- 2019-05-17 03:11:06
- ព័ត៌មាន
ប្រយ័ត្ន! Coin ដែលមិនមានអាជ្ញាបណ្ណ នឹងធ្វើឱ្យអ្នកទឹកភ្នែក
- 2019-05-17 03:11:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្ន! Coin ដែលមិនមានអាជ្ញាបណ្ណ នឹងធ្វើឱ្យអ្នកទឹកភ្នែក
ចន្លោះមិនឃើញ
ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ការផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជូញដូរ ទូទាត់កាសអេឡិចត្រូនិក ដោយមិនមានអាជ្ញាបណ្ណពីអាជ្ញាធរមានសមត្ថកិច្ច គឺជាសកម្មភាពខុសច្បាប់។
ក្នុងសេចក្តីថ្លែងការណ៍រួមនេះ ពន្យល់ថា ការផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជួញដូរ ទូទាត់កាសអេឡិចត្រូនិក ដូចជា KH Coin, Suncoin, K Coin, One-coin, Forex coin និងកាសអេឡិចត្រូនិកប្រហាក់ប្រហែលដែលមិនមានការគ្រប់គ្រងពីអាជ្ញាធរមានសមត្ថកិច្ច នឹងបង្កហានិភ័យធ្ងន់ធ្ងរដល់សាធារណជន និងសង្គមទាំងមូលដូចជា៖
-ចេញផ្សាយដោយពុំមានវត្ថុធានាសងត្រឡប់មកវិញនោះឡើយ
-ទទួលរងការខាតបង់លើការវិនិយោគ ដោយសារតែតម្លៃចារឹករបស់កាសអេឡិចត្រូនិកប្រែប្រួលគ្មានមូលដ្ឋានច្បាស់លាស់។
-ប្រឈមនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងធ្វើឱ្យបាត់បង់មូលនិធិ ដោយសារការលួចចូលទៅក្នុងប្រព័ន្ធ។
-ពុំមានយន្តការការពារផលប្រយោជន៍អតិថិជន អ្នកប្រើប្រាស់កាសអេឡិចត្រូនិក ជាជនអនាមិក ពុំមានការសម្គាល់អត្តសញ្ញាណ ឬសាវតារបស់អ្នកប្រើប្រាស់បានច្បាស់លាស់ គឺជាហានិភ័យក្នុងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចបានអំពាវនាវឱ្យសាធារណជនទាំងអស់ប្រុងប្រយ័ត្ន ចំពោះការឃោសនាផ្សព្វផ្សាយកៀរគរប្រមូលមូលនិធិ និងធ្វើប្រតិបត្តិការ ទិញ លក់ ជូញដូរ ទូទាត់ កាសអេឡិចត្រូនិកដែលមិនមានអាជ្ញាបណ្ណពីអាជ្ញាធរមានសមត្ថកិច្ច។
បុគ្គល ឬនីតិបុគ្គលណាដែលធ្វើការឃោសនាផ្សព្វផ្សាយ កៀរគរប្រមូលមូលនិធិ ធ្វើប្រតិបត្តិការ ទិញ លក់ ជួញដូរ ទូទាត់កាសអេឡិចត្រូនិកដោយមិនមានអាជ្ញាបណ្ណពីអាជ្ញាធរមានសមត្ថកិច្ច នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