• 2019-05-05 02:29:39
  • ព័ត៌មាន

Bugatti នៅ​តែ​មិន​ព្រម​បង្ហាញ​មុខ​ម្ចាស់​​ឡាន​ថ្លៃ​ជាង​គេ​ក្នុង​លោក​

  • 2019-05-05 02:29:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ​មាន​ការ​ចុះ​ផ្សាយ​ព្រោងព្រាត​ថា​ កីឡាករ​បាល់​ទាល់​ដ៏​ល្បី​ Critiano Ronaldo គឺ​ជា​ម្ចាស់​រថយន្ត​ Bugatti La Voiture Noire ដែល​ជា​រថយន្ត​ថ្មី​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​លោក។

ដំណឹង​នេះ​ចេញ​ផ្សាយ​ដោយ​គ្មាន​ប្រភព​ច្បាស់​លាស់​ ហើយ​វា​ចេញ​ផ្សាយ​ប៉ុន្មាន​ខែ​ក្រោយ​ពី​មាន​ជជែក​គ្នា​ថា​រថយន្ត​ដែល​មាន​តែ​មួយ​គ្រឿង​ក្នុង​លោក​នេះ ត្រូវ​បាន​ទិញ​យក​ដោយ​លោក Ferdinand Piech ដែល​ជា​អតីត​ប្រធាន​ក្រុមហ៊ុន Volkswagen Group។ ខណៈ​ដែល​គេ​មិន​ច្បាស់​ថា​មួយ​ណា​ជា​ម្ចាស់​រថយន្ត​ពិត ប៉ុន្តែ​គេ​ដឹង​ថា​មិន​មែន​ជា Ronaldo នោះ​ទេ។

​អ្នក​នាំ​ពាក្យ​របស់​ Ronaldo បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន TMZ ថា "រឿង​រ៉ាវ​នេះ​មិន​ពិត​ទេ។ គាត់​មិន​បាន​ទិញ​វា​ទេ”។

ចំណែក​ប្រធាន​ផ្នែក PR របស់​ Bugatti បាន​លើក​ឡើង​ថា ទោះ​បី​ជា​មាន​ការ​ទាក់ទង​ពី​ខាង​សារព័ត៌មាន​ជា​ច្រើន​លើក​អំពី​អត្តសញ្ញាណ​របស់​ម្ចាស់​រថយន្ត​ Bugatti La Voiture Noire ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មិន​អាច​បង្ហាញ​​បាន​នោះ​ទេ។

កន្លង​មក​មាន​ការ​លើក​ឡើង​ថា​ Bugatti បាន​បើក​ការ​ដេញ​ថ្លៃ​សម្ងាត់​មួយ​​សម្រាប់​រថយន្ត​ La Voiture Noire ដោយ​មាន​តែ​អតិថិជន​​លំដាប់​ខ្ពស់​ប៉ុណ្ណោះ​ដែល​អនុញ្ញាត​ឲ្យ​ចូល​រួម​ការ​ដេញ​ថ្លៃ។ អ្នក​ដែល​ដេញ​ថ្លៃ​បាន​សម្រេច​គឺ​លោក​ Ferdinand Piech ដែល​បាន​ចំណាយ​ទឹក​ប្រាក់ ១៦,៧ លាន​ផោន (ប្រមាណ ១៨,៦៦ លាន​ដុល្លារ) ដើម្បី​ទិញ​រថយន្ត​នេះ។

លោក Ferdinand Piech

គួរ​ដឹង​រថយន្ត​ La Voiture Noire បាន​បំពាក់​ម៉ាស៊ីន​ប្រចាំ​ត្រកូល ចំណុះ ៨,០ លីត្រ Quad-turbo ទំហំ ១៦ ស៊ីឡាំង ដែល​បង្កើត​កម្លាំង​បាន ១៤៧៩ សេះ អនុញ្ញាត​ឲ្យ​វា​រត់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ២,៥ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា​រហូត​ដល់​ទៅ ៤២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់