• 2019-04-30 00:50:00
  • ព័ត៌មាន

​ថៃ ​កំពុង​តេស្ត​សេវា 5G ​ញាប់​ដៃ​ញាប់​ជើង​មិន​ឲ្យ​ចាញ់​វៀតណាម

  • 2019-04-30 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋាភិបាល​ថៃ ​បាន​នឹង​កំពុង​សាកល្បង​គម្រោង​ដាក់​ដំណើរការ​បណ្ដាញ​អ៊ីនធឺណិត​ជំនាន់​ទី​៥ (5G) ​ឲ្យ​ចេញ​ជា​រូប​រាង​ហើយ ​ក្រោយ​ពេល​ឧប​នាយករដ្ឋមន្ត្រី​ថៃ​លោក Somkid Jatusripitak បាន​លើក​គម្រោង​នេះ​ឡើង ពេល​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​ទូរសព្ទ​ចិន​មួយ កាល​ពី​ថ្ងៃ​ទី​៦ មិថុនា ២០១៨។

សកម្មភាពកំពុងតម្លើងប្រព័ន្ធ 5G នៅតំបន់មួយនៅថៃ(រូបភាព៖ asia.niki)

​លោក Somkid ​បាន​ឲ្យ​ដឹង​ថា "​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រព័ន្ធ​អ៊ីនធើណិត 5G ​ឬ Digital sector គឺ​ជា​រឿង​ចាំ​បាច់​បំផុត​មួយ​​ក្នុង​ចំណោម​រឿង​សំខាន់​ផ្សេង​ៗ​ទៀត​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាន​មុន​គេ ​កុំ​ឲ្យ​មាន​ការ​យឺត​យ៉ាវ​ជាង​ប្រទេស​វៀតណាម។”

លោក​បន្ត​ទៀត​ថា ​ប្រសិន​បើ​ចង់​ឲ្យ​សេដ្ឋ​កិច្ច​ជាតិ​រីក​ចម្រើន​ខ្លាំង​ ប្រទេស​ថៃ ត្រូវ​តែ​មាន​បណ្ដាញ​អ៊ីនធឺណិត​ជំនាន់​ទី​៥ (5G) ចាប់​ពី​ឆ្នាំ​២០២០​ខាង​មុខ​ត​ទៅ។ ​

​ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​ទទួល​អាជ្ញាប័ណ្ណ ​សម្រាប់​គម្រោង​នេះ​មាន​ដូចជា ក្រុមហ៊ុន Huawei Technologies, Nokia និង Ericsson។ ​ក្រុមហ៊ុន​ Huawei ​ដែល​មាន​កញ្ចប់​គ្រោង​ចំណាយ ៥ ​លាន​ដុល្លារ​អាមេរិក​ នឹង​ធ្វើការ​សាកល្បង​ប្រព័ន្ធ 5G ឲ្យ​បាន​មុន​គេ​ក្នុង​ប្រទេស​ថៃ។ ​ចំណែក​ក្រុមហ៊ុន​ទូរគមនាគមន៍​ជប៉ុន​ NTT Docomo ប្រចាំប្រទេសថៃ ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​គម្រោង​ទាក់ទង​នឹង​សេវា​ 5G នេះ​ដែរ។

Somkid Jatusripitak ឧប​នាយករដ្ឋមន្ត្រី​ថៃ (រូបភាព៖ bkkpost)

គណៈកម្មាធិការ​ផ្សព្វផ្សាយ និង​ទូរគមនាគមន៍​ជាតិ​ថៃ (NBTC) នឹង​ត្រូវ​ទទួល​រ៉ាប់រង​ចំពោះ​គម្រោង 5G ហើយ​ NBTC ក៏​នឹង​ត្រូវ​ពិភាក្សា​ការ​អភិវឌ្ឍ​នេះ​ជាមួយ​នឹង​វិស័យ​ឯកជន​ជា​មុន​សិន​ផង​ដែរ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែម​ថា ក្រោយ​ពេល​ដំណើរការ 5G រួច​សេដ្ឋកិច្ច​របស់​ថៃ​អាច​នឹង​ហក់​ឡើង​ជាង​មុន​បាន​ចំនួន​ ៥% ជា​ពិសេស​នៅ​ក្នុង​ទម្រង់​ការ​បើក​អាជីវកម្ម​ថ្មី ឬ​ក៏​សហគ្រាស​ខ្នាត​តូច និង​ខ្នាត​មធ្យម។

បច្ចុប្បន្ន ពលរដ្ឋ​ថៃ​មាន​ទូរសព្ទ​ប្រើប្រាស់​សរុប​ចំនួន ១២១​លាន​គ្រឿង ហើយ​នៅ​ក្នុង​នោះ​មាន​តែ ៤០​លាន​គ្រឿង​ប៉ុណ្ណោះ​ដែល​ប្រើប្រាស់​អ៊ីនធឺណិត៕

អត្ថបទទាក់ទង៖

ប្រភព៖ Bangkokpost | Asia.Nikkei ប្រែ​សម្រួល៖ រក្សា

មតិយោបល់