
- 2019-06-09 05:02:12
- ព័ត៌មាន
Google ព្រមានថាបិទផ្លូវ Huawei ហានិភ័យកើតមានរឹតតែខ្ពស់ ដល់ជាតិអាមេរិក
- 2019-06-09 05:02:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google ព្រមានថាបិទផ្លូវ Huawei ហានិភ័យកើតមានរឹតតែខ្ពស់ ដល់ជាតិអាមេរិក
ចន្លោះមិនឃើញ
ផ្អែកតាមការចេញផ្សាយរបស់ Financial Times បានឲ្យដឹងថាថ្នាក់ដឹកនាំ Google បានបារម្ភថាការបិទផ្លូវ Huawei អាចធ្វើឲ្យហានិភ័យផ្នែកសន្តិសុខអាមេរិកកើនឡើងរឹតខ្ពស់។
ប្រភពព្រមានថាប្រសិនបើ Huawei មិនត្រូវបានអនុញ្ញាតទទួលបានការអាប់ដេត Andoid ទេ ក្រុមហ៊ុននេះអាចនឹងបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន មាន Software ស្រដៀងនឹង Android ដែលអាចងាយរងគ្រោះពីការ Hack រឹតតែខ្ពស់។
ដោយសារបញ្ហាសន្តិសុខជាតិ ប្រកាសដោយរដ្ឋបាល ដូណាល់ ត្រាំ កាលពីខែមុន បានធ្វើឲ្យ Google កាត់ផ្ដាច់ទំនាក់ទំនងជាមួយ Huawei មិនអាចទទួលបានការអាប់ដេត Android និងប្រើសេវាកម្ម Google បានបន្តទៀត។ Huawei បានឆ្លើយតបវិញដោយនិយាយថាខ្លួនអាចនឹងបញ្ចេញប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ដែលបានផលិតយូរឆ្នាំមកហើយ។ ត្បិតថារដ្ឋបាល ដូណាល់ ត្រាំ បានទុកពេល ៩០ ថ្ងៃដល់ក្រុមហ៊ុន Huawei ដើម្បីរៀបចំខ្លួន ប៉ុន្តែប្រភពប្រាប់ដល់ Financial Times ថា Gogle បានសុំឲ្យមានការបន្លាយពេល ឬ លើកលែង Huawei ពីការហាមឃាត់នេះតែម្ដង។
បើតាមសារព័ត៌មាន The Verge បានបកស្រាយថាហានិភ័យនៃសន្តិសុខជាតិដែល Google សំដៅដល់ អាចមានដំណើរការដូចខាងក្រោមនេះ ៖
ជំហានទីមួយ ៖ Huawei បង្កើតប្រព័ន្ធប្រតិបត្តិការមួយដែលបំបែកចេញពី Android ជាប្រភេទមួយដែលលែងមានសេវាកម្មរបស់ Google។ មុខងារសំខាន់មួយនៃសេវាកម្ម Google គឺ Google Play Protect ដែលមានតួនាទីស្វែងរកមេរោគ និង ការគំរាមកំហែងផ្នែកសន្តិសុខដោយស្វ័យប្រវត្តិលើស្មាតហ្វូន។
ជំហានទីពីរ ៖ ស្មាតហ្វូនដែលប្រើប្រព័ន្ធប្រតិបត្តិការ Huawei ត្រូវបានលក់លើពិភពលោក។ ពួកវាមានសុវត្ថិភាពមិនសូវខ្លាំង និងងាយត្រូវគេ Hack បាន។
ជំហានទីបី ៖ អ្នកប្រើនៅអាមេរិកដែលមិនដឹងរឿង បានផ្ញើព័ត៌មានសំខាន់ទៅកាន់អ្នកប្រើប្រព័ន្ធប្រតិបត្តិការ Huawei ដែលត្រូវគេ Hack ចូលបាន។ មិនថាមានការ Encrypt ព័ត៌មានខ្លាំងប៉ុណ្ណានោះទេ ប្រសិនបើមានមេរោគលើទូរសព្ទមួយហើយ វាមានឱកាសខ្ពស់ដែលមេរោគនោះ អាចឃើញទិន្នន័យសំខាន់បាន។
ជំហានទីបួន ៖ នៅទីបំផុតសន្តិសុខជាតិរបស់អាមេរិក កើតមានចន្លោះប្រហោង និងត្រូវបានវាយប្រហារ។
គួរដឹងថា Huawei បាននិយាយថានឹងបញ្ចេញប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនឲ្យបានលឿនជាទីបំផុត ប៉ុន្តែមិនច្បាស់ថាវាជាប្រព័ន្ធប្រតិបត្តិការដែលយក Android ជាមូលដ្ឋានគ្រឹះ ឬ ជាអ្វីផ្សេងពីនេះនោះទេ៕