• 2019-12-04 02:00:34
  • ព័ត៌មាន

ហែកមើលគ្រឿងក្នុងរបស់ Huawei Mate 30 មិនឃើញមានគ្រឿងបន្លាស់របស់អាមេរិកឡើយ

  • 2019-12-04 02:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ សម្រេច​ចិត្ត​ដាក់​ Huawei ចូល​ក្នុង​បញ្ជី​ខ្មៅ គេ​នឹក​ឆ្ងល់​ថា​ក្រុមហ៊ុន​នេះ​អាច​នឹង​ផលិត​ស្មាតហ្វូន​ដោយ​មិន​ប្រើ​ប្រាស់​គ្រឿង​បន្លាស់​របស់​ក្រុមហ៊ុន​អាមេរិក​បាន​ឬ​យ៉ាង​ណា។ បើ​ផ្អែក​តាម​ការ​ហែក​មើល​គ្រឿង​ក្នុង​​របស់​ស្មាតហ្វូន​ Huawei ស៊េរី​ចុង​ក្រោយ ដែល​ចុះ​ផ្សាយ​ដោយ​ The Wall Street Journal ចម្លើយ​នោះ​គឺ​ប្រហែល​ជា​អាច។

ការ​វិភាគ​ដែល​ធ្វើ​ឡើង​ដោយ​ UBS និង Fomalhaut Techno Solutions និយាយ​ថា​ គ្រឿង​ក្នុង​របស់​ Huawei Mate 30 មិន​មាន​គ្រឿង​បន្លាស់​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​អាមេរិក​នោះ​ទេ។ Huawei ទំនង​ជា​បាន​ស្វែង​រក​អ្នក​ផ្គត់ផ្គង់​ដទៃ​ទៀត សម្រាប់​គ្រឿង​បន្លាស់​សំខាន់ៗ​មួយ​ចំនួន។ ឧទាហរណ៍​ពេល​នេះ​ក្រុមហ៊ុន​បាន​ប្រើ​នូវ​​អំភ្លី​សំឡេង (Audio Amplifier) ពី​ក្រុមហ៊ុន​ NXP នៅ​នូវែលហ្សេឡង់​ជំនួស​ឲ្យ​ក្រុមហ៊ុន​ Cirrus Logic, ប្រើ​នូវ​​ឈីប​ Wi-Fi និង Bluetooth ​របស់​ខ្លួន​ឯង​​ (HiSilicon) ជំនួស​ឲ្យ​របស់ Broadcom និង​ប្រើ​ប្រាស់​​គ្រឿង​បន្លាស់​របស់​ក្រុមហ៊ុន​ជប៉ុន Maruta និង​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ MediaTek ជំនួស​ឲ្យ​គ្រឿង​បន្លាស់​ដែល​ធ្លាប់​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​អាមេរិក។

​​​​​​​​ រូបភាពបង្ហាញអំពីគ្រឿងបន្លាស់សំខាន់ៗ មុននិងក្រោយ Huawei ចូលបញ្ជីខ្មៅ

យ៉ាងណាក្ដី​ការ​ហែក​មើល​គ្រឿង​ក្នុង​ដាច់​ដោយ​ឡែក​មួយ​ទៀត​លើ​ Mate 30 Pro 5G របស់​ TechInsight បង្ហាញ​ថា​វា​មាន​ប្រើ​ឈីប​របស់​ Qualcomm និង Texas Instrument ជា​ក្រុមហ៊ុន​អាមេរិក។ ហេតុផល​អាច​ដោយ​សារ​តែ​ Huawei ចង់​ប្រើ​ប្រាស់​ឈីប​ដែល​បាន​ទិញ​ទុក​មុន​ក្នុង​ស្តុក​ឲ្យ​អស់ ទោះ​បី​ជា​មាន​ជម្រើស​ផ្សេង​ក្ដី។

ទោះ​យ៉ាងណា​ការ​វិភាគ​របស់​ UBS បាន​បង្ហាញ​ថា​ Huawei ពិត​ជា​មាន​សមត្ថភាព​ក្នុង​ការ​ផលិត​ស្មាតហ្វូន​ស៊េរី​ខ្ពស់​ ដោយ​មិន​ប្រើ​ប្រាស់​គ្រឿង​បន្លាស់​របស់​ក្រុមហ៊ុន​អាមេរិក៕

ចុចអាន ៖ ​Apple ​ចង់​ដើរ​តាម​គន្លង Samsung ចេញ​ស្មាតហ្វូន​ធុន​ខ្ពស់ ២ ដង/ឆ្នាំ

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់