• 2019-09-12 01:05:00
  • ព័ត៌មាន

iPhone 11 Pro Max ខ្វះខាត​ចំណុច​ធំៗ ៣

  • 2019-09-12 01:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​រង្គោះរង្គើ​ចិត្ត​អតិថិជន​អ្នក​គាំទ្រ​តាម​រយៈ​ការ​ចេញ​ផ្សាយ iPhone ថ្មី ៣ ម៉ូឌែល​នៅ​យប់​ថ្ងៃ​ទី ១០ ​កញ្ញា​កន្លង​ទៅ។ ក្នុង​នោះ​សេរ៊ី​ខ្ពស់​ដាច់​គេ​បង្អស់​គឺ iPhone 11 Pro Max ដែល​មាន​តម្លៃ​ចាប់​ពី ១ ០៩៩ ដុល្លារ​ដល់ ១ ៤៤៩ ដុល្លារ​ផ្អែក​តាម​ជម្រើស​អង្គផ្ទុក។

ប៉ុន្តែ​តាម​ការ​មើល​ឃើញ​ដោយ​ផ្ទាល់ នៅ​ឆ្នាំ ២០១៩ នេះ Apple ហាក់​ថ្លោះធ្លោយ​លើ​ការ​ពាំនាំ​នូវ​ចំណុច​ខ្លាំង ៣ ​ដែល​ចាញ់​ប្រៀប​ បើធៀប​នឹង​គូ​ប្រជែង​ដទៃ​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​គ្នា​នោះ។

១.មិន​ប្រើប្រាស់​អេក្រង់​ពេញ

នៅ​ឆ្នាំ ២០១៩ នេះ បណ្តា​ស្មាតហ្វូន​កំពូល​ជា​ច្រើន​បាន​អភិវឌ្ឍ​ខ្លួន​មក​បំពាក់​នូវ​អេក្រង់​ពេញ ហើយ​លែង​មាន​ស្នាម​ឆក ឬ​បន្សល់​ស្នាម​ឆក​តូច​បំផុត។ ប៉ុន្តែ Apple ​ហាក់​ពុំ​បាន​អើពើ​និង​នៅ​តែ​ដើរ​តាម​គន្លង​ចាស់​ឆ្នាំ ២០១៨ ពោល​គឺ​បង្កើត​ភាព​ទើសទាល់​ដល់​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ម្តង​ទៀត ជាមួយ​ស្នាម​ឆក​ដ៏​ធំ​នៅ​ផ្នែក​ខាង​លើ ទាំង​ដែល​តម្លៃ​ក៏​ខ្ពស់​លើស​ពី ១ ពាន់​ដុល្លារ​ទៅ​ហើយ។

២.មុខងារ​សាក​ថ្ម Reverse Wireless Charging

សាក​ថ្ម​ឥត​ខ្សែ Wireless Charge បន្ត​មាន​ប្រើប្រាស់​ដូច​ជំនាន់​ឆ្នាំ​ទៅ ប៉ុន្តែ​ការ​ផ្ទេរ​ថាមពល​ថ្ម​តាម​រយៈ​មុខងារ​សាក​ឥត​ខ្សែ ដែល​យើង​ហៅ​ថា​ Two-way ឬ Reverse Wireless Charging គឺ​មិន​មាន​ការ​គាំទ្រ​នោះ​ឡើយ​លើ iPhone 11 Pro Max។ ក្រឡេក​ទៅ​ស្មាតហ្វូន​ដទៃ​ដូច​ជា​ក្រុមហ៊ុន Samsung និង Huawei សុទ្ធ​សឹង​មាន​បញ្ចូល​មុខងារ​នោះ​រួចរាល់​អស់​ហើយ។

៣.ប្រព័ន្ធ 5G

មិន​ច្បាស់​ថា​នេះ​ជា​យុទ្ធសាស្រ្ត​ឬ​គោលការណ៍​បែប​ណា​មួយ​របស់ Apple ប៉ុន្តែ​អាច​រាប់​ចូល​ជា​ចំណុច​ថ្លោះធ្លោយ​ធំបំផុត​លើ iPhone ឆ្នាំ ២០១៩។ បច្ចុប្បន្ន​នៅ​ប្រទេស​ធំៗ​ទាំង​ក្នុង​តំបន់​អាស៊ី​និង​អឺរ៉ុប បាន​ដាក់​សាកល្បង​ប្រព័ន្ធ 5G ​ត្រៀម​អាច​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំ​ក្រោយ ​មិន​ខុស​ពី​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ចិន​និង​កូរ៉េ​ខាង​ត្បូង សុទ្ធ​សឹង​ផ្តល់​ជូន​ជម្រើស 5G រៀងៗ​ខ្លួន តែ Apple ​ស្ងាត់សូន្យ​ឆឹង​លើ​ការ​ចេញ​ផ្សាយ​ iPhone មាន​ប្រើប្រាស់​ប្រព័ន្ធ 5G៕

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

មតិយោបល់