• 2020-01-23 02:04:25
  • ព័ត៌មាន

Galaxy S20 តម្លៃថោកបំផុត ១០៣០ដុល្លារ នៅទីផ្សារមួយ

  • 2020-01-23 02:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​តែ​ប៉ុន្មាន​សប្ដាហ៍​​ទៀត​ត្រកូល Galaxy S20 នឹង​​ត្រូវ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ ហើយ​វិបសាយ​ TuttoAndroid បាន​ប្រាប់​ឲ្យ​ដឹង​អំពី​តម្លៃ​របស់​ស្មាតហ្វូន​ជំនាន់​ថ្មី​នៅ​លើ​ទីផ្សារ​អ៊ីតាលី ដែល​គេ​អាច​ស្មាន​ដឹង​តម្លៃ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​ទាំង​មូល។

រូបភាព Render Galaxy S20

ចាប់​ផ្ដើម​ពី Galaxy S20 ធម្មតា Samsung គ្រោង​លក់​វា​ក្នុង​តម្លៃ ៩២៩ អឺរ៉ូ (ស្មើ​ប្រមាណ​ ១០៣០ដុល្លារ) នៅ​ប្រទេស​អ៊ីតាលី។ តម្លៃ​នៅ​អ៊ីតាលី​តែង​តែ​ថ្លៃ​ជាង​តម្លៃ​នៅ​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អឺរ៉ុប​ប្រមាណ ១០ អឺរ៉ូ មាន​ន័យ​ថា​នៅ​ទីផ្សារ​អឺរ៉ុប​ស្មាតហ្វូន Galaxy S20 ធម្មតា​អាច​មាន​តម្លៃ ៩១៩ អឺរ៉ូ (ប្រមាណ​ ១០១៩ដុល្លារ)។ បើ​ប្រៀប​នឹង​ឆ្នាំ​ទៅ Galaxy S10 នៅ​អឺរ៉ុប​គឺ​មាន​តម្លៃ​ចាប់​ពី ៨៩៩ អឺរ៉ូ ទៅ ៩០៩ អឺរ៉ូ។

Galaxy S20 ធម្មតា​ក៏​នឹង​មាន​ដាក់​លក់​ជា​មួយ​ជម្រើស​មាន​សេវា 5G ដែល​នឹង​មាន​ឈ្មោះ​ថា Galaxy S20 5G។ Samsung នឹង​​ដំឡើង​តម្លៃ ១០០អឺរ៉ូ​បន្ថែម (ប្រមាណ ១១០ដុល្លារ) សម្រាប់​ប្រព័ន្ធ 5G ដូច​នេះ​តម្លៃ​លក់​រាយ​គឺ​​មាន​ចាប់​ពី ១០២៩ អឺរ៉ូ (ប្រមាណ​ ១១៤១ដុល្លារ)។

រូបភាព Render Galaxy S20+

​បន្ទាប់​មក​គឺ Galaxy S20+ និង Galaxy S20+ 5G ដែល​នឹង​មាន​តម្លៃ​ចាប់​ពី ១០២៩ អឺរ៉ូ (ប្រមាណ ១១៤១ដុល្លារ) និង ១១២៩ អឺរ៉ូ (ប្រមាណ ១២៥១ដុល្លារ)។ ប្រៀប​ធៀប​នឹង S10+ ឆ្នាំ​មុន​គឺ​មាន​លក់​តម្លៃ​ចាប់​ពី ៩៩៩ អឺរ៉ូ (ប្រមាណ​ ១១០៧ដុល្លារ)។

រូបភាព Render Galaxy S20 Ultra

ចំណែក Galaxy S20 Ultra ដែល​ជា​ស៊េរី​ខ្ពស់​ជាង​គេ​នោះ​គឺ​មាន​តម្លៃ​ ១៣៧៩ អឺរ៉ូ (ដែល​ស្មើ​ប្រមាណ​ ១៥២៩ ដុល្លារ)។ Galaxy S10 5G ស៊េរី​ខ្ពស់​ជាង​គេ​ដែល​ចេញ​លក់​ឆ្នាំ​មុន​គឺ​មាន​តម្លៃ ១២៤៩ អឺរ៉ូ (​ប្រមាណ​ ១៣៨៥ ដុល្លារ)។

បញ្ជាក់​ថា​ត្រកូល​​ Galaxy S20 ​នឹង​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ​ខាង​មុខ​ ដែល​រំពឹង​​ថា​ប្រកាស​ចេញ​ជា​មួយ​ទូរសព្ទ​បត់​អេក្រង់​ជំនាន់​ថ្មី៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់