ស្មាតហ្វូន​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ផលិត​នៅ​ឡើយ ប៉ុន្តែ​វា​មាន​អេក្រង់​ និង​កាមេរ៉ា​ដូច​ 1 II ដែរ។ ពិសេស​នោះ​គឺ​វា​មាន​រន្ធ HDMI សម្រាប់​ភ្ជាប់​ជា​មួយ​កាមេរ៉ា Sony Alpha ដើម្បី​ប្រើ​វា​ជា​អេក្រង់​សម្រាប់​មើល ឬ​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​តាម​សេវា 5G បាន​ចេញ​ពី​កាមេរ៉ា​ផ្ទាល់។ ប្រភេទ Pro នឹង​នឹង​មាន​អង្គ​ផ្ទុក​​ទំហំ​ដល់ ៥១២ GB និង​មាន​តួ​ខ្លួន​រឹងមាំ យក​លំនាំ​តាម​កាមេរ៉ា Alpha ហើយ​សម្រាប់​តម្លៃ​ និង​ថ្ងៃ​ចេញ​លក់​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់