• 2019-04-04 02:40:00
  • ហាងឆេងផលិតផល

ទម្លាយ​តម្លៃ​ប្ដូរ​ពណ៌ ​រថយន្តមួយទឹកមុនដាក់លក់ ត្រូវ​ចំណាយ​អស់​ប៉ុន្មាន?

  • 2019-04-04 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ឡាន​មួយ​ទឹក​កាន់​តែ​មាន​ការ​កើន​ឡើង ស្រប​ពេល​លំហូរ​ចូល​ក៏​កាន់​តែ​មាន​ការ​កើន​ឡើង អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ក្រៅ​ពី​មើល​ទៅ​លើ​គុណ​ភាព​ឡាន​ហើយ ពណ៌​ឡាន​ក៏​ជា​ចំណុច​ពេញ​និយម​ជិះ​ដូច​ជា​ពណ៌​មាន​ហុងស៊ុយ ងាយ​ស្រួល​លក់​ចេញ គួប​ផ្សំ​ជាមួយ​ភាព​ស្រស់​ស្អាត។

ដោយ​សារ​អ្នក​ទិញ​ជា​ច្រើន​តែង​មក​រក​តែ​ពណ៌​ពេញ​និយម​ជិះ ដូច​នេះ​ធ្វើ​ឲ្យ​អ្នក​លក់​តែង​យម​ឡាន​មាន​ពណ៌​ផ្សេង មក​ប្ដូរ​ដាក់​ពណ៌​ពេញ​និយម​វិញ​ដូច​ជា ពណ៌​ស ទឹក​ប្រាក់ ទឹក​មាស ជា​ដើម ព្រោះ​ថា​ពេល​នាំ​ចូល​មក​ដំបូង​ក្រដាស​ពន្ធ​ពុំ​មាន​បញ្ជាក់​ពី​ពណ៌​ឡាន​ឡើយ។

បើ​តាម​អ្នក​ជំនាញខាងទិញ-លក់រថយន្តមួយ​រូប សុំមិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ Sabay ថា​​អ្នក​រក​ស៊ី​គួកជេរ​មួយ​ចំនួន​តែង​យក​ឡាន​ទាំង​នេះ​មក​ធ្វើ​ឲ្យ​ស្អាត ផ្លាស់​ប្ដូរ​ចំណុច​ខូច​ខាត​តិច​តួច​ទោះ​បី​ជា​ឡាន​នេះ​មាន​ច្រេះ​ក៏​ដោយ​ព្រោះ​ចង់​តម្រូវ​ចិត្ត​អ្នក​ទិញ ពិសេស​អាច​យក​ទៅ​ប្ដូរ​ពណ៌​ថ្មី​តាម​ភាព​ពេញ​និយម​របស់​អ្នក​ប្រើ​ប្រាស់។

ទង្វើនេះ អាច​ធ្វើ​ឲ្យ​ពួក​គេ​ចំណេញ​ច្រើន ចំពោះ​តម្លៃ​ពី​ពណ៌​ស ទៅ​ពណ៌​ទឹក​មាស ខុស​គ្នា​ប្រមាណ​ជា ១ ៥០០ ទៅ ២ ០០០ ដុល្លារ និង​ពី​ពណ៌​ទឹក​មាស ទៅ ពណ៌​ទឹក​ប្រាក់​ខុស​គ្នា​ប្រមាណ​ជា ១ ០០០ ទៅ ១ ៥០០ ដុល្លារ សម្រាប់​ស៊េរី​ឆ្នាំ គុណភាព និង Option តែ​មួយ ។

លោក​បន្ត​ថា​ឡាន​ប្រភេទ​នេះ​អ្នក​ទិញ​ប្រើ​ប្រាស់​មិន​បាន​យូរ​ប៉ុន្មាន​ឡើយ និង​មាន​ពណ៌​ស្លេក ស្លក់ របក​ទឹក​ថ្នាំ មិន​ដូច​ទឹក​ថ្នាំ​ហ្ស៊ីន​ទេ។

ចំពោះ​ការ​ប្ដូរ​វិញ លោក គង់​ឡាយ ម្ចាស់​យានដ្ឋាន គង់ ឡាយ បាន​ប្រាប់​ថា​ប្ដូរ​ពី​ពណ៌​ផ្សេងៗ ទៅ​ពណ៌​ពេញ​និយម​ដូច​ជា​ពណ៌​ស ពណ៌​ទឹក​មាស និង​ពណ៌​ទឹក​ប្រាក់ មួយជុំរថយន្ត មាន​តម្លៃ​ចន្លោះ ៦០០ ទៅ ៧០០ ដុល្លារ​។ ចំពោះឡាន Lexus និង Highlander ប្តូរទៅពណ៌​កាំមៃ តម្លៃ ៥០០ ទៅ ៦០០ ដុល្លារ​ រីឯ​ឡាន Prius, Camry បាឡែន ឬ ឆ្លាម សម្រាប់​ម៉ូដែល​សេ៊រី​ខ្ពស់​ជាង​នេះ មួយជុំអាចខ្ទង់ ៦០០ ដុល្លារ។

ចំពោះ​តម្លៃ​នេះ​វិញ​លោក​បាន​បញ្ជាក់​ថា​អាច​អាស្រ័យ​ទៅ​លើ​គុណភាព​ឡាន​ផង​ដែរ ប្រសិន​បើ​មាន​ច្រេះ ឬ​ខូច​ខាត​ច្រើន​តម្លៃ​ក៏​អាច​លើស​និង​ដែរ ដូចនេះ គួរតែពិភាក្សានិងរកអ្នកជំនាញឲ្យគេជួយមើលឲ្យ ជៀសវាងទិញឡានមួយទឹក ប៉ះចំឡានដែលគេធ្វើ​ស៊ីពណ៌ គឺដឹងតែស៊យហើយ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់