• 2019-08-01 08:21:18
  • ព័ត៌មាន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ម៉ាឡេស៊ី ​៤​​ ចុះហត្ថលេខាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំមួយនៅខ្មែរ

  • 2019-08-01 08:21:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចំនួន​ ​៤​ ​របស់​ម៉ាឡេស៊ី​ ​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ ​IG​ ​Tech​ ​Group​ ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អាជីវកម្ម​ ​និង​អាជីវកម្ម​ ​ដែល​ឯកទេស​ខាង​ដំណោះស្រាយ​ព័ត៌មាន​វិទ្យា​។​ ​នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​។​

ពិធី​ចុះហត្ថលេខា​រវាង IG​ ​Tech​ ​Group និងតំណាងក្រុមហ៊ុន​បច្ចេកវិទ្យា​ចំនួន​ ​៤​ ​របស់​ម៉ាឡេស៊ី​

​ក្រុមហ៊ុន​ទាំងនោះ​រួមមាន​ ​AETINS​ ​ក្រុមហ៊ុន​ ​NetAssist​ ​ក្រុមហ៊ុន​ ​TESS​ ​International​ ​និង​ក្រុមហ៊ុ​ ​CALMS​ ​Technologies​ ​ដែល​ជា​បណ្តាញ​របស់​ ​Global​ ​Acceleration​ ​and​ ​Innovation​ ​Network​ ​(​GAIN​)​ ​ស្ថិតនៅ​ក្រោម​សាជីវកម្ម​សេដ្ឋកិច្ច​ឌីជីថល​ម៉ាឡេស៊ី​ ​(​MDEC​)​ ​ដែល​ប្រតិបត្តិ​ការ​យ៉ាងសកម្ម​នៅក្នុង​ទីផ្សារ​បរទេស​ជាច្រើន​។​

​ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​កាលពីថ្ងៃទី​ ​៣១​ ​ខែ​ ​កក្កដា​ ​ស្របគ្នា​នឹង​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ​២​ ​ដោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ជំរុញ​ក្នុង​ការ​ជួយ​ដល់​ការពង្រីក​ក្រុមហ៊ុន​របស់​ខ្លួន​ ​ខណៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ ​ក្នុង​ការ​កែ​លម្អ​អេកូ​ស៊ី​ស្ដែ​ម​ព័ត៌មាន​វិទ្យា​ ​និង​ទូរគមនាគមន៍​របស់​ខ្លួន​ ​ក្នុង​ការ​តាម​ឲ្យ​ទាន់​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​ដ៏​រឹងមាំ​។​

​AETINS​ ​ឯកទេស​ខាង​ដំណោះស្រាយ​បច្ចេកវិទ្យា​សម្រាប់​ការធានា​រ៉ាប់រង​ ​នឹង​បង្កើន​លើ​ភាពជា​ដៃគូ​វិនិយោគ​រួម​ដែល​មានស្រាប់​រួចហើយ​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​ ​IG​ ​Tech​ ​Group​ ​ដែល​បាន​ចាប់ផ្ដើម​កាលពី​ខែកក្កដា​ ​ឆ្នាំ​ ​២០១៨​ ​ខណៈ​ការ​សហការ​ជាមួយ​ ​NetAssist​ ​នឹង​មើលឃើញ​ក្រុមហ៊ុន​ ​IG​ ​Tech​ ​Group​ ​ដើរតួ​នាទី​ជា​ក្រុមហ៊ុន​លក់​បន្ត​សម្រាប់​សេ​វា​សន្ដិ​សុខ​អ៊ីនធឺណិត​របស់​ពួកគេ​ជាមួយនឹង​តម្លៃ​ដែល​ព្យាករ​ចំនួន​ ​៥០០​ ​០០០​ ​ដុល្លារ​ ​ក្នុង​ ​១​ ​ឆ្នាំ​។​ ​នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​។​

ពិធី​ចុះហត្ថលេខា​រវាង IG​ ​Tech​ ​Group និងតំណាងក្រុមហ៊ុន​បច្ចេកវិទ្យា​ចំនួន​ ​៤​ ​របស់​ម៉ាឡេស៊ី​

