- 2019-03-22 03:25:00
- ព័ត៌មាន
ឈប់ស្ទាក់ស្ទើរទៀតទៅ នេះប្រៀបធៀបឲ្យដាច់ស្រឡះរវាង AirPods 2 និង AirPods 1
- 2019-03-22 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់ស្ទាក់ស្ទើរទៀតទៅ នេះប្រៀបធៀបឲ្យដាច់ស្រឡះរវាង AirPods 2 និង AirPods 1
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple បានចេញផ្សាយនូវកាសឥតខ្សែ AirPods ជំនាន់ទី ២ កាលពីពេលថ្មីៗនេះ ដោយមានការបន្ថែមនូវមុខងារថ្មីមួយចំនួន ខណៈតម្លៃខ្លួននៅរក្សាដដែល ប៉ុន្តែខ្ពស់ជាងមុនសម្រាប់ឈុតថែមឧបករណ៍សាកថ្ម Qi case។
ប្រិយមិត្តខ្លះក៏នៅមានភាពស្ទាក់ស្ទើរដោយខ្លះមិនទាន់ប្រាកដថាជំនាន់ទាំង ២ មានភាពខុសប្លែកគ្នាដូចម្តេចខ្លះ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត តើគួរចំណាយលុយទិញកាស AirPods 2 ឬថយមួយជំហានប្រើត្រឹម AirPods ធម្មតា? Sabay លើកការប្រៀបធៀប ៥ ចំណុចធំៗរវាងម៉ូឌែលទាំងពីរ៖
១.តម្លៃ ៖
លើគេហទំព័រផ្លូវការរបស់ Apple បច្ចុប្បន្ននេះមានលក់តែជំនាន់ AirPods 2 មួយគត់ ក្នុងតម្លៃ ១៥៩ ដុល្លារ ឬ ១៩៩ ដុល្លារសម្រាប់ការមកជាមួយនូវឧបករណ៍សាកថ្មឥតខ្សែ។ លោកអ្នកក៏អាចជាវ Qi case ដោយផ្ទាល់បានក្នុងតម្លៃ ៧៩ ដុល្លារ។ ត្បិតអី Apple បញ្ឈប់ការលក់ AirPods ជំនាន់ដំបូង អតិថិជនក៏នៅតែអាចរកជាវបានតាមរយៈគេហទំព័រ Online ឬហាងចែកចាយដែលនៅសេសសល់ជាមួយតម្លៃអាចទាបជាងនេះបន្តិច។
២.ការរចនា ៖
គ្មានភាពខុសប្លែកគ្នានោះទេ បើមើលនឹងភ្នែកម៉ូឌែលទាំងពីរអាចថាជាកាសតែមួយ ដោយជំនាន់ពណ៌សដូចគ្នា វិមាត្រខ្លួននិងទម្ងន់ដូចគ្នា ប៉ុន្តែអ្វីដែលខុសគឺត្រង់ប្រអប់សាកថ្មឥតខ្សែមានភ្លើង LED បំពាក់នៅខាងមុខ ខុសពីប្រអប់សាកប្រើខ្សែ Lightning ធម្មតា។
៣.អង្គគណនា ៖
AirPods 2 មកជាមួយនូវបន្ទះឈីប H1 ខណៈ AirPods ធម្មតាប្រើបន្ទះឈីប W1។ ចំណុចខុសគ្នាត្រង់ថាឈីបថ្មីមានល្បឿនភ្ជាប់លឿនជាងមុន ១,៥ ដង និងផ្តល់ជូនស្ថិរភាពប្រព័ន្ធ Wireless ប្រសើរជាងមុន បន្សំនឹងការសន្សំថាមពលថ្មបានយូរជាងមុន ៣០ ភាគរយ។
៤.ការប្រើប្រាស់ Siri ៖
នេះជាចំណុចរសើបដែលអាចថាជាការវិវត្តធំបង្អស់ ដោយកន្លងទៅអ្នកចាំបាច់ត្រូវគោះលើកាសពីរដងដើម្បីដំណើរការ Siri តែជំនាន់ក្រោយគាំទ្រមុខងារ Hey-Siri ដោយអ្នកគ្រាន់តែប្រើសំឡេងស្រែកបញ្ជាយកតែម្តង។
៥.ថាមពលថ្ម ៖
យោងតាមការបញ្ជាក់ពី Apple ប្រាប់ឲ្យដឹងថា AirPods ជំនាន់ក្រោយនេះអាចបង្កើនថេរវេលាជជែក Talk Time បានយូរជាងមុនដល់ទៅ ៥០ ភាគរយ ក្រោយការបំពាក់ឈីបថ្មី H1 ពោលគឺអាចប្រើដល់ ៣ ម៉ោងរាល់ការសាកមួយពេញម្តង ធៀបនឹងជំនាន់មុន ២ ម៉ោង៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: