• 2019-05-05 07:58:11
  • ព័ត៌មាន

ចិន​ យក​ឡាន​តម្លៃ​ ១ ម៉ឺន​ដុល្លារ លក់​នៅ​អាមេរិក

  • 2019-05-05 07:58:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​រថយន្ត​ចិន​ Zotye បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ថា​រថយន្ត​ម៉ូដែល​ T600 ដែល​ជា​ប្រភេទ​រថយន្ត​ SUV ខ្នាត​តូច នឹង​ជា​រថយន្ត​​​ដំបូង​របស់​ខ្លួន​សម្រាប់​វាយ​លុក​លើ​ទីផ្សារ​សហរដ្ឋអាមេរិក។

រថយន្ត​ T600 គឺ​ជា​រថយន្ត​ SUV ស៊េរី​ចុង​ក្រោយ​បំផុត​របស់​ Zotye ដែល​បាន​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី Shanghai Motor Show ឆ្នាំ ២០១៩ នា​ខែ​មេសា​កន្លង​ទៅ។ រថយន្ត​ T600 ស៊េរី​ថ្មី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​សារព័ត៌មាន​ដោយ​សារ​មាន​រូបរាង​ទាក់​ភ្នែក និង​ទំនើប​ទៀត​ផង។

លក្ខណៈ​សម្បត្តិ​រថយន្ត​ T600 សម្រាប់​លក់​នៅ​សហរដ្ឋអាមេរិក​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នោះ​ទេ ប៉ុន្តែ​គេ​រំពឹង​ថា​វា​នឹង​ប្រើ​ម៉ាស៊ីន​ Turbocharged ៤ ស៊ីឡាំង ចំណុះ ១,៦ លីត្រ គួប​ផ្សំ​នឹង​ប្រអប់​លេខ​អូតូ ៦ វគ្គ។

​​​រថយន្ត​ Zotye T600 បាន​ចាប់​កំណើត​តាំង​ពី​ឆ្នាំ ២០១៣ ដោយ​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​ក្នុង​តម្លៃ​ចន្លោះ​ពី​ប្រមាណ ១១ ៩០០ ដុល្លារ រហូត​ដល់ ១៤ ៧០០ ដុល្លារ។ ក្រុមហ៊ុន Zotye មិន​ទាន់​បាន​បង្ហាញ​តម្លៃ​របស់​រថយន្ត​នេះ​សម្រាប់​លក់​នៅ​សហរដ្ឋអាមេរិក​នៅ​ឡើយ​ទេ ដោយ​វា​​គ្រោង​នឹង​បញ្ចេញ​លក់​នៅ​ចុង​​ឆ្នាំ ២០២០ ឬ​ត្រីមាស​ទី ១ ឆ្នាំ ២០២១។

គួរ​ដឹង​ថា​ Zotye គឺ​ជា​ក្រុមហ៊ុន​ចិន​ដំបូង​គេ ដែល​មាន​មហិច្ឆតា​ចង់​វាយ​លុក​លើ​ទីផ្សារ​សហរដ្ឋអាមេរិក។ សម្រាប់​ផែនការ​វាយ​លុយ​នេះ Zotye បាន​ចាប់​ដៃ​ជា​មួយ​ក្រុមហ៊ុន​រថយន្ត​ HAAH Automative Holdings របស់​សហរដ្ឋអាមេរិក ដើម្បី​បង្កើត​ក្រុមហ៊ុន Zotye USA ដែល​មាន​មូលដ្ឋាន​នៅ​ ទីក្រុង Lake Forest រដ្ឋ​ California៕

ប្រភព៖ vnexpress | Xehay ប្រែ​សម្រួល៖ សុខហេង

មតិយោបល់