គោលបំណងនៃ​កិច្ច​ព្រមព្រៀង​នេះ​បង្ហាញថា​ ​ក្រុមហ៊ុន​ ​TESS​ ​International​ ​នឹង​ធ្វើការងារ​រួមគ្នា​ជាមួយនឹង​ក្រុមហ៊ុន​ ​IG​ ​Tech​ ​Group​ ​ដើម្បី​វាយតម្លៃ​ដំណោះស្រាយ​ទីផ្សារ​របស់​ពួកគេ​នៅ​ទូទាំង​តំបន់​មេគង្គ​ ​ដែល​ផ្ដោត​លើ​ភាពជា​ដៃគូ​នៃ​ដំណោះស្រាយ​ប្រឆាំង​នឹង​ការ​លាង​លុយ​ ​(​AML​)​ ​និង​ប្រឆាំង​នឹង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​(​ATF​)​ ​ដែល​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ផ្តល់​ជំនួស​បទ​ប្ប​ញ្ញ​តិ​ ​AML​ ​និង​ ​ATF​។​

​ដោយឡែក​សម្រាប់​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ ​CALMS​ ​Technologies​ ​វា​នឹង​ផ្ដល់​ដំណោះស្រាយ​ ​Smart​ ​ID​ ​ដែល​នឹង​បម្រើ​ដល់​ស្ថាប័ន​ជាង​ ​៦០០​ ​នៅក្នុង​ឧស្សាហកម្ម​នានា​ ​នៅក្នុង​តំបន់​អាស៊ាន​។​

លោក ​Gopi​ ​Ganesalingam

​លោក​ ​Gopi​ ​Ganesalingam​ ​អនុប្រធាន​ផ្នែក​អភិវឌ្ឍន៍​សហគ្រាស​របស់​ ​MDEC​ ​បាន​ឲ្យដឹង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ថា​ ​ដោយមាន​ភាពជា​ដៃគូ​ថ្មីនេះ​ ​MDEC​ ​មាន​ក្ដី​រំភើប​ក្នុង​ការ​មើលឃើញ​ក្រុមហ៊ុន​ជើងឯក​ខាង​បច្ចេកវិទ្យា​ជាច្រើន​របស់​ម៉ាឡេស៊ី​ ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​នាំមុខ​គេ​ផ្នែក​នវានុវត្តន៍​ ​និង​ទីផ្សារ​ពិភពលោក​ក្នុង​ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​ ​និង​គំនិត​ទៅវិញទៅមក​។​ ​

​លោក​ថ្លែង​ថា​៖​ "​​យើង​មានទំនុក​ចិត្តការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​វិស័យ​ឌីជីថល​របស់​ប្រទេស​ ​កម្ពុជា​ ​នឹង​នាំឲ្យមាន​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​នៅក្នុង​វិស័យ​ជាច្រើន​ ​ហើយ​យើង​សង្ឃឹមថា​ ​នឹង​មើលឃើញ​ការ​អភិវឌ្ឍ​កាន់តែ​ច្រើន​ ​ខណៈ​យើង​រក្សា​ការ​ឆ្ពោះទៅ​មុខ​"។​ ​ ​ការ​អភិវឌ្ឍ​ទាំងនេះ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ដោយ​ក្រសួង​ទូរគមនាគមន៍​ ​និង​ពហុ​ប្រព័ន្ធ​ព័ត៌មាន​របស់​ប្រទេស​ ​ម៉ាឡេស៊ី​ ​ដើម្បី​ជំរុញ​វិស័យ​ឌីជីថល​របស់​ប្រទេស​ ​ម៉ាឡេស៊ី​ ​និង​បង្កើន​ការ​ទទួលស្គាល់​ជា​អន្តរជាតិ​សម្រាប់​ក្រុមហ៊ុន​ដែល​មាន​ជំនាញ​របស់​ខ្លួន​៕​

អត្ថបទ៖ រក្សា

មតិយោបល់