• 2020-02-17 04:27:20
  • ព័ត៌មាន

វីរុសកូរ៉ូណា ៖ ការសម្អាតទូរសព្ទគឺមានប្រសិទ្ធភាពជាងម៉ាសមុខទៅទៀត

  • 2020-02-17 04:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​លាង​សម្អាត​ទូរសព្ទ និង​លាង​ដៃ​ជា​ទៀង​ទាត់​​គឺ​ជា​វិធី​ដ៏​ល្អ​ប្រសើរ​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​ឆ្លង​នៃ​វីរុស​​កូរ៉ូណា គឺ​ល្អ​ប្រសើរ​ជាង​ការ​ពាក់​ម៉ាស។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​​រដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល​សិង្ហបុរី កាល​ពី​ថ្ងៃ​ពុធ។

​​រដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល​សិង្ហបុរី​លោក​ Kenneth Mak និយាយ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ពុធ​ថា​ មិន​មាន​ភស្តុតាង​បញ្ជាក់​ថា​វីរុស​កូរ៉ូណា​អាច​ឆ្លង​តាម​រយៈ​បរិយាកាស​នោះ​ទេ ដែល​មាន​ន័យ​ថា​ការ​ពាក់​ម៉ាស​មិន​មែន​ជា​វិធីសាស្ត្រ​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​នោះ​ទេ។

លោក​បាន​បន្ថែម​ថា​កិច្ចការ​ដែល​រឹត​តែ​សំខាន់​បំផុត​គឺ​ការ​លាង​សម្អាត​ទូរសព្ទ​ដៃ​របស់​ខ្លួន។ សារព័ត៌មាន​ The Straits Times បាន​​សម្រង់​សម្ដី​របស់​លោក Kenneth ដូច​នេះ​ថា ៖ "ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​របស់​ដែល​អ្នក​ឧស្សាហ៍​ប៉ះ។ របស់​ដែល​អ្នក​ឧស្សាហ៍​ប៉ះ​ជា​ញឹកញាប់​គឺ​ទូរសព្ទ ដូច​នេះ​ការ​ពាក់​ម៉ាស​មិន​មែន​ជា​រឿង​សំខាន់​ជាង​គេ​នោះ​ទេ។”

គួរ​ដឹង​ថា​ទូរសព្ទ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​របស់​កង្វក់​ៗ​ដែល​មនុស្ស​កាន់​កាប់​ ដោយ​សារ​វា​ត្រូវ​បាន​កាន់​ជា​ញឹកញាប់ និង​ការ​ដែល​មនុស្ស​នាំ​វា​ចូល​ទៅ​បន្ទប់​ទឹក​ជា​មួយ ដែល​អាច​ប្រមូល​មេរោគ​ជា​ច្រើន។ កាន់​តែ​ធ្ងន់ធ្ងរ​គឺ​ទូរសព្ទ​ទាំង​នេះ កាន់​តែ​ជិត​ភ្នែក ច្រមុះ និង​បបូរ​មាត់ ជា​ចំណុច​សំខាន់​ដែល​វីរុស​កូរ៉ូណា​អាច​ឆ្លង​ចូល​ខ្លួន​ប្រាណ​មនុស្ស។

ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ផ្សេង​គ្នា​បាន​រក​ឃើញ​ថា​ស្មាតហ្វូន​មាន​ផ្ទុក​មេរោគ​ច្រើន​ជាង​ចាន​បង្គន់​ទៅ​ទៀត។ ផ្អែក​តាម​ការ​សិក្សា​កាល​ពី​ឆ្នាំ ២០១៨ មួយ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​បួន​នាក់​មក​ពី​វិទ្យាស្ថាន​ Massachusetts ការ​សម្អាត​ទូរសព្ទ​ដោយ​ប្រើ​ឧបករណ៍​សម្អាត​ទូរសព្ទ​តាម​កម្ម​រស្មី UV ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​សម្លាប់​មេរោគ។

​ការ​សិក្សា​បាន​និយាយ​ថា​ការ​ប្រើ​ប្រាស់​អាល់កុល​ក៏​ជា​វិធីសាស្រ្ត​មាន​ប្រសិទ្ធភាព​មួយ​ដែរ ដែល​វិធីសាស្ត្រ​នេះ​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង​នៅ​ឯ​ផ្ទះ ដោយ​លាយ​ទឹក (៦០%) ជា​មួយ​អាល់កុល​សម្រាប់​ជូត (៤០%) រួច​ហើយ​យក​​ជូត​ទូរសព្ទ​ដោយ​ប្រើ​ប្រាស់​កំណាត់​ទន់, ដុំ​​សំឡី ឬ​​សំឡី​ត្បាល់។​​ ​ សារព័ត៌មាន Cnet បាន​លើក​ឡើង​ថា​មិន​គួរ​ប្រើ​ប្រាស់​របស់​មួយ​ចំនួន​ដើម្បី​សម្អាត​ទូរសព្ទ​នោះ​ឡើយ ដែល​រួម​មាន​ទឹក​លាង​​កញ្ចក់​បង្អួច, ទឹក​លាង​ចង្ក្រាន, ទឹក​សម្អាត​ Make-Up, សាប៊ូ​លាង​ដៃ, សាប៊ូ​លាង​ចាន​ និង​ទឹក​ខ្មេះ៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ សុខហេង

មតិយោបល់